តម្លៃប្រេងឆៅនៅទីផ្សារអង់គ្លេសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានហក់ឡើងដល់ ១១៧ដុល្លារក្នុងមួយធុងបារ៉ែលហើយ ដែលជាកំណើនខ្ពស់ជិតដល់២០% នៅក្នុងរយៈពេល១សប្ដាហ៍មកនេះ។ ស្របពេលដែលទីផ្សារប្រេងនៅអាមេរិកវិញ ក៏បានកើនឡើងដល់ប្រមាណ១១៤ដុល្លារក្នុងមួយធុងបារ៉ែលផងដែរ។ ក្រៅតែពីប្រេងឆៅ មុខទំនិញផ្សេងទៀតដូចជា ធ្យូងថ្ម ឧស្ម័នធម្មជាតិ និងអាលុយមីញ៉ូម ក៏កំពុងឡើងថ្លៃខ្ពស់ដូចគ្នាដែរ នៅគ្រាដែលប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ី ដោយសារតែបញ្ហាសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។
អ្នកវិភាគទីផ្សារប្រេងបានឲ្យដឹងថា ប្រទេសរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់ឧស្ម័ន និងប្រេងដ៏ធំទៅឲ្យអឺរ៉ុប ពោលគឺមានរហូតដល់ ៣០% នៃការនាំចូលប្រេង និងឧស្ម័នសរុបរបស់អឺរ៉ុប គឺបានមកពីរុស្ស៊ី ខណៈដែលរុស្ស៊ីក៏ជាអ្នកផ្គង់ផ្គង់ប្រេងទៅឲ្យពិភពលោកប្រមាណ១១%ផងដែរសម្រាប់តម្រូវការសរុប។ ដូច្នេះថា ទណ្ឌកម្មដែលលោកខាងលិចដាក់លើរុស្ស៊ី គឺកំពុងធ្វើឲ្យអ្នកវិនិយោគលើទីផ្សារប្រេងមានការព្រួយបារម្ភអស្ថិរភាពនៃការផ្គត់ផ្គង់ប្រេង។
អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត រួមទាំងរុស្ស៊ីបានសម្រេចចិត្តរក្សាការបង្កើនការផលិតប្រេងចំនួន ៤ សែនបារ៉ែលក្នុងមួយថ្ងៃក្នុងខែមីនា។ ក៏ប៉ុន្តែ តម្លៃប្រេងឆៅនៅតែបន្តកើនឡើងខ្ពស់ដដែល ពោលគឺជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានគិតក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ។
ប្រទេសរុស្ស៊ី គឺជាប្រទេសផលិតប្រេងធំបំផុតទី៣ក្នុងពិភពលោក និងជាអ្នកនាំចេញប្រេងធំជាងគេបំផុតផងដែរទៅកាន់ទីផ្សារសកល។ នេះបើតាមទិន្នន័យពី អង្គការទីភ្នាក់ងារថាមពលអន្តរជាតិ។ កាលពីខែធ្នូ ឆ្នាំ២០២១ ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់រុស្ស៊ី មានដល់ទៅជិត៨លានបារ៉ែលក្នុងមួយថ្ងៃ ខណៈពេលដែលស្ដុកប្រេងរបស់អាមេរិកបន្ដមានការធ្លាក់ចុះ៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន