អ្នកដែលជាសះស្បើយថ្មី០១ករណីនោះ គឺជាជនជាតិខ្មែរ នៅខេត្តព្រះសីហនុ ខណៈដែលអ្នកកំពុងសម្រាកព្យាបាល០២នាក់នោះ ជាបុរសម្នាក់ និងស្ត្រីម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។
យ៉ាងណាមិញ ក្នុងសន្និសីទសារព័ត៌មានកាលពីពេលកន្លងទៅ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងខាងអង្គការសុខភាពពិភពលោក នៅតែព្រមានពីស្ថានភាពដ៏អាក្រក់នៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ ថ្វីត្បិតតែជិត៣សប្តាហ៍មកនេះ មិនមានករណីឆ្លងមេរោគកូវីដ១៩ថ្មីក៏ដោយ តែមិនមែនមានន័យថា ការរីករាតត្បាតនៃជំងឺនេះមានភាពល្អប្រសើរនោះទេ ព្រោះនៅតាមបណ្តាប្រទេសផ្សេងៗទៀតនោះលើពិភពលោកកំពុងតែបន្តរីករាលដាល ទាំងអ្នកឆ្លងថ្មី និងអ្នកស្លាប់។
សូមជម្រាបថា ចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ១៩កើនដល់ចំនួន១២០នាក់ហើយ ក្នុងចំណោមអ្នកជំងឺ១២២នាក់។ ហើយអ្នកជាសះស្បើយពីជំងឺកូវីដ១៩ទាំង១២០នាក់នេះ មានទាំងជនជាតិខ្មែរ និងជនបរទេស រួមមានដូចជា ជនជាតិចិន អង់គ្លេស បារាំង អាមេរិក ប៊ែលហ្សិក កាណាដា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម៕