Xiaomi ប្រជែងបានតំណែងពី Apple

Xiaomi ប្រជែងបានតំណែងពី Apple ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ


ក្រុមហ៊ុនផលិតទូរស័ព្ទដៃរបស់ចិនម៉ាក ហ្សេវមី (Xiaomi) បានវ៉ាដាច់ការលក់ទូរស័ព្ទរបស់ក្រុមហ៊ុនយក្សអាមេរិកអេផល (Apple) ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសម្រាប់ត្រីមាសទី២ឆ្នាំ២០២១នេះ ដោយបានឡើងមកឈរនៅលំដាប់លេខ២ក្នុងតារាងក្រុមហ៊ុនដែលលក់ទូរស័ព្ទបានច្រើនជាងគេក្នុងពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
Xiaomi នាំមុខ Apple គ្រងតំណែងលេខ២ពិភពលោក

នៅក្នុង​ទីផ្សារសកលលោក ទូរស័ព្ទចិនម៉ាក Xiaomi បានកាន់កាប់ចំណែកទីផ្សារដល់ទៅ ១៧% ខណៈ​ក្រុមហ៊ុនកូរ៉េសាំសុង(Samsung) ឈរនៅលេខ១មាន១៩% និងក្រុមហ៊ុន Apple ឈរនៅលេខ៣មាន ១៤%  និងត្រូវបាន​តាមពីក្រោយបន្តបន្ទាប់​ដោយក្រុមហ៊ុនចិន២​ផ្សេងទៀតគឺ វីវូ(Vivo)និងអូប៉ូ (Oppo) ដែលកាន់ក្តាប់ចំណែកទីផ្សារម្នាក់ ១០%ដូចគ្នា។ នេះបើយោងតាមតួលេខចុងក្រោយពីភ្នាក់ងារស្រាវជ្រាវ Canalys ។

យីហោទូរស័ព្ទស្មាតហ្វូន​ដ៏ធំ​របស់ចិន​មួយនេះ បានបន្តកត់ត្រា​ពីការកើនឡើង​ខ្លាំង​របស់ក្រុមហ៊ុន​ខ្លួន ក្នុងទីផ្សារ​នៃប្រទេស និងតំបន់រីកចម្រើន​ជាច្រើន​ជុំវិញពិភពលោក ជាក់ស្តែង ការលក់បានហក់ឡើងខ្លាំងនៅ​តំបន់​អាមេរិកឡាទីន អាហ្វ្រិក និងតំបន់អឺរ៉ុប។ នៅអាមេរិក​ឡាទីន ការលក់របស់ Xiaomi កើនឡើង៣០០% ខណៈដែរ​នៅអាហ្វ្រិកកើនឡើង ១៥០%។ នេះបើតាមភ្នាក់ងារស្រាវជ្រាវ Canalys ដដែល។​

កំណើនការលក់យ៉ាងគំហុក​របស់ Xiaomi ត្រូវបាន​អ្នកជំនាញ​ក្នុងវិស័យនេះ​ដាក់ការសន្និដ្ឋានលើ ការផ្តល់អាទិភាព​ជាចម្បងរបស់​ក្រុមហ៊ុន​ក្នុងការលក់ និងផលិតទូរស័ព្ទស្មាតហ្វូនកម្រិតថវិកាជាមួយនឹងគុណភាព និងកម្លាំងម៉ាស៊ីនខ្លាំង និងដោយសារតែភាពឈ្លាសវ័យរបស់ក្រុមហ៊ុនបន្ទាប់ពីមើលឃើញថា ខ្លួនពិបាកក្នុងការប្រកួតប្រជែងក្នុងចំណោមទូរស័ព្ទស្មាតហ្វូនប្រណិតៗនិងមានតម្លៃថ្លៃ។ជាក់ស្តែង ទូរស័ព្ទស្មាតហ្វូនរបស់ Xiaomi មានតម្លៃទាបជាង ៤០% ទៅ ៧៥%បើធៀបនឹងតម្លៃរបស់ Samsung និង Apple។

ទន្ទឹមនឹងភាពជោគជ័យរបស់ក្រុមហ៊ុនចិន Xiaomi គេកត់សម្គាល់ឃើញថា ក្រុមហ៊ុនស្មាតហ្វូន និង​បច្ចេកវិទ្យា​យក្ស​​មួយទៀតរបស់ចិន បានអវត្តមានពីតារាងក្រុមហ៊ុនធំៗ​ទាំង៥នៅក្នុងឆ្នាំនេះ នោះ​គឺក្រុមហ៊ុន Huawei ដែលគ្រាកន្លងធ្លាប់​ជាយីហោស្មាតហ្វូនធំបំផុតរបស់ប្រទេសចិន រួមទាំង​ពិភពលោកកាលពីឆ្នាំមុន។ ការរបូតបាត់តំណែងកំពូល​ក្រុ​មហ៊ុនធំៗទាំង៥នេះ គឺដោយសារតែក្រុមហ៊ុន Huawei ត្រូវបានរារាំង ព្រមទាំងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ដែលធ្វើឲ្យ​ការលក់​ស្មាតហ្វូន​ក្រុមហ៊ុននេះ ដាំក្បាលចុះខ្លាំង។

សូមជម្រាបថា កាលពីត្រីមាសទី១ឆ្នាំនេះ Xiaomi រកបានប្រាក់ចំណូលកើនឡើងចំនួន ២៦០% ហើយក្រុមហ៊ុននេះ បានដាក់គោលដៅលក់ស្មាតហ្វូនចេញទៅ​ក្រៅប្រទេស​ ឲ្យបានដល់ ២០០លានគ្រឿងនៅពេញមួយឆ្នាំ២០២១នេះតែម្តង៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមប្រទេសផលិតប្រេងធំៗពិភពលោក ព្រមព្រៀងគ្នាបង្កើនការផលិត ដើម្បីកាត់បន្ថយតម្លៃប្រេងដែលកំពុងហក់ឡើងខ្ពស់

ព័ត៌មាន
ក្រុមប្រទេសអ្នកផលិតប្រេងធំៗនៅក្នុងពិភពលោក បានព្រមព្រៀងគ្នាបង្កើនការផលិតប្រេង ដោយមានគោលបំណងកាត់បន្ថយតម្លៃប្រេងឲ្យទាបជាងមុន និងជាកាត់បន្ថយសម្ព…

វៀតណាមគ្រោងបើកកោះភូកុក ឬកោះត្រល់នៅខែតុលា ទទួលទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួច

ព័ត៌មាន
បើទោះបីជា ស្ថានភាពកូវីដ-១៩នៅក្នុងប្រទេសវៀតណាម កំពុងតែមានការឆ្លរាលដាលហក់ឡើងកាន់តែច្រើនក៏ដោយ ប៉ុន្ដែ រដ្ឋាភិបាលប្រទេសនេះ នៅតែមានក្ដីរំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ