យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA កាលពីថ្ងៃសៅរ៍ ទី៩ ខែឧសភា ការិយាល័យកណ្តាល នៃប៉ូលិសអន្តរជាតិ ប្រចាំប្រទេសឥណ្ឌូនេស៊ី បានលាតត្រដាងថា ប្រតិបត្តិការខុសច្បាប់ដែលធ្លាប់តែប្រមូលផ្តុំនៅក្នុងប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ កម្ពុជា និងវៀតណាម កំពុងមាន កើនឡើងកាន់តែខ្លាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
លោក អ៊ុនទុង វីដយ៉ាតម៉ូកូ (Untung Widyatmoko) លេខាធិការប៉ូលិសអន្តរជាតិ ឥណ្ឌូនេស៊ី បានប្រាប់សារព័ត៌មាន The Jakarta Post ថា បន្ទាប់ពីមានការបង្ក្រាបយ៉ាងចាស់ដៃនៅតាមបណ្តាប្រទេសក្នុងតំបន់ឥណ្ឌូចិន ក្រុមឧក្រិដ្ឋជនបានចាប់ផ្តើមរុលចូលមកកាន់ឥណ្ឌូនេស៊ីវិញម្តង ។
ជាក់ស្តែង ការឆ្មក់បង្ក្រាបកាលពីពេលថ្មីៗនេះ បានរកឃើញសម្បុកឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាច្រើនកន្លែង ដែលមានជាប់ពាក់ព័ន្ធនឹងជនបរទេសរាប់រយនាក់។ ក្នុងនោះប្រតិបត្តិការ ដ៏ធំមួយត្រូវបានធ្វើឡើងនៅអគារការិយាល័យក្នុងតំបន់ភាគខាងលិចទីក្រុងហ្សាការតា កាលពីថ្ងៃទី៧ ខែឧសភា ដោយឃាត់ខ្លួនមនុស្សបាន៣២១នាក់។ ក្នុងចំណោមអ្នកឃាត់ខ្លួនទាំងនោះរួមមានជនជាតិវៀតណាម ២២៨នាក់ ជនជាតិចិន៥៧នាក់ និងជនជាតិឥណ្ឌូនេស៊ីម្នាក់។
ដោយឡែកនៅក្នុងតំបន់បាតាម (Batam) អាជ្ញាធរក៏បានឃាត់ខ្លួនជនបរទេសចំនួន២១០នាក់ផ្សេងទៀត ដែលមានសញ្ជាតិ មីយ៉ាន់ម៉ា ឡាវ ថៃ និងម៉ាឡេស៊ី ខណៈពួកគេកំពុងសំងំរស់នៅក្នុងអាផាតមិនមួយក្នុងតំបន់ លូប៊ុក បាចា (Lubuk Baja)។
មន្ត្រីជាន់ខ្ពស់ប៉ូលិសឥណ្ឌូនេស៊ីរូបនេះបានបន្ថែមថា ម៉ាស៊ីនបម្រើការ ឬ Server ដែលធ្លាប់ដំឡើងនៅតាមមជ្ឈមណ្ឌលឆបោកធំៗដូចនៅក្នុងប្រទេសថៃ និងក្នុងប្រទេសមីយ៉ាន់ម៉ាជាដើមត្រូវបានគេសង្កេតឃើញថា បានចាប់ផ្តើមផ្លាស់ប្តូរទីតាំងចូលមកក្នុងទឹកដីឥណ្ឌូនេស៊ីជាបន្តបន្ទាប់៕
អត្ថបទៈ សួន ឡង់ទី