
១. Oxford Astra Zeneca ជាវ៉ាក់សាំងសហការផលិតឡើងដោយសកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស មានប្រសិទ្ធភាព ពី៦០% ទៅ ៩០% ហើយបានឆ្លងផុតការសាកល្បងទាំង៣ដំណាក់កាលរួចហើយ។ បណ្តាប្រទេសធំៗដែលបានបញ្ជាទិញវ៉ាក់សាំងនេះ រួមមានសហភាពអឺរ៉ុបបានបញ្ជាទិញចំនួន ៤០០លានដូស សហរដ្ឋអាមេរិក ៣០០លានដូស ចក្រភពអង់គ្លេស ១០០លានដូស និងប្រទេសថៃ ២៦លានដូស។ វ៉ាក់សាំង Oxford Astra Zeneca មានតម្លៃ ៤ដុល្លារក្នុងមួយដូស ដែលតម្រូវឲ្យចាក់ពីរដងទៅលើមនុស្សម្នាក់ទើបមានប្រសិទ្ធភាព។

២. Pfizer-BioNTech សហការផលិតឡើងដោយក្រុមហ៊ុនអាមេរិក Pfizer និង ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech។ វាមានប្រសិទ្ធភាពដល់ទៅ ៩៥% និងបានឆ្លងផុតដំណាក់កាលសាកល្បងទាំង៣លើកបានដោយជោគជ័យ។ បណ្តាប្រទេសនៅក្នុងសហភាពអឺរ៉ុបបានបញ្ជាទិញវ៉ាក់សាំងនេះ ចំនួន ២០០លានដូស ខណៈសហរដ្ឋអាមេរិកក៏បានបញ្ជាទិញ១០០លានដូសរួចហើយដែរ។ វ៉ាក់សាំងកូវីដ១៩ Pfizer-BioNTech មានតម្លៃ២០ដុល្លារក្នុងមួយដូស ដែលតម្រូវឲ្យចាក់ពីរដងទៅលើមនុស្សម្នាក់ដូចគ្នា។

៣. វ៉ាក់សាំង CoronaVac ឬអាចហៅម៉្យាងទៀតថា Sinovac ផលិតឡើងដោយក្រុមហ៊ុនរដ្ឋចិនឈ្មោះ Sinovac តែម្តង។ វ៉ាក់សាំងរបស់ប្រទេសចិនប្រភេទនេះ អាចមានប្រសិទ្ធភាពចន្លោះពី ៥០% - ៧០% ហើយកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងលើកទី៣នៅឡើយ ប៉ុន្តែត្រូវបានប្រទេសមួយចំនួនបញ្ជាទិញរួចហើយរួមមាន ៤០លានដូសដោយប្រទេសឥណ្ឌូណេស៊ី ២៥លានដូសដោយប្រទេសភីលីពីន និងថៃ២លានដូស។ CoronaVac ឬ Sinovac មានតម្លៃ៥ដុល្លារក្នុងមួយដូស។

៤. វ៉ាក់សាំង Sputnik V ផលិតឡើងដោយក្រុមហ៊ុនរបស់ប្រទេសរុស្សីមានប្រសិទ្ធភាពជាង ៩១% កំពុងដំណើរការសាកល្បងក្នុងដំណាក់កាលទី៣ ប៉ុន្តែសង្កេតឃើញថា មានប្រទេសជាច្រើនបានបញ្ជាទិញរួចហើយដូចជា ប្រេស៊ីលបញ្ជាទិញ ១០លានដូស អាហ្សង់ទីន ១០លានដូស និងប៉ូលេវី ២លាន៦សែនដូស ខណៈពេលដែលឥណ្ឌាបាននាំយកវ៉ាក់សាំងប្រភេទនេះ មកផលិតនៅក្នុងប្រទេសខ្លួនផ្ទាល់តែម្តងក្នុងបរិមាណជាង១០០លានដូស។ វ៉ាក់សាំង sputnik មានតម្លៃ ១០ដុល្លារក្នុងមួយដូស។

៥. វ៉ាក់សាំង Moderna ផលិតឡើងដោយក្រុមហ៊ុនរបស់អាមេរិកមានប្រសិទ្ធភាពដល់ទៅ ៩៥% ដូចវ៉ាក់សាំងរបស់អង់គ្លេសដែរ ថែមទាំងបានឆ្លងផុតដោយជោគជ័យនូវដំណាក់កាលសាកល្បងទាំង៣ដំណាក់កាល។ ជាមួយគ្នានេះ សហភាពអឺរ៉ុបបានបញ្ជាទិញចំនួន ១៦០លានដូស រដ្ឋាភិបាលអាមេរិកខ្លួនឯង ១០០លានដូស កាណាដា ៤០លានដូស ខណៈតម្លៃរបស់វាវិញ ក៏ខ្ពស់ណាស់ដែរពោលគឺ ៣៣ដុល្លារក្នុងមួយដូស។

៦. វ៉ាក់សាំង Johnson & Johnson របស់អាមេរិកដែរ ប៉ុន្តែមិនទាន់ដឹងពីប្រសិទ្ធភាពរបស់វានោះទេ ពោលគឺកំពុងស្ថិតក្រោមការធ្វើតេស្តសាកល្បងក្នុងមន្ទីរពិសោធនៅឡើយ យ៉ាងណាក៏ដោយវ៉ាក់សាំងប្រភេទនេះ ត្រូវបានសហភាពអឺរ៉ុបកម្មង់ទិញចំនួនជាង១០០លានដូសរួចហើយ រួមទាំងកាដាណា៤០លានដូសផងដែរ ដែលក្នុងមួយដូសតម្លៃ ១០ដុល្លារប៉ុណ្ណោះ។ សូមបញ្ជាក់ថា វ៉ាក់សាំង Johnson តម្រូវឲ្យចាក់តែម្តងប៉ុណ្ណោះសម្រាប់មនុស្សម្នាក់។

៧. ចុងក្រោយគឺ វ៉ាក់សាំង Sinopharm ផលិតឡើងដោយក្រុមហ៊ុនរដ្ឋចិន Sinopharm មានប្រសិទ្ធភាព ៧៩% ហើយកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងលើកទី៣។ ប្រទេសប៉ាគីស្ថានបានបញ្ជាទិញវ៉ាក់សាំងនេះចំនួន ១លាន២សែនដូសរួចហើយ ខណៈប្រទេសអារ៉ាប់រួម និងប៉ារែនក៏បានបញ្ជាទិញរាប់សែនដូសដូចគ្នា ព្រមទាំងផ្តើមអនុញ្ញាតឲ្យចាក់ជូនពលរដ្ឋខ្លួនរួចហើយកាលពីពេលថ្មីៗនេះ។

សូមបញ្ជាក់ថា នៅពេលខាងមុខកម្ពុជាក៏នឹងទទួលបានផងដែរនូវវ៉ាក់សាំង Sinopharm នេះ ចំនួន១លានដូស ដែលជាជំនួយពីប្រទេសចិន នេះបើតាមការថ្លែងឲ្យដឹងដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈសារសម្លេងពិសេសមួយកាលពីយប់ថ្ងៃ ១៥ ខែមករា ឆ្នាំ២០២១៕