វិបត្តិស្បៀងអាហារពិភពលោក

វិបត្តិស្បៀងអាហារពិភពលោកកាន់តែដុនដាប ក្រោយឥណ្ឌាបិទការនាំចេញស្រូវសាលី


ស្របពេលដែលនិន្នាការនៃស្បៀងអាហារពិភពលោកកំពុងរងការគំរាមកំហែង នឹងប៉ះទង្គិចពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ហើយដែលបានបង្កឲ្យមានការឡើងថ្លៃគ្រប់ទិសទីនោះ ឃើញថា ប្រទេសឥណ្ឌាកាលពីចុងសប្តាហ៍មុន បានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលមួយថា ខ្លួននឹងបិទការនាំចេញស្រូវសាលីភ្លាមៗចាប់ពីពេលនេះតទៅ។ ការសម្រេចបិទការនាំចេញស្រូវសាលី របស់រដ្ឋាភិបាលក្រុងញូដេលី នឹងក្លាយជាបន្ទុកមួយទៀត ដល់វិបត្តិចំណីអាហារពិភពលោក ដែលកំពុងតែរង្គោះរង្គើស្រាប់នោះ ឲ្យធ្លាក់ដុនដាបជាងមុនថែមទៀត។
វិបត្តិស្បៀងអាហារពិភពលោកកាន់តែដុនដាប
ដោយ

ប្រទេស​លោក​ខាងលិច ពិសេស​ក្រុម​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​ទាំង​៧ ឬ​ហៅ​កាត់​ថា​G7 បាន​និយាយ​រិះគន់​ចំ​ៗ​ទៅ​លើ​រដ្ឋបាល​លោក​ម៉ូ​ឌី និង​បាន​អំពាវនាវ​ឲ្យ​ឥណ្ឌា​ពិចារណា​បើកចំហរ​ទីផ្សារ​នៅ​ដដែល​ផង​ដែរ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន រ៉​យ​ទ័​រ និង Aljazeera​។

រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយ​ក្នុង​​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី ១៣​ខែឧសភា​ថា ខ្លួន​នឹង​ផ្អាក​ការ​លក់​ស្រូវ​សាលី​ទៅ​ទីផ្សារ​អន្តរជាតិ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​តទៅ បាន​សេចក្តី​ថា ជា​ការ​ជូនដំណឹង​ភ្លាម​រួច​ចូល​ជា​ធរមាន​ភ្លាម​តែ​ម្ដង​។ សម្រាប់​អ្នកជំនាញ​ផ្នែក​កសិកម្ម វិធានការ​បែប​នេះ នឹង​ធ្វើ​ឱ្យ​វិបត្តិ​ស្បៀងអាហារ​សកលលោក​កាន់តែ​អាក្រក់​ទៅ​ៗ​។

មែនទែន​ទៅ ទោះបីជា​ឥណ្ឌា​ជា​ប្រទេស​អ្នក​ផលិត​ស្រូវ​សាលី​ធំ​ជាងគេ​លំដាប់​ទី​២​ពិភពលោក​ក៏​ដោយ តែ​ឥណ្ឌា​មិនមែន​ជា​ប្រទេស​នាំ​ចេញ​ស្រូវ​សាលី​ធំ​ណាស់ណា​នោះ​ទេ នៅ​លើ​ឆាក​អន្តរជាតិ ដោយសារ​ឥណ្ឌា​ត្រូវ​ផ្គត់ផ្គង់​ប្រជាជន​រាប់​ពាន់​លាន​នាក់​របស់​ខ្លួន​។ អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី​ទៅ​វិញ​ទេ ដែល​ជា​អ្នក​នាំ​ចេញ​ស្រូវ​សាលី​ដ៏​ធំ​ពិតប្រាកដ​។ ចុះ​ហេតុ​អ្វី​ការ​បញ្ចប់​ការ​នាំ​ចេញ​របស់​ឥណ្ឌា អាច​ប៉ះពាល់​ដល់​វិបត្តិ​ស្បៀងអាហារ​ដែរ?

ការ​ដែល​វា​អាច​មាន​ផល​ប៉ះពាល់​ដល់​ស្បៀងអាហារ​សកល គឺ​ដោយសារ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នេះឯង​, វា​បាន​ធ្វើ​ឱ្យ​ការ​ដាំ​ដុះ និង​ការ​នាំ​ចេញ​របស់​អ៊ុយ​ក្រែ​ន​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង​។ រុ​ស្ស៊ី​វិញ ដោយសារ​តែ​បាន​ជាប់​ទណ្ឌកម្ម​បស្ចិម​លោក​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ដូចនេះ​រុ​ស្ស៊ី​មិន​អាច​នាំ​ស្រូវ​សាលី​ចេញ​បាន​ទេ​។ ដូច្នេះ ឥណ្ឌា​ទោះបី​មិនមែន​ជា​អ្នក​នាំ​ចេញ​ធំ តែ​ជា​ប្រទេស​ដាំ​ដុះ​មួយ​ដែរ បាន​សម្រេចចិត្ត​បិទ​ការ​នាំ​ចេញ​ទៀត នោះ​និន្នាការ​ស្បៀងអាហារ​សកល​នឹង​ធ្លាក់​ដុនដាប​មួយ​កំរិត​ទៀត​។

គេ​នៅ​ចាំ​បាន​ថា កាលពីដើម​ខែឧសភា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​លេ​ន​ស្គី បាន​និយាយ​ថា ប្រទេស​អ៊ុយ​ក្រែ​ន អាច​នឹង​បាត់បង់​គ្រាប់​ធញ្ញជាតិ​រាប់​សិប​លាន​តោន ដោយសារ​រុ​ស្ស៊ី​បាន​បិទផ្លូវ​នៃ​ច្រក​កំពង់​ផែ​សមុទ្រ​ខ្មៅ​របស់​ខ្លួន ដែល​វា​នឹង​បង្ក​ឲ្យ​មាន​វិបត្តិ​ស្បៀងអាហារ ប៉ះពាល់​ដល់​តំបន់​អឺរ៉ុប អាស៊ី និង​អាហ្វ្រិក​។

ឥណ្ឌា​សម្អាង​មូលហេតុ​អ្វីខ្លះ ដើម្បី​បិទ​ការ​នាំ​ចេញ​ស្រូវ​សាឡី​លើក​នេះ?

មាន​មូលហេតុ​សំខាន់​ចំនួន​ពីរ​ដែល​ឥណ្ឌា បាន​យក​មក​សម្អាង ដើម្បី​បញ្ជាក់​ពី​ការ​សម្រេចចិត្ត​របស់​ខ្លួន​ក្នុង​ការ​ហាម​ការ​នាំ​ចេញ​ស្រូវ​សាលី​។ ទី​១​គឺ​ដើម្បី​គ្រប់គ្រង​អត្រា​អតិផរណា​លើ​ស្បៀងអាហារ​ក្នុងស្រុក និង​ទី​២​គឺ​ទុក​ស្រូវ​សាលី​ដើម្បី​បំពេញតម្រូវការ​ប្រជាជន​ឥណ្ឌា​ទាំង​ជិត ១៤០០​លាន​នាក់​។ តាម​រដ្ឋាភិបាល​ក្រុង​ញូ​ដេ​លី លក្ខខណ្ឌ​អាកាសធាតុ​បច្ចុប្បន្ន ក៏​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​ការ​ប្រមូល​ផល​ស្រូវ​សាលី​ធ្លាក់​ចុះ និង​ជា​ហេតុ​ធ្វើ​ឲ្យ​ឥណ្ឌា​សម្រេច​បិទ​ការ​នាំ​ចេញ​ដូច​គ្នា​។

គួរ​ជម្រាប​ថា ឥណ្ឌា​កំពុង​រង​ការ​វាយប្រហារ​ដោយ​រលក​កំ​ដៅ​ដ៏​អាក្រក់​បំផុត ចាប់ផ្តើម​ឡើង​តាំងពី​ដើមខែ​ឧសភា​នេះ​មក​។ កាលពី​ថ្ងៃអាទិត្យ​ទៅ​១៥​ឧសភា សីតុណ្ហភាព​បាន​កើនឡើង​ដល់ ៤៤​អស្សា​សេ​ឯណោះ​។

ទោះ​យ៉ាងណា ឥណ្ឌា​បាន​បញ្ជាក់​រួច​ហើយ​ថា ខ្លួន​នៅ​រក្សា​សិទ្ធិ​ក្នុង​ការ​បន្ត​លក់​ទៅ​ឲ្យ​ប្រទេស​ណា​ដែល​មាន​តម្រូវការ​ចាំបាច់ ហើយ​នៅ​តែ​បន្ត​នាំ​ចេញ​តាម​កិច្ចសន្យា​ទិញ​-​លក់ ដែល​ខ្លួន​បាន​ចុះហត្ថលេខា​រួច​ពី​នោះ​ដដែល លើកលែងតែ​ការ​នាំ​ចេញ​ថ្មី​ៗ​ប៉ុណ្ណោះ​៕

None



អត្ថបទបន្ទាប់


សំណើរបស់ហ្វាំងឡង់ និងស៊ុយអែតចូលណាតូកំពុងចម្រូងចម្រាស ក្រោយតួគីរារាំង

បេក្ខភាពរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតក្នុងសំណើសុំចូលរួមជាសមាជិករបស់សម្ព័ន្ធយោធាណាតូ កំពុងស្ថិតក្នុងភាពចម្រូងចម្រាស។ ចម្រូងចម្រាសក៏ដោយសា…

ផ្សារអ៊ីអនគ្រោងពង្រីកសាខា១៦កន្លែងបន្ថែមទៀត នៅទូទាំងប្រទេសវៀតណាមនៅត្រឹមឆ្នាំ២០២៥

ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់ជប៉ុនអ៊ីអនម៉ល ចង់វិនិយោគគម្រោងផ្សារទំនើប ៣ ទៅ ៤ គម្រោងបន្ថែមទៀតនៅរដ្ឋធានីហានូយ ប្រទេសវៀតណាមត្រឹមដំណាច់ឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ