ក្រុមហ៊ុនវិភាគទិន្នន័យ Global Data ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បាននិយាយថា ប្រទេសកាហ្សាក់ស្ថាន ដែលមានភូមិសាស្ត្រ ស្ថិតនៅអាស៊ីកណ្ដាល ត្រូវបានរំពឹងថា នឹងបង្កើនផលិតកម្មរ៉ែអ៊ុយរ៉ាញ៉ូមច្រើនជាងគេបំផុតនៅឆ្នាំ២០២៤ នេះ ហើយការកើនឡើងខ្លាំងនេះ ក៏ដោយសារតែការបង្កើនផលិតកម្មពីសំណាក់ក្រុមហ៊ុន កាហ្សាទូមប្រូម (Kazatomprom) ដែលជាក្រុមហ៊ុនផលិតរ៉ែអ៊ុយរ៉ាញ៉ូមដ៏ធំបំផុតរបស់ប្រទេសកាហ្សាក់ស្ថាន។
ក្រុមហ៊ុន Global Data បន្ថែមថា ការបន្តបង្កើនផលិតកម្មពីអណ្ដូងរ៉ែអ៊ុយរ៉ាញូម ម៉ាកអាសឺ រីវើ (McArthur River) នៅប្រទេសកាណាដា ក៏នឹងជួយរួមចំណែកដល់កំណើនផលិតកម្មរ៉ែអ៊ុយរ៉ាញ៉ូមទូទាំងពិភពលោកនេះដែរ។
ប្រទេសកាហ្សាក់ស្ថាន មានចំណែកគ្របដណ្ដប់ដល់ទៅជាង៣៧% ឬស្មើនឹងជាង២ម៉ឺនតោន នៃការផ្គត់ផ្គង់រ៉ែអ៊ុយរ៉ាញ៉ូមសរុបទូទាំងពិភពលោកក្នុងឆ្នាំ២០២៣។ ហើយទោះបីជាទិន្នផលផលិតកម្មធ្លាក់ចុះ៥,១% ក្នុងឆ្នាំ២០២៣ ដោយសារតែផលិតកម្មទាបជាងការគ្រោងទុកពីក្រុមហ៊ុន Kazatomprom យ៉ាងណាក្ដី ក៏ទិន្នផលផលិតកម្មរបស់ប្រទេសនេះត្រូវបានរំពឹងថា នឹងងើបឡើងវិញនៅឆ្នាំ២០២៤ នេះ ជាមួយនឹងទំហំផលិតកម្មជាង២ម៉ឺន៣ពាន់តោន។
កំណើននេះនឹងត្រូវបានគាំទ្រដោយផែនការរបស់ក្រុមហ៊ុន Kazatomprom ដែលគ្រោងផលិតរ៉ែអ៊ុយរ៉ាញូមឱ្យបានចន្លោះពីជាង២ម៉ឺន១ពាន់តោន ទៅជាង២ម៉ឺន១ពាន់៦រយតោន ខណៈផលិតកម្មត្រូវបានរំពឹងថា នឹងកើនឡើងចន្លោះពីជិត២ម៉ឺន៦ពាន់តោន ទៅជាង២ម៉ឺន៦ពាន់៧រយតោន នៅឆ្នាំ២០២៥ ប្រសិនបើគ្មានការរឹតបន្តឹងណាមួយ។
ទន្ទឹមនឹងនេះ ផលិតកម្មរ៉ែអ៊ុយរ៉ានីញ៉ូមទូទាំងពិភពលោកនៅឆ្នាំ២០២៤ នេះនឹងត្រូវបានជំរុញបន្ថែមទៀតដោយការបន្តបង្កើនផលិតកម្មនៅអណ្ដូងរ៉ែ ម៉ាកអាសឺ រីវើ (McArthur River) របស់ប្រទេសកាណាដា ដែលមានគោលបំណងផលិតរ៉ែអ៊ុយរ៉ាញ៉ូមឱ្យបានជិត៧ពាន់តោនសម្រាប់ឆ្នាំ២០២៤។
នៅខែតុលា ឆ្នាំ២០២៣ គណៈកម្មាធិការសុវត្ថិភាពនុយក្លេអ៊ែរកាណាដា (Canadian Nuclear Safety Commission) បានបន្តអាជ្ញាប័ណ្ណសម្រាប់អណ្ដូងរ៉ែ ម៉ាកអាសឺ រីវើ (McArthur River) រយៈពេល២០ឆ្នាំបន្ថែមទៀត ដែលអនុញ្ញាតឱ្យអណ្តូងរ៉ែនេះបន្តប្រតិបត្តិការរហូតដល់ខែតុលាឆ្នាំ២០៤៣។
ផលិតកម្មរ៉ែអ៊ុយរ៉ាញ៉ូមទូទាំងពិភពលោក ត្រូវបានរំពឹងថា នឹងកើនឡើងជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ៤,១%ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ខណៈដែលទិន្នផលនឹងឈានដល់ជិត៧ម៉ឺន៧ពាន់តោននៅឆ្នាំ២០៣០។
យោងតាមតួលេខពីសមាគមនុយក្លេអ៊ែរពិភពលោក (World Nuclear Association) ដែលត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅខែសីហា ឆ្នាំ២០២៣ បានបង្ហាញថា ប្រទេសអូស្ត្រាលី កាហ្សាក់ស្ថាន ដែលស្ថិតនៅអាស៊ីកណ្ដាល និងប្រទេសកាណាដា មានចំណែកគ្របដណ្ដប់ដល់ទៅជាង៥០% នៃធនធានរ៉ែអ៊ុយរ៉ាញ៉ូមសរុបរបស់ពិភពលោកទាំងមូល៕
ដោយ: តែម សុខុម