សេដ្ឋកិច្ចសកល

ធនាគារពិភពលោកព្យាករទម្លាក់កំណើនសេដ្ឋកិច្ចសកលមកត្រឹម២,៩% និងព្រមានពីអតិផរណាខ្ពស់ខ្លាំង


ធនាគារពិភពលោកកាលពីថ្ងៃទី៧មិថុនានេះ បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលរបស់ខ្លួន ដល់ទៅជិតមួយភាគបីនៃតួលេខដែលបានព្យាករពីមុន ពោលគឺមកនៅត្រឹមអត្រាកំណើន ២,៩% ប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២២។
ធនាគារពិភពលោកព្យាករទម្លាក់កំណើនសេដ្ឋកិច្ចសកលទៀតហើយ!
ដោយ

ទន្ទឹមនឹងការព្យាករទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកក៏ព្រមានដែរថា សង្គ្រាមដែលកំពុងអូសបន្លាយនៅក្នុងប្រទេសអ៊ុយក្រែនបានក្លាយជាបន្ទុកមួយជាន់ទៀត ពីលើផលប៉ះពាល់សេដ្ឋកិច្ច ដែលបង្កឡើងដោយរោគរាតត្បាតកូវីដ១៩ ខណៈដែរប្រទេសជាច្រើនបច្ចុប្បន្ននេះ កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

ធនាគារពិភពលោក បានបង្ហាញពីការព្យាករថ្មីចុងក្រោយមួយរបស់ខ្លួនថា កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងទុកថា នឹងស្រុតចុះពី៥,៧% នៅឆ្នាំ២០២១ មកនៅត្រឹម២,៩% នៅឆ្នាំ២០២២ ដែលវាមានទាបជាងច្រើនបើប្រៀបធៀបនឹងអត្រាកំណើន៤,១% ដែលត្រូវបានព្យាករទុកកាលពីដើមខែមករាឆ្នាំនេះ។ ធនាគារពិភពលោក គូសបញ្ជាក់ទៀតថា កម្រិតកំណើន២,៩%នេះ នឹងនៅទ្រឹងរហូតដល់ឆ្នាំ២០២៣ និងឆ្នាំ២០២៤បន្ដទៀត ដោយសារតែបញ្ហាជាច្រើន ពិសេសវិបត្តិដែលបង្កឡើងពីសង្គ្រាមនៅអ៊ុយក្រែនតែម្ដង។

ធនាគារពិភពលោក ក្រៅពីវិបត្តិកូវីដ១៩ដែលកំពុងបន្ដ សេដ្ឋកិច្ចពិភពលោ ក៏កំពុងប្រឈមខ្លាំងទៅនឹងបញ្ហាសង្គ្រាមអូសបន្លាយនៅអ៊ុយក្រែនដែរ ព្រោះវិបត្តិនេះ នឹងធ្វើឲ្យកម្លាំងនៃការងើបឡើងនៃសេដ្ឋកិច្ចសកលនឹងកាន់តែខ្សោយទៅៗ ហើយអត្រាអតិផរណានឹងបន្តកើនឡើងឥតឈប់ឈរ។ នេះបើតាមធនាគារពិភពលោកបាននិយាយនៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលរបស់ខ្លួន ដោយបានព្រមានថាទស្សនវិស័យសេដ្ឋកិច្ចអាចនឹងកាន់តែអាក្រក់ជាងអ្វីដែលគេបានព្យាករពេលនេះទៅទៀត។

នៅក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានធនាគារពិភពលោក លោក David Malpass បាននិយាយថា កំណើនសេដ្ឋកិច្ចពិភពលោកអាចធ្លាក់ចុះជាងអ្វីដែលគេបានព្យាករពេលនេះទៅទៀត ពោលលោក David អះអាងថា វាអាចនឹងធ្លាក់ចុះមកនៅត្រឹម ២,១% ក្នុងឆ្នាំ២០២២នេះ និងអាចបន្ដថយចុះមកនៅកំណើន ១,៥% ក្នុងឆ្នាំ២០២៣។

ប្រធានធនាគារពិភពលោករូបនេះបានកត់សម្គាល់ពីកត្តាចំបងមួយចំនួនដែលរុញច្រានឲ្យសេដ្ឋកិច្ចសកលមានកំណើនយឺតដូចនេះ។ ក្នុងនោះទីមួយគឺ វិបត្តិដែលកើតចេញពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន, កត្តាកូវីដ១៩ដែលមិនទាន់ផុតរលត់ពីផែនដី, ការបិទខ្ទប់ទីក្រុងសំខាន់ៗរបស់ប្រទេសចិន ហើយដែលចិនក៏ជាក្បាលម៉ាស៊ីនមួយរបស់ ពិភពលោកដែរ , ការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងការកើនឡើងហានិភ័យនៃការជាប់គាំងសេដ្ឋកិច្ច។ ភាពជាប់គាំងសេដ្ឋកិច្ច គឺនៅពេលដែលសេដ្ឋកិច្ចមានកំណើនយឺត ប៉ុន្តែអតិផរណានៅតែបន្តកើនឡើង។ ភាពជាប់គាំងសេដ្ឋកិច្ចបែបនេះ ធ្លាប់បានកើតឡើងលើកចុងក្រោយបង្អស់អំឡុងទសវត្សឆ្នាំ១៩៧០។

ផលប៉ះពាល់ទាំងអស់នេះអាចនឹងជះឥទ្ធិពលទៅក្នុងរយៈពេលវែង ហេតុនេះហើយ ធនាគារពិភពលោក បានប៉ាន់ប្រមាណទៀតថា នៅចន្លោះពីឆ្នាំ ២០២១ ដល់ឆ្នាំ២០២៤ សេដ្ឋកិច្ចសកលគិតជាមធ្យមនឹងធ្លាក់ចុះអស់ ២,៧%។ ច្រើនជាងពីរដង នៃការថយចុះខ្លាំងបំផុតរបស់ពិភពលោក ដែលគេធ្លាប់បានឃើញកាលពីចន្លោះឆ្នាំ ១៩៧៦ និង ១៩៧៩។

គួរជម្រាបថា ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ ប្រធានធនាគារពិភពបានផ្តល់អនុសាសន៍ថា អ្នកបង្កើតគោលនយោយបាយ គួរតែជំរុញការផលិតស្បៀងអាហារ និងថាមពល និងជៀសវាងការរឹតបន្តឹងលើការនាំចេញ ដូចប្រទេសមួយចំនួនបច្ចុប្បន្នកំពុងរិតបន្តឹងការនាំចេញម្ហូបអាហារ ដែលអាចនាំឱ្យមានការកើនឡើងបន្ថែមទៀតនៃតម្លៃប្រេង និងស្បៀងអាហារ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន «អិមអ ត្រេនីង &យ៉ប សេនធ័រ» ប្តេជ្ញាជួយយុវជនអភិវឌ្ឍជំនាញឲ្យត្រូវទីផ្សារការងារ និងទទួលបានប្រាក់ចំណូលខ្ពស់

ក្រុមហ៊ុន អិមអ ត្រេនីង និងយ៉ប សេនធ័រ (MR Training & Jobs Center) ដែលជាក្រុមហ៊ុនអភិវឌ្ឍជំនាញនិងស្វែងរកការងារជូនយុវជន បានប្រកាសសម្ពោធ…

ប៉ាគីស្ថានបន្ថយម៉ោងធ្វើការពី៦ថ្ងៃមក៥ថ្ងៃក្នុង១សប្ដាហ៍ ចំពេលប្រទេសប្រឈមមុខនឹងវិបត្តិថាមពលធ្ងន់ធ្ងរ

រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប្រទេសប៉ាគីស្ថានមានបាននិយាយថា ប្រទេសខ្លួននឹងកាត់បន្ថយថ្ងៃធ្វើការពីប្រាំមួយថ្ងៃ មកត្រឹមប្រាំថ្ងៃក្នុងមួយសប្តាហ៍វិញ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ