តាមការបញ្ជាក់ពីអាកាសចរស៊ីវិលកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ ចិន និងក្នុងស្រុកនឹងចាប់ផ្តើមសម្រុកហោះហើរត្រង់ពីទីក្រុងសេអ៊ូល គុនមីង ខ្វាងចូវ និងរដ្ឋធានីវៀងចន្ទន៍ មកកាន់ទឹកដីអង្គរ និងរាជធានីភ្នំពេញ ចាប់ពីខែវិច្ឆិកា និងធ្នូ នេះតទៅ។ ក្រុមអ្នកជំនាញ និងប្រតិបត្តិករទេសចរណ៍បានចាត់ទុកការហោះហើរថ្មីនេះថា ជាកាតាលីករដ៏មានឥទ្ធិពលក្នុងការស្ដារ និងរុញច្រានចរន្តសេដ្ឋកិច្ចសៀមរាប ឱ្យរស់រវើកឡើងវិញ។
លោក ប្រាយអិន ស៊ីណាក់ អោក អ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុនទេសចរណ៍ See Asia Differently បានគូសបញ្ជាក់ថា ការពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ថ្មីៗបន្ថែមពីប្រទេសកូរ៉េខាងត្បូង និងចិន ចូលមកកម្ពុជា នៅចុងឆ្នាំនេះ គឺជាសញ្ញាណវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា ហើយជាអ្វីដែលអ្នករកស៊ីក្នុងវិស័យនេះទន្ទឹងរង់ចាំ។ អ្នកជំនាញរូបនេះជឿជាក់ថា ការតភ្ជាប់នេះនឹងចូលរួមចំណែកជួយស្តារវិស័យទេសចរណ៍កម្ពុជា ដែលកំពុងធ្លាក់ចុះឱ្យងើបឡើងវិញនៅរដូវកាលសម្បូរភ្ញៀវនេះ។ បើតាមអ្នកជំនាញរូបនេះ ប្រតិបត្តិករទេសចរន៍កម្ពុជាបានត្រៀនខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍វត្តមានរបស់ភ្ញៀវទេសចរអន្តរជាតិនានា ដែលនឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះប្រកបដោយការយកចិត្តទុកដាក់ ដើម្បីឱ្យពួកគេទទួលបាននូវបទពិសោធល្អៗពីកម្ពុជា។
ជាមួយគ្នានេះ លោក ខេលី ច័ន្ទតារា នាយកគ្រប់គ្រងសណ្ឋាគារ រ៉ូយ៉ាល់ អង្គរ រីសត បានចាត់ទុកការត្រៀមបើកជើងហោះហើរត្រង់ថ្មីៗរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗមកកាន់ខេត្តសៀមរាប នារដូវកាលសម្បូរភ្ញៀវទេសចរនេះ គឺជាកាតាលីករដ៏សំខាន់ក្នុងការជួយស្រូបទាញភ្ញៀវទេសចរអន្តរជាតិ មកពីប្រទេសកូរ៉េ និងចិន ចូលមកកាន់ប្រទេសកម្ពុជា បានកាន់តែច្រើន ដ្បិតបច្ចុប្បន្នកំណើនភ្ញៀវទេសចរអន្តរជាតិរបស់កម្ពុជា ហាក់នៅមានកម្រិតនៅឡើយ។
ទោះយ៉ាងណាប្រតិបត្តិករទេសចរណ៍រូបនេះរំពឹងថា ការហោះហើរត្រង់ទាំងនេះនឹងមានវត្តមានជាប្រចាំគ្រប់រដូវកាលមិនត្រឹមតែក្នុងរដូវកាលសម្បូរភ្ញៀវនេះប៉ុណ្ណោះទេ ខណៈភាគីពាក់ព័ន្ធ និងប្រតិបត្តិករទេសចរណ៍ទាំងអស់បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរ និងអ្នកវិនិយោគពីគ្រប់ទិសទីចូលមកកាន់ប្រទេសកម្ពុជា។
បើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អាកាសយាន្តដ្ឋានអន្តរជាតិ សៀមរាប-អង្គរ នឹងទទួលបានការបង្កើនជើងហោះហើរថ្មីៗបន្ថែមនៅចុងឆ្នាំនេះ ដោយក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ Trinity Airways របស់កូរ៉េ នឹងតភ្ជាប់ការហោះហើរតាមរដូវជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៧ រវាងសេអ៊ូល-អ៊ីនឈន់– សៀមរាប។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ក៏បានបន្ថែមជើងហោះហើររបស់ខ្លួនរវាង គុនមីង-សៀមរាប ពី៣ជើងទៅ៤ជើងក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី២៥ ខែតុលា តទៅផងដែរ។ មន្រ្តីជាន់ខ្ពស់រូបនេះបានចាត់ទុកការពង្រីកការតភ្ជាប់ជាមួយទីផ្សារទេសចរណ៍សំខាន់ៗនៅតំបន់អាស៊ីឦសាននេះ នឹងជួយបង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិ និងឱកាសសេដ្ឋកិច្ចសម្រាប់ខេត្តសៀមរាប និងជំរុញការអនុវត្តយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការធ្វើពិពិធកម្ម និងពង្រីកការតភ្ជាប់ផ្លូវអាកាសអន្តរជាតិកាន់តែប្រសើរ។
គួរជម្រាបថា ក្រៅពីក្រុមហ៊ុនអាកាសចរណ៍ទាំងពីរខាងលើក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក៏បានប្រកាសបើកជើងហោះហើរត្រង់បន្ថែមរវាងទីក្រុងខ្វាងចូវ ប្រទេសចិន មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ យ៉ាងណាមិញចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៦ កម្ពុជា-ឡាវ ក៏នឹងត្រៀមតភ្ជាប់ផ្លូវហោះហើរត្រង់ថ្មីរវាងរាជធានីភ្នំពេញ និងរដ្ឋធានីវៀងចន្ទន៍ផងដែរ៕