ផ្អែកតាមការស្រាវជ្រាវ ខេមបូណូមីស សូមណែនាំនូវគំនិតពិចារណាមួយចំនួន អំពី ភាពខុសប្លែកគ្នា រវាងអ្នកចំណូលមធ្យម និងអ្នកចំណូលខ្ពស់ ក្នុងការចាយវាយ និងសម្រេចចិត្ត ដើម្បីឲ្យលោកអ្នកយកទៅសិក្សាស្វែងយល់។
១, អ្នកចំណូលមធ្យមចង់តែដេកស្រណុក អ្នកចំណូលខ្ពស់រស់ដើម្បីដោះស្រាយភាពមិនស្រណុក
«ដាក់ខ្លួនដើម្បីហ៊ានជំនះរឿងលំបាក វាពិតជារឿងលំបាកណាស់ ប៉ុន្ដែ វាក៏ជាតម្លៃតិចតួចមួយសម្រាប់ ការរស់នៅដើម្បីក្ដីស្រមៃ»។ - លោក Peter McWilliams
«វាគឺជារឿងងាយស្រួលនៅពេលយើងមានការងារធ្វើច្បាស់លាស់ ឬធ្វើការឲ្យគេវាស្រួលចិត្តជាងរកស៊ីខ្លួនឯង ដែលវាមិនត្រូវប្រឈមនឹងហានិភ័យខាតបង់ខ្ពស់» នេះគឺជាអ្វីដែលអ្នកចំណូលមធ្យមតែងតែគិត ហើយវាជាតំបន់ស្រណុកសុខស្រួលមួយ សម្រាប់ពួកគេដែលមិនចង់មានការផ្លាស់ប្តូរ (Comfort zone)។ ប៉ុន្ដែ សម្រាប់អ្នកមាន គឺជឿលើការផ្លាស់ប្តូរ និងមានជំនឿចិត្តថា ពីក្រោយរឿងលំបាកៗ គឺជាក្ដីសុខបំផុតសម្រាប់ពួកគេ ដូច្នេះហើយទើបពួកគេនិយមដោះស្រាយបញ្ហានានាសម្រាប់អ្នកចំណូលមធ្យមដែលមិនសូវចង់ធ្វើ តួយ៉ាងការចាប់ផ្ដើមអាជីវកម្ម និងការវិនិយោគ ទោះបីគេដឹងថា វាមានហានិភ័យខ្ពស់ក៏ដោយ។
២, អ្នកចំណូលមធ្យមរស់ដើរងើយ អ្នកចំណូលខ្ពស់រស់ដើរឱន
«គ្មានភាពហ៊ឺហា ឬភាពស៊ីវិល័យខុសគេឯណា ដែលធ្វើឲ្យគេភ្ញាក់ផ្អើល ឬគិតថាអ្នកថ្លៃថ្នូរនោះទេ។ មានតែការរស់នៅជាមួយនឹងអ្វីដែលខ្លួនកំពុងមានប៉ុណ្ណោះ ទើបអាចបញ្ជាក់សេចក្ដីថ្លៃថ្នូរ និងការគោរពបាន»។ -លោក CalVin Coolidge
«មនុស្សភាគច្រើនប្រើបំណុលដើម្បីទិញរបស់ដែលខ្លួនមិនចង់បាន ដើម្បីបង្ហាញទៅកាន់មនុស្សដែលខ្លួនមិនចូលចិត្ត»។ - លោក Will Rogers
«បើអ្នកទិញរបស់ដែលខ្លួនមិនចាំបាច់មាន មិនយូរទេអ្នកនឹងត្រូវលក់របស់ដែលខ្លួនចាំបាច់វិញ»។ - លោក Warren Buffett
អ្នកមានចំណូលមធ្យមខ្លះ ហាក់កំពុងដើរតួរធ្វើជាអ្នកមាន ព្រោះខ្លាចគេថាខ្លួនអន់ ទើបខំចំណាយលុយសន្សំ និងប្រើបំណុលបន្ថែម ដើម្បីទិញរបស់ប្រើប្រាស់នានា សម្រាប់បង្ហាញពីភាពអស្ចារ្យរបស់ខ្លួន។ ប៉ុន្ដែ សម្រាប់អ្នកមានពិតប្រាកដ គេមិនបានប្រើខ្ទង់ចំណាយបែបនេះឡើយ ប៉ុន្ដែ រាល់ការចំណាយរបស់ពួកគេ គឺដើម្បីបង្កើនទ្រព្យ តែមិនសូវគិតពីរឿងស៊ីវិល័យប៉ុន្មាននោះទេ ដូចពាក្យខ្មែរយើងពោលថា «ងើយស្កក ឱនដាក់គ្រាប់»។
៣, អ្នកចំណូលមធ្យមឡើងតាមជណ្ដើរ អ្នកចំណូលខ្ពស់ជាម្ចាស់ជណ្ដើរ
«អ្នកមានបំផុតក្នុងលោក ស្វែងរក និងបង្កើតបណ្ដាញទំនាក់ទំនង (Networks) ហើយអ្នកផ្សេងទៀតចេះតែស្វែងរកការងារធ្វើប៉ុណ្ណោះ»។ - លោក Robert Kiyosaki
អ្នកចំណូលមធ្យមភាគច្រើន ចូលចិត្តធ្វើការឲ្យអ្នកដទៃ ហើយការងារនោះជាប្រភពចំណូលសំខាន់សម្រាប់ពួកគេ។ រីឯអ្នកមានចំណូលលើមធ្យម គឺជាអ្នកធ្វើការសម្រាប់ខ្លួនឯង ហើយគាត់ជាម្ចាស់នៃការងារនោះ។ ដោយឡែក អ្នកចំណូលខ្ពស់ ជាអ្នកធ្វើពាណិជ្ជកម្ម សហគ្រិន ឬវិនិយោគិន។ ពួកជាអ្នកបង្កើត និងជាម្ចាស់នៃជណ្ដើរសម្រាប់ឲ្យអ្នកចំណូលមធ្យមដើរចុះឡើងរាល់ថ្ងៃ។
៤, អ្នកចំណូលមធ្យមជាមិត្តនៃមនុស្សគ្រប់គ្នា អ្នកចំណូលខ្ពស់ជ្រើសរើសមិត្តដោយម៉ត់ចត់
«វាជារឿងប្រសើរបំផុត ដែលអ្នកដើរចូលជាមួយមនុស្សដែលល្អជាងអ្នក។ ការសេពគប់ មនុស្សដែលមានចរិយាមាយាថល្អជាងអ្នក នោះនឹងអាចនាំអ្នកទៅរកអនាគតគាប់ប្រសើរ»។ -លោក Warren Buffett
ការសេពគប់មិត្តភក្ដិ ដែលមានគំនិត និងអត្តចរិតល្អ នោះអនាគតរបស់អ្នកនឹងដើរទៅរកផ្លូវល្អដែរ។ តែបើជុំវិញខ្លួនអ្នកសុទ្ធតែជាមនុស្សពូកែដើរលេង ផឹកស៊ី គ្មានការគិតវែងឆ្ងាយ នោះមិនយូរមិនឆាប់អ្នកក៏អាចដើរទៅរកផ្លូវនោះដែរ។ ការសេពគប់មិត្តភក្ដិ ក៏ជាការវិនិយោគមួយដែរ បើអ្នកជ្រើសខុស អ្នកនឹងត្រូវខាតបង់ធ្ងន់ធ្ងរនៅថ្ងៃក្រោយ។
“មនុស្សភាគច្រើនប្រើបំណុលដើម្បីទិញរបស់ដែលខ្លួនមិនចង់បាន ដើម្បីបង្ហាញទៅកាន់មនុស្សដែលខ្លួនមិនចូលចិត្ត”
៥, អ្នកចំណូលមធ្យមធ្វើការដើម្បីរកលុយ អ្នកចំណូលខ្ពស់ធ្វើការដើម្បីរៀនច្រើនជាងរកលុយ
«ពេលអ្នកនៅក្មេង ធ្វើការដើម្បីរៀន កុំធ្វើការដើម្បីតែលុយ» ។ - លោក Robert Kiyosaki
អ្នកចំណូលមធ្យមងាយស្រួលក្នុងការបញ្ចុះបញ្ចូល ដើម្បីផ្លាស់ប្តូរការងារណាស់ ប្រសិនបើផ្ដល់ប្រាក់ខែឲ្យខ្ពស់ជាងកន្លែងការចាស់។ ប៉ុន្ដែ អ្នកចំណូលខ្ពស់ យល់ច្បាស់ថា ការធ្វើការមិនមែនសម្រាប់តែលុយនោះទេ ជាពិសេសគឺនៅឆ្នាំដំបូងៗនៃការចូលប្រឡូកក្នុងវិស័យការងារ។ ពួកគេយល់ថា ការងារ គឺជាការអភិវឌ្ឍជំនាញ និងបុគ្គលិកលក្ខណៈ ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជាអ្នកមាននៅថ្ងៃណាមួយ។ តួយ៉ាង ការធ្វើការងារជាបុគ្គលិកផ្នែកលក់ គឺជាការស្វែងយល់ពី ពិភពនៃការលក់ (World of selling)។ បើអ្នកធ្វើជាគណនេយ្យករ ឬបម្រើការក្នុងវិស័យធនាគារ គឺជាការស្វែងយល់ពីជំនាញគណនេយ្យ ដែលជំនាញទាំងអស់នេះ សុទ្ធតែទាមទារឲ្យអ្នកត្រូវចេះនៅពេលដែលអ្នកក្លាយទៅជាថៅកែគេ ឬអ្នកមាន។
៦, អ្នកចំណូលមធ្យមផ្ដោតលើការសន្សំ អ្នកចំណូលខ្ពស់ផ្ដោតលើការរកលុយបន្ថែម
«ទ្រព្យសម្បត្តិដ៏ប្រសើរបំផុត គឺជាសមត្ថភាពក្នុងការបង្កើនប្រាក់ចំណូល ហើយធនធានដ៏សំខាន់បំផុតសម្រាប់អ្នក គឺពេលវេលាដែលអ្នកមាន»។ -លោក Brian Tracy
ការសន្សំ គឺមានសារសំខាន់ តែការវិនិយោគ គឺរឹតតែសំខាន់ជាងការសន្សំទៅទៀត។ ប៉ុន្ដែ ការបង្កើនចំណូល គឺជាគ្រឹះនៃវិធីទាំងពីរនេះ។ អ្នកមានចំណូលខ្ពស់ដឹងយ៉ាងប្រាកដថា ការសន្សំមិនងាយនឹងក្លាយជាអ្នកមានបានឡើយ តែការប្រើសមត្ថភាពក្នុងការបង្កើនចំណូលតាមរយៈការវិនិយោគ ឬបង្កើតអាជីវកម្មផ្សេងៗ ទើបជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីក្លាយជាអ្នកមាន។
៧, អ្នកចំណូលមធ្យមប្រើអារម្មណ៍គ្រប់គ្រងលុយ អ្នកចំណូលខ្ពស់ប្រើតក្កវិជ្ជា (Logical)
«មានតែការប្រើប្រាស់នូវពាក្យសម្ដី ប្រកបដោយបញ្ញា និងការគ្រប់គ្រងផ្លូវអារម្មណ៍ប៉ុណ្ណោះ ទើបអ្នកអាចទទួលបានកិរិយាមាយាថ និងការសម្រេចចិត្តដោយសមហេតុផល»។ -លោក Warren Buffett
នៅក្នុងសៀវភៅដែលមានចំណងជើងថា «របៀបគិតរបស់អ្នកមាន (How Rich People Think)» បានលើកឡើងថា មានជាង ១០០ករណីផ្សេងគ្នា ដែលអ្នកមានគិតពីលុយ បើធៀបនឹងអ្នកចំណូលមធ្យម។ ក្នុងនោះ ចំណុចពិសេសមួយ ដែលមានភាពខុសគ្នាបំផុត រវាងបុគ្គលទាំង២ប្រភេទនេះ គឺអ្នកចំណូលមធ្យមមើលឃើញលុយក្នុងលក្ខណៈផ្លូវអារម្មណ៍ ប៉ុន្ដែអ្នកមានមើលឃើញពីលុយក្នុងលក្ខណៈតក្កវិជ្ជា។ ការយល់ឃើញបែបបុគ្គលអ្នកចំណូលមធ្យមនេះ វាអាចនឹងជិះឥទ្ធិពលដល់ការសម្រេចចិត្តទាក់ទងនឹងហិរញ្ញវត្ថុ ព្រោះបើអ្នកប្រើអារម្មណ៍ដើម្បីសម្រេចចិត្ត វាអាចងាយនឹងប្រឈមមុខនឹងភាពហិនហោចទៅថ្ងៃមុខ។ មហាសេដ្ឋីពិភពលោក លោក Warren Buffett បានពន្យល់ថា ការវិនិយោគ គឺទាមទារឲ្យមានការគ្រប់គ្រងអារម្មណ៍ឲ្យច្រើនជាងការប្រើលុយ ព្រោះពេលខ្លះអារម្មណ៍អាចជំរុញឲ្យមនុស្សចំណាយលុយច្រើន តែរកមកវិញបានតិច។
៨, អ្នកចំណូលមធ្យមយល់ថា សក្ដានុពលខ្លួនមានដែនកំណត់ អ្នកចំណូលខ្ពស់កំណត់គោលដៅមហិមា
«កំណត់គោលដៅឲ្យខ្ពស់ ហើយកុំបញ្ឈប់ ដរាបណាអ្នកទៅដល់»។ - លោក Bo Jackson
«បើអ្នកជ្រុលតែគិតហើយ ត្រូវហ៊ានគិតឲ្យធំ»។ - លោក Donald Trump
អ្នកចំណូលមធ្យមមានការកំណត់គោលដៅ ទៅតាមលទ្ធភាព និងមានលក្ខណៈខុសប្លែកគ្នាពីអ្នកចំណូលខ្ពស់។ អ្នកចំណូលមធ្យម តែងនិយមកំណត់គោលដៅណា ដែលមានសុវត្ថិភាព ឬងាយៗនឹងសម្រេចបាន។ ប៉ុន្ដែ អ្នកចំណូលខ្ពស់វិញ គឺកំណត់គោលដៅណា ដែលអ្នកភាគច្រើនគិតថា មិនអាចធ្វើទៅបាន ពោលគឺ ជាគោលដៅដែលលំបាកៗ ឬអ្នកដទៃតែងហៅថា «គោលដៅឆ្កួតៗ»។ ប៉ុន្ដែ ពួកគេដឹងយ៉ាងច្បាស់ថា ខ្លួនគេពិតជាសម្រេចវាបាន ហើយវាស្ថិតជាប់នៅក្នុងផ្នត់គំនិតរបស់ពួកគេជានិច្ច។
៩, អ្នកចំណូលមធ្យមជឿលើការខិតខំធ្វើការងារសកម្ម អ្នកចំណូលខ្ពស់ជឿលើកម្លាំងជំរុញបន្ថែម (Leverage)
«វាជារឿងងាយស្រួលក្នុងការដាក់បញ្ចូលធនធានដែលដំណើរការដើម្បីប្រើការ ជាជាងការខំអភិវឌ្ឍធនធានដែលមិនអាចដំណើរការបាន»។ - លោក George Soros
ការខិតខំធ្វើការងារឲ្យសកម្ម គឺជារឿងចាំបាច់សម្រាប់បុគ្គលគ្រប់រូប ប្រសិនបើយើងចង់ឈានទៅដល់ចំណុចកំពូល ពោលគឺត្រូវដាក់ចិត្តដាក់កាយក្នុងការងារនោះ។ បញ្ហាគឺស្ថិតនៅត្រង់ថា ការធ្វើការងារសកម្មតែម្យ៉ាង មិនអាចជួយឲ្យក្លាយជាអ្នកមានបានទេ អ្នកមិនអាចយកដៃទាំងពីររបស់អ្នកឱបភ្នំមួយម្នាក់ឯងបានឡើយ។ អ្នកត្រូវប្រើប្រាស់កម្លាំងជំនួយបន្ថែម ដើម្បីជំរុញឲ្យកិច្ចការកាន់តែទៅមុខបានរលូន និងជោគជ័យបានឆាប់។ ជំនួយបន្ថែម (Leverage) គឺជាមធ្យោបាយមួយ ដែលអាចប្រើប្រាស់បានក្នុងបរិបទច្រើនយ៉ាងណាស់ ដូចជាការប្រើប្រាស់ធនធានខាងក្រៅ (លុយកាក់ គំនិត ជំនាញរបស់អ្នកដទៃ) ដើម្បីការវិនិយោគ ឬប្រកបអាជីវកម្មជាដើម។
គួរកត់សម្គាល់ថា គំនិតដែលបានលើកឡើងខាងលើនេះ គឺជាគំនិតដែលបានសិក្សាស្រាវជ្រាវរបស់ខេមបូណូមីស ដោយផ្អែកលើឯកសារមួយចំនួន និងបទពិសោធន៍របស់បុគ្គលជោគជ័យ ដែលវាគ្រាន់តែជាចំណីគំនិតសម្រាប់ការពិចារណាប៉ុណ្ណោះ។ ទោះយ៉ាងណា ខេមបូណូមីស សង្ឃឹមថា លោកអ្នកនឹងទទួលបានចំណេះដឹងថ្មីៗ បន្ទាប់ពីបានអានអត្ថបទមួយនេះ៕