ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោកលោកជំទាវ ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី ជំនួសឯកឧត្តមបណ្ឌិត ជា ចាន់តូ។ មុនពេលទទួលតំណែងជាអគ្គទេសាភិបាលធនាគារជាតិ លោកជំទាវ ជា សិរី មានតំណែងជាអគ្គទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា ដែលទើបត្រូវបានតែងតាំងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។ ជាមួយគ្នានេះដែរ ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត១ផ្សេងទៀត ត្រាស់បង្គាប់តែងតាំងអគ្គទេសាភិបាលរងនៃធនាគាជាតិនៃកម្ពុជាថ្មីចំនួន៣រូបផងដែរ ដែលមានឋានៈស្នើរដ្ឋមន្រ្តីរួមមាន លោក រ័ត្ន សុវណ្ណនរៈ លោក យឹម លាត និងអ្នកស្រី សាយ សំអាត។
សូមបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ បានបញ្ចប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសសម្រេចមិនបន្តធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៧ ទៀតនោះទេ ដោយប្រគល់តួនាទីនេះឲ្យឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវជាកូនប្រុសច្បងរបស់សម្តេចជាអ្នកដឹកនាំជំនួសវិញ។ ទន្ទឹមនឹងផ្លាស់ប្តូរក្បាលដឹកនាំនាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលក៏ទំនងជាអាចផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំនៅតាមបណ្តាក្រសួងមួយចំនួនផងដែរ។ បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ សម្រាប់សមាសភាពរាជរដ្ឋាភិបាលអាណត្តិទី៧ ភាគច្រើនជាធនធានវ័យក្មេង ដែលពោពេញដោយសមត្ថភាព និងសក្ដានុពល៕