លោក ដេវីដ ម៉ាល់ផាស ប្រធានធនាគារពិភពលោក បានប្រាប់ឲ្យប្រទេសចិនចូលរួមឲ្យបានពេញលេញក្នុងការជួយបន្ធូរបន្ថយបន្ទុកបំណុលប្រទេសក្រីក្រនេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមអនឡាញមួយកាលពីថ្ងៃទី ១១ ខែមករាឆ្នាំ២០២២។
បើតាមប្រធានធនាគារពិភពលោក អះអាងថាមានប្រហែល ៦០% ទៅហើយនៃប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ដែលកំពុងស្ថិតនៅក្នុងហានិភ័យបំណុលកម្រិតខ្ពស់ ខណៈដែលប្រទេសមានទីផ្សារកំពុងរីកចម្រើនវិញក៏កំពុងស្ថិតនៅក្នុងបញ្ហាជំពាក់បំណុលនេះដូចគ្នាដែរ។
ប្រធានធនាគារពិភពលោកបានអះអាងទៀតថា នៅពេញ១ឆ្នាំ២០២២នេះ ប្រទេសនានាដែលជំពាក់បំណុលដូចដែលបានរៀបរាប់ខាងលើនេះ គឺនឹងត្រូវបង់សងសេវាបំណុលប្រមាណ ៣៥ពាន់លានដុល្លារ ទៅកាន់ប្រទេសម្ចាស់ក្នុងក្របខណ្ឌទ្វេភាគី និងម្ចាស់បំណុលជាវិស័យឯកជនជាដើម ហើយក្នុងនោះ គឺមានប្រហែល៤០% ជាបំណុលដែលជំពាក់ប្រទេសចិន។
វាពិតជាមានសារៈសំខាន់ណាស់ ដែលប្រទេសចិនត្រូវតែចូលរួមឲ្យបានពេញលេញក្នុងកិច្ចខិតខំប្រឹងប្រែងជួយបន្ធូរបន្ថយបំណុលអន្តរជាតិ ហើយម្ចាស់បំណុលដែលជា វិស័យឯកជន ឬម្ចាស់បំណុលបែបពាណិជ្ជកម្មក៏ត្រូវតែចូលរួមជួយសម្រាលបន្ទុកបំណុលនេះដូចគ្នាដែរ។ នេះបើតាមការបញ្ជាក់របស់ប្រធានធនាគារពិភពលោក លោក ដេវីដ ម៉ាល់ផាស។
ធនាគារពិភពលោក ក៏បានអំពាវនាវឲ្យមានការពន្លឿនការបន្ដអនុវត្តនូវ ក្របខណ្ឌរួម សម្រាប់ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ដែលត្រូវបានយល់ព្រមរួចហើយ ដោយក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង២០ ឬហៅថា G20 រួមទាំងប្រទេសចិនផងដែរ កាលពីខែវិច្ឆិកាឆ្នាំ២០២០កន្លងទៅ។
តាមរយៈក្របខណ្ឌរួម សម្រាប់ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញនោះ នឹងមានការផ្ដល់ជូននូវការបន្ធូរបន្ថយបំណុល ឬអាចមានដល់ការលុបចោលបំណុលផងដែរ សម្រាប់ប្រទេសដែលបានស្នើសុំ។ ក្របខណ្ឌរួមនេះ ត្រូវបានក្រុមប្រទេស G20 បង្កើតឡើងនៅពេលមានការចាប់ផ្ដើមផ្ទុះរាលដាលកូវីដ១៩ ដើម្បីជួយឲ្យប្រទេសក្រីក្រអាចមានលទ្ធភាពផ្អាកការទូទាត់សេវាបំណុលនៅចុងឆ្នាំ២០២០ ហើយវាក៏ត្រូវបានបន្ដ រហូតដល់ចុងឆ្នាំ២០២១ផងដែរ។
សូមបញ្ជាក់ថា ថ្មីៗនេះ ប្រធានាធិបតីប្រទេសស្រីលង្កាក៏ទើបតែបានស្នើដល់ប្រទេសចិន ឲ្យជួយសម្រួលដល់លក្ខខណ្ឌសងបំណុលផងដែរ ដ្បិតប្រទេសនេះកំពុងជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ។ ទោះយ៉ាងណាក៏ដោយ ភាគីចិន នៅមិនទាន់មានការសម្រេចបែបណាចំពោះការស្នើសុំរបស់ប្រទេសស្រីលង្ការនេះទេ៕