
នៅលើទំព័រហ្វេសប៊ុករបស់លោក លោកបណ្ឌិត យ៉ង សាំងកុមារ សរសេរថា «ក្នុងមួយជីវិតនេះមានកិច្ចការសំខាន់ៗ ៣ ដែលខ្ញុំបានធ្វើ ហើយបន្តធ្វើឲ្យបានសម្រេចកាន់តែច្រើនថែមទៀត»។
បេសកកម្មទាំងបី ដែលលោកបណ្ឌិត យ៉ង សាំងកុមារ លើកឡើង រួមមាន៖
១. កសិករខ្មែរក្លាយជាអ្នកមាន ឬសេដ្ឋីស្រុកស្រែ
២. កូនកសិករមានអនាគតល្អដូចកូនអ្នកទីក្រុង
៣. ប្រជាជនគ្រប់រូបទទួលបានអាហារល្អ
“កសិកម្មនិងធម្មជាតិបានផ្តល់កំណើតដល់មនុស្ស។ ធ្វើអ្វីក៏ដោយកុំភ្លេចកំណើត ហើយកុំបំផ្លាញប្រភពកំណើតរបស់មនុស្សជាតិ”

លោកបណ្ឌិតសរសេរបន្តថា «បេសកកម្មជីវិតទាំងនេះធំជាង និងមានតម្លៃជាងអំណាចបុណ្យស័ក្តិ និងលុយកាក់។ មានមនុស្សជាច្រើនបានរួមដំណើរជាមួយខ្ញុំ។ នៅពេលយើងមានគ្នាច្រើន និងពេលវេលាច្រើន ធ្វើឲ្យយើងអាចសម្រេចកិច្ចការនេះបានកាន់តែច្រើន។
បណ្ឌិត យ៉ង សាំងកុមារ ជាអតីតស្ថាបនិក និងជាប្រធានអង្គការធ្វើការខាងកសិកម្ម ឈ្មោះ សេដាក (CEDAC) ប៉ុន្តែ កាលពីចុងឆ្នាំ២០១៥ លោកបានលាឈប់ពីការងារអង្គការក្រៅរដ្ឋាភិបាល ដើម្បីប្រឡូកកិច្ចការនយោបាយវិញ។ សព្វថ្ងៃ លោកគឺជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP)។
ជាមនុស្សស្រលាញ់កសិកម្មខ្លាំង ជានិច្ចកាល គេឃើញលោកបណ្ឌិត យ៉ង សាំងកុមារ ចែករំលែកផ្សព្វផ្សាយចំណេះដឹងអំពីកសិកម្ម និងជាអ្នកគាំទ្រជំរុញផ្សព្វផ្សាយកសិកម្មសរីរាង្គគ្មានជាតិគីមី។
លោកបណ្ឌិត យ៉ង សាំងកុមារ សរសេរលើទំព័រហ្វេសប៊ុក ដូច្នេះថា «កសិកម្មនិងធម្មជាតិបានផ្តល់កំណើតដល់មនុស្ស។ ធ្វើអ្វីក៏ដោយកុំភ្លេចកំណើត ហើយកុំបំផ្លាញប្រភពកំណើតរបស់មនុស្សជាតិ។ ខ្ញុំយល់ថា ការអប់រំគួរផ្សារភ្ជាប់ជាមួយជីវិត កសិកម្ម និងធម្មជាតិ»។