របាយការណ៍ដដែលនេះ បានប៉ាន់ប្រមាណថា ជំនួញពាណិជ្ជកម្មសកល បានធ្លាក់ចុះប្រមាណ ៥% នៅក្នុងត្រីមាសទី ៣នេះ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ទោះយ៉ាងណា វាប្រសើរជាងត្រីមាសទី ២ ដែលបានធ្លាក់ចុះដល់ទៅ ១៩%។
បើតាមការព្យាករបង្ហាញថា តម្លៃនៃជំនួញពាណិជ្ជកម្មសកល នឹងបន្តធ្លាក់ចុះ ៣% នៅក្នុងត្រីមាសទី ៤ ខាងមុខនេះ ដែលធ្វើឲ្យតួលេខសរុបប្រចាំឆ្នាំ ២០២០ អាចនឹងធ្លាក់ចុះប្រមាណ ៧% ទៅ ៩%នេះ។
នៅក្នុងរបាយការណ៍នេះ ក៏បានបង្ហាញពីភាពប្រសើរឡើងវិញនៃសេដ្ឋកិច្ចមហាអំណាចចិន ដែលការនាំចេញមានកំណើនស្ទុះឡើងវិញ ក្នុងត្រីមាសទី ៣ កើនឡើង ១០% ធៀបនឹងត្រីមាសទី ៣ កាលពីឆ្នាំ ២០១៩ ហើយការនាំចូលទំនិញមកកាន់ប្រទេសចិន ក៏មានកំណើនគួរឲ្យកត់សម្គាល់។
សេដ្ឋកិច្ចវិទូប្រចាំនៅអង្គការសហប្រជាជាតិ លោក អេឡេស សាន់ដ្រូ បានគូសបញ្ជាក់ថា បើសិនជាសេដ្ឋកិច្ចចិន នៅតែបន្តធ្វើបានល្អយ៉ាងដូច្នេះ ប្រទេសចិន ប្រាកដជាអាច រក្សាបាននូវកំណើន វិជ្ជមានសម្រាប់ការនាំចេញក្នុងឆ្នាំ ២០២០នេះ ដែលចូលរួមចំណែកយ៉ាងសំខាន់ដល់ សេដ្ឋកិច្ចសកលលោក។
សូមជម្រាបថា ការធ្លាក់ចុះនៃជំនួញពាណិជ្ជកម្មសកល បានរីករាលដាលខ្លាំងទៅគ្រប់តំបន់ទាំងអស់ នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២០នេះ ក៏ប៉ុន្តែ សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍ ជាពិសេសគឺការនាំចេញ គឺមានភាពប្រសើរឡើងវិញ លឿនជាងការនាំចេញរបស់បណ្តាប្រទេសអភិវឌ្ឍន៍ទៅទៀត៕