យោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគស្ថានការណ៍អាកាសចរណ៍ សាយរៀម (Cirium) បង្ហាញថា វិស័យអាកាសចរណ៍ក្រៅប្រទេសរបស់មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក បានងើបឡើងវិញក្នុងរង្វង់ប្រមាណ៦០%ប៉ុណ្ណោះពីកម្រិតក្នុងឆ្នាំ២០១៩ អំឡុងត្រីមាសទី៤ ឆ្នាំដដែល។ ការងើបឡើងវិញនេះ គឺយឺតជាងឆ្ងាយណាស់ បើធៀបនឹងការងើបឡើងវិញនៃវិស័យអាកាសចរណ៍ក្នុងសហរដ្ឋអាម៉េរិក ឬអង់គ្លេស ដែលធ្វើឱ្យបណ្ដានាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ ក៏ដូចជាមន្ត្រីទេសចរណ៍ និងម្ចាស់ហាងលក់ទំនិញប្រណីតនានាខកចិត្តយ៉ាងខ្លាំង។
វិទ្យាស្ថានស្រាវជ្រាវទេសចរណ៍ចេញក្រៅប្រទេសចិន(COTRI)បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៩ ពលរដ្ឋចិន បានធ្វើដំណើរចេញក្រៅប្រទេសចំនួន១៧០លានដង។ ផ្អែកតាមទិន្នន័យរបស់ក្រុមប្រឹក្សាឃ្លាំមើលការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (World Travel and Tourism Council) បង្ហាញថា ភ្ញៀវទេសចរចិន បានចាយលុយរហូតដល់ទៅ២៤៨ពាន់លានដុល្លារ លើអ្វីៗរាប់ចាប់ពីសំបុត្រយន្តហោះរហូតដល់ថ្លៃបន្ទប់សណ្ឋាគារ និងទិញទំនិញប្រើប្រាស់ប្រណីតៗ ហើយការចំណាយយ៉ាងសម្បើមនេះបានគ្របដណ្ដប់ដល់ទៅ១៤%នៃការចំណាយរបស់ភ្ញៀវទេសចរចេញក្រៅប្រទេសទូទាំងពិភពលោក។
ការធ្លាក់ចុះចំនួនទេសចរចិននេះ បានធ្វើឱ្យវិស័យទេសចេរណ៍ពិភពលោកបាត់បង់ប្រាក់ចំណូលរហូតដល់ទៅ១៣០ពាន់លានដុល្លារ ហើយការបាត់ចំណូលទេសចរណ៍យ៉ាងសម្បើមនេះបានជះផលប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មនានា រាប់ចាប់ពីហាងលក់មីនៅក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ និងហាងសម្លៀកបំពាក់នៅទីក្រុងប៉ារីសប្រទេសបារាំង។
យោងតាមក្រុមហ៊ុនវិភាគស្ថានការណ៍អាកាសចរណ៍ សាយរៀម (Cirium) បានឱ្យដឹងថា បណ្ដាញផ្លូវហោះហើរអន្តរជាតិរបស់ប្រទេសចិន បានធ្លាក់ចុះ៤៣% ហើយគោលដៅទេសចរណ៍ក្រៅប្រទេសចំនួន៤៥លែងត្រូវបានបម្រើដោយជើងហោះហើរត្រង់ទៀតហើយ។
ស្ថាប័នសារព័ត៌មានដ៏ល្បីល្បាញ Bloomberg បានវិភាគជើងហោះហើរចំនួន១៨លានជើងហោះហើរទូទាំងពិភពលោកសម្រាប់ត្រីមាសទី៤ ចុងឆ្នាំ២០១៩ និងឆ្នាំ២០២៣ ដើម្បីគណនាពីការធ្លាក់ចុះនូវការតភ្ជាប់របស់អាកាសចរណ៍ចិន ដោយប្រើទិន្នន័យដែលផ្ដល់ដោយក្រុមហ៊ុនវិភាគស្ថានការណ៍អាកាសចរណ៍ សាយរៀម (Cirium)។
ហើយជាលទ្ធផលបង្ហាញថា ជម្លោះនយោបាយបានធ្វើឱ្យការបង្កើតទំនាក់ទំនងទេសចរណ៍មួយចំនួនឡើងវិញជាប់គាំង។ ជម្លោះរាប់ចាប់ពីសង្គ្រាមនៅអ៊ុយក្រែន រហូតដល់សង្គ្រាមនៅតំបន់ហ្គាហ្សា បានធ្វើឱ្យការហោះហើរផ្លូវឆ្ងាយកាន់តែមានលក្ខណៈស្មុគស្មាញ ខណៈគោលដៅទេសចរណ៍ក្រៅប្រទេសនានាកាន់តែលែងសូវទាក់ទាញចំពោះភ្ញៀវទេសចរចិន ដែលគិតគូរពីសុវត្ថិភាពជាចម្បង៕
ដោយ: តែម សុខុម