លោក ហឺ លីហ្វេង (He Lifeng) ប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិដ៏មានឥទ្ធិពល ត្រូវបានគេមើលឃើញថា ទំនងជាអ្នកស្នងតំណែងរបស់ឧបនាយករដ្ឋមន្ត្រី លីវ ហឺ(Liu He) ដែលបច្ចុប្បន្នជាប្រធានគោលនយោបាយសេដ្ឋកិច្ចរបស់លោកស៊ី ជីនពីង ខណៈលោក លីវ ហឺ នឹងចូលនិវត្តន៍បន្ទាប់ពីសមាជបក្សកុម្មុយនិស្តនៅពាក់កណ្តាលខែតុលានេះ។
បើតាមប្រព័ន្ធដឹកនាំរបស់ប្រទេសចិន អគ្គលេខាបក្សកុម្មុយនិស្តកំពុងកាន់អំណាចជាធម្មតាទទួលបន្ទុកតែនៅលើបញ្ហានយោបាយប៉ុណ្ណោះ ខណៈដែលនាយករដ្ឋមន្ត្រីគឺជាអ្នកដឹកនាំផ្នែកសេដ្ឋកិច្ច។ លោកស៊ី ជីនពីង ដែលជាអគ្គលេខាបក្ស និងនាយករដ្ឋមន្ត្រី Li Keqiang ពីដើមឡើយបានធ្វើតាមគំរូនេះ។ ប៉ុន្តែម្តងបន្តិចៗលោកស៊ី បានលូកដៃកាន់តែខ្លាំងឡើងនៅក្នុងគោលនយោបាយសេដ្ឋកិច្ច ពោលគឺចាប់តាំងពីឆ្នាំ២០១៦តាមរយៈលីវ ហឺ ដែលជាមនុស្សដ៏ជិតស្និទ្ធរបស់លោក។
លោកលីវ ហឺ គឺជាប្រធានការិយាល័យនៃគណៈកម្មាធិការកិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ បក្ស ដែលជាស្ថាប័នទទួលខុសត្រូវក្នុងការធ្វើតារាងគោលដៅសេដ្ឋកិច្ចទូទៅរបស់ប្រទេសចិន។ លោកក៏ជាអ្នកជំរុញដ៏សំខាន់នៅពីក្រោយគោលនយោបាយហិរញ្ញវត្ថុ និងបានបម្រើការជាអ្នកចរចាឈានមុខគេរបស់ប្រទេសចិនក្នុងអំឡុងពេលសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
ប៉ុន្តែក្នុងវ័យ ៧០ឆ្នាំទៅហើយ លោកលីវ ហឺ ត្រូវគេដឹងថានឹងលាលែងពីតំណែងនៅក្នុងសមាជបក្សនាពាក់កណ្តាលខែនេះហើយ ដោយសារអាយុចូលនិវត្តន៍តាមទម្លាប់មានត្រឹមអាយុ ៦៨ឆ្នាំប៉ុណ្ណោះសម្រាប់មន្ត្រីកំពូលៗរបស់បក្ស។
ហេតុនេះហើយ ទើបអ្នកតាមដានព្រឹត្តិការណ៍នៅចិនសន្និដ្ឋានថាលោក ហឺ លីហ្វេង ដែលជាមនុស្សជំនិតមួយដែររបស់លោកស៊ី នឹងចូលមកជំនួសដំណែងដ៏សំខាន់ផ្នែកសេដ្ឋកិច្ចមួយនេះ ពិសេសនៅស្របពេលដែលសេដ្ឋកិច្ចចិនកំពុងជួបការលំបាក មានកំណើនយឺត ហើយក៏ដើម្បីបើកផ្លូវកាន់តែធំបុរសខ្លាំងស៊ី ជីនពីង លូកដៃចូលវិស័យសេដ្ឋកិច្ចចិនកាន់តែខ្លាំងផងដែរ៕