ក្រុមអ្នករកប្រាក់ចំណូលបានពី Youtube ទាំងអស់នោះ បានលើកឡើងទៀតថា ពួកគេកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារនូវដើម្បីជួបជាមួយក្រសួងប្រៃសណីយ៍ ដើម្បីដោះស្រាយបញ្ហានេះ ខណៈកន្លងមកក្រសួងប្រកាសថានឹងអញ្ជើញអ្នករកចំណូលពី Youtube ជួបពិភាក្សាគ្នា ដើម្បីឲ្យអ្នករកចំណូលពី Youtube អាចបន្ដរកចំណូលបានឡើងវិញ។ ឥឡូវនេះសូមតាមដានទស្សនាសេចក្តីរាយការណ៍លម្អិតពីក្រុមការងារព័ត៌មានខេមបូណូមីស របស់យើង ដូចតទៅ ! ( PC)
លោក ម៉ៃ វឌ្ឍនា ម្ចាស់ ឆានែលយូធូប ម៉ៃ វឌ្ឍនា ដែលតែងតែផលិតវីដេអូចម្រៀងថ្មីៗ សុទ្ធសឹងតែជាស្នាដៃនិពន្ធដោយខ្លួនឯង និងគ្មានការលួចចម្លងពីអ្នកដទៃនោះ បានប្រាប់ក្រុមការងារសារព័ត៌មាន ខេមបូណូមីស ថា កាលពីមុន ជារៀងរាល់ខែ លោកអាចទទួលបានកម្រៃគួរសមដែរ ប៉ុន្តែក្រោយក្រុមហ៊ុនយូធូបដកការផ្សាយពាណិជ្ជកម្មនៅលើថ្នាលវីដេអូនៅកម្ពុជាមក ចំណូលពីយូធូបបាត់បង់ស្ទើរទាំងស្រុង។
ទោះបែបនេះក្តី លោក ម៉ៃ វឌ្ឍនា ហាក់គាំទ្រការអនុវត្តរបស់យូធូបខ្លះដែរ ដោយលោកបញ្ជាក់ថា អាចព្រមានដល់អ្នកដែលផលិតមាតិកាមិនត្រឹមត្រូវ លួចចម្លងគេជាដើម ឲ្យបញ្ឈប់សកម្មភាពទាំងនោះ។
អ្នកផលិតមាតិកាវីដេអូ ដ៏ល្បីម្នាក់ទៀត គឺលោក ភាព ទិត ដោយឆានែលយូធូបរបស់លោកមានឈ្មោះថា និទានកុមារ និងមានអ្នកចូល Subscribe ជាង៣៦ម៉ឺននាក់ បានអះអាថា លោក បាត់បង់ចំណូលស្ទើរតែ១០០%ទៅហើយ ដោយសារការផ្អាកមិនឲ្យមានការផ្សាយពាណិជ្ជកម្មនាពេលថ្មីៗនេះ។ លោកបានបន្ថែមថា ពេលនេះ លោកកំពុងទន្ទឹងរង់ចាំដំណោះស្រាយពីខាងក្រសួងប្រៃសណីយ៍ជាក្រុមហ៊ុនយូធូប ដោយរំពឹងថា នឹងអាចរកចំណូលវិញបានឆាប់ៗនេះ។
យុវជនវ័យក្មេងមួយរូប ឈ្មោះថា ស្រ៊ុន គង់ជា ជាម្ចាស់ឆានែលយូធូប ដល់ទៅ៨ ដែលផលិតវីដេអូអំពីអត្ថប្រយោជន៍បន្លែផ្លែឈើចំពោះសុខភាព បានត្អូញត្អែរ ចំណូលប្រចាំខែរបស់ខ្លួន ត្រូវបាត់បង់ស្ទើរតែទាំងស្រុងដូចគ្នាដែរ ដោយបានជួបប្រទះការលំបាកយ៉ាងខ្លាំង ខណៈខ្លួនក៏មានបំណុលត្រូវរ៉ាប់រងប្រចាំខែផងដែរ។
គួរជម្រាបថា បើតាមឯកឧត្តម លីវ សុផាណារិទ្ធិ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បច្ចុប្បន្នក្រសួងបាននិងកំពុងដុតដៃដុតជើង ក្នុងការរិះរកមធ្យោបាយធ្វើយ៉ាងណាពិភាក្សាជាមួយក្រុមហ៊ុនយូធូប ឲ្យដោះស្រាយឲ្យបានឆាប់ ជៀសវាងការខាតបង់ចំណូលកាន់តែច្រើនរបស់អ្នកផលិតមាតិកាវីដេអូនៅកម្ពុជា។
ចំពោះមូលហេតុដែល ក្រុមហ៊ុនយូធូប បានផ្អាកការផ្សាយពាណិជ្ជកម្មនៅលើថ្នាលវីដេអូ នៅប្រទេសជាង៩០ រួមទាំងកម្ពុជាដែរ ត្រូវបាន អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ ដោយសារអ្នកផលិតមាតិកានៅក្នុងប្រទេសទាំងនេះ មិនបានគោរពតាមលក្ខខណ្ឌដែលក្រុមហ៊ុនយូធូបបានតម្រូវ ជាក់ស្តែង មានអ្នកផលិតវីដេអូនៅកម្ពុជា តែបែរជាបន្លំដាក់អាសយនៅប្រទេសដទៃទៀត ដូចជាសិង្ហបុរី ឬថៃជាដើម។
បើទោះបីជា មិនមានទិន្ន័យបង្ហាញជាក់លាក់ពីប្រាក់ចំណូលរបស់អ្នកធ្វើវីដេអូដាក់ Youtube ក៏ដោយចុះ ប៉ុន្ដែ បើតាមអ្នកស្ថិតក្នុងវិស័យនេះអះអាងថា សម្រាប់ Channel Youtube ល្បីៗ មានអ្នកមើលច្រើនៗនៅកម្ពុជា អាចរកចំណូលបានរាប់ពាន់ ឬម៉ឺនដុល្លារក្នុងមួយខែៗ៕