តម្លៃមាសបានហក់ឡើងខ្ពស់ជាង ១ ៧០០ ដុល្លារក្នុងមួយអោន (ជាង៨ជីមាស) សម្រាប់មួយរយៈពេលនៃដើមខែកញ្ញានេះ ប៉ុន្តែថ្មីៗនេះវាស្រាប់តែបានធ្លាក់ចុះរហូតដល់ ១ ៦៦០ ក្នុងមួយអោនកាលពីថ្ងៃទី១៥ខែកញ្ញា និងបានជួញដូរក្នុងតម្លៃប្រហែល ១ ៦៥៤ ដុល្លារក្នុងមួយអោន កាលពីចុងថ្ងៃទី ១៦ខែកញ្ញា។ នេះបើយោងតាមក្រុមហ៊ុន Hua Seng Heng Futures។
តម្លៃមាសថយចុះនេះ គឺនៅចំពេលដែលតម្លៃប្រាក់ដុល្លារអាមេរិកបាននិងកំពុងបន្តកើនឡើងខ្ពស់ផងដែរ។
ក្រុមអ្នកវិភាគនិយាយថា តម្លៃមាសទំនងជានឹងបន្តធ្លាក់ចុះថែមទៀត ហើយពួកគេបានចង្អុលបង្ហាញថា តម្លៃមាសនឹងធ្លាក់ចុះទាបបំផុតចន្លោះពី ១ ៦៥០ ដុល្លារ និង១ ៦៤០ ដុល្លារក្នុងមួយអោននៅជំហានបន្ទាប់ ជាមួយកម្រិតដែលអាចងើបឡើងវិញបាននៅចន្លោះពី ១ ៦៨០ ដុល្លារទៅ ១ ៦៩០ដុល្លារ។
ក្រុមវិនិយោគិនបានព្យាករថា ធនាគារកណ្តាលនឹងបន្តដំឡើងអត្រាការប្រាក់ដើម្បីទប់ទល់នឹងអតិផរណាដោយចាប់ផ្តើមដំឡើងពី ០,៧៥% ទៅដល់ ៣,២៥%នៅឯកិច្ចប្រជុំនៅក្នុងខែកញ្ញានេះ ដែលជាការដំឡើងអត្រាការប្រាក់ ០.៧៥% ជាលើកទី៣ជាប់ៗគ្នាតែម្ដង។
ធនាគារកណ្តាលផ្សេងៗទៀតក៏បានដំឡើងអត្រាការប្រាក់របស់ពួកគេផងដែរខណៈដែលអតិផរណាបានកើនឡើងយ៉ាងខ្លាំង ហើយមូលនិធិ IMF និងធនាគារពិភពលោកបានព្រមានថាសេដ្ឋកិច្ចពិភពលោកកំពុងតែរំកិលទៅជិតដល់ចំណុចនៃការធ្លាក់ចុះសេដ្ឋកិច្ចហើយ។
ជាពិសេសធនាគារពិភពលោកបានកាត់បន្ថយទស្សនវិស័យកំណើន GDP សកលរបស់ខ្លួនសម្រាប់ឆ្នាំក្រោយនេះមកនៅត្រឹម ០,៥% ដោយព្រមានថា ការដំឡើងអត្រាការប្រាក់សកលដ៏ធំបំផុតក្នុងរយៈពេល ៥០ ឆ្នាំមកនេះ អាចជំរុញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច។
មជ្ឈមណ្ឌលស្រាវជ្រាវការជួញដូរមាសបានស្ទង់មតិអ្នកជំនាញទីផ្សារមាសចំនួន ១៤ នាក់ជុំវិញទស្សនៈរបស់ពួកគេលើនិន្នាការតម្លៃមាសក្នុងស្រុកប្រចាំសប្តាហ៍ និងកត្តាសំខាន់ៗដែលត្រូវត្រួតពិនិត្យ ហើយយោងតាមការស្ទង់មតិនេះបានឱ្យដឹងថា កត្តាសំខាន់ដែលត្រូវមើលនោះគឺគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្ដាលរបស់អាមេរិក (Fed)។
ប្រធានធនាគារ Fed លោក Jerome Powell បាននិយាយដោយទទូចថា ធនាគារនេះនឹងបន្តទប់ស្កាត់អតិផរណាយ៉ាងខ្លាំងក្លា និងបានផ្តល់សញ្ញាថា ការកាត់បន្ថយអត្រាការប្រាក់នឹងមិនកើតឡើងនៅក្នុងពេលវេលាឆាប់ៗនេះទេ៕
អត្ថបទ៖ សុខ ជា