គម្រោងសាងសង់ភាគច្រើន គឺការអភិវឌ្ឍសាងសង់បុរីលំនៅដ្ឋាន អាផាតមិន អគារស្នាក់នៅរួម សណ្ឋាគារ រោងចក្រ និងសំណង់ពាណិជ្ជកម្មផ្សេងៗទៀតនៅតែបន្តការសាងសង់ជាច្រើន។
ជាក់ស្តែង តួលេខពីការសាងសង់ផ្សេងៗ បូករួមជាមួយនឹងទឹកប្រាក់វិនិយោគនៅក្នុងវិស័យសំណង់ក្នុងឆ្នាំ២០១៦ នៅតែបន្តកើនឡើងខ្លាំងលើសឆ្នាំមុនៗទៅទៀត។
ទុនវិនិយោគវិស័យសំណង់កើនដល់ជាង៨ពាន់លានដុល្លារក្នុងឆ្នាំ២០១៦
យោងតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបង្ហាញឲ្យដឹងថា នៅក្នុងរយៈពេលជិតមួយឆ្នាំពេញ ពោលគឺរយៈពេល ១១ខែដំបូងឆ្នាំ២០១៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានបន្តផ្តល់លិខិតអនុញ្ញាតសាងសង់ដល់អ្នកវិនិយោគជាតិ អន្តរជាតិ ក៏ដូចជា ប្រជាពលរដ្ឋខ្មែរសាងសង់លំនៅដ្ឋាន មានចំនួនសរុបប្រមាណ ២ពាន់៣៨៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៨ពាន់២០០លានដុល្លារអាមេរិក ពោលគឺបានកើនឡើង ១៧៦ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទឹកប្រាក់វិនិយោគសាងសង់សរុប ត្រឹមតែជិត៣ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ឡៅ ទិព្វសីហា បានមានប្រសាសន៍ប្រាប់សារព័ត៌មាន ថា ការកើនឡើងនៃវិស័យសំណង់នេះ គឺដោយសារតែមានលំហូរវិនិយោគិនពីក្រៅប្រទេស ក៏ដូចជាការកើនឡើងនៃវិនិយោគិនក្នុងស្រុកដែលនៅតែបន្តការសុំច្បាប់សាងសង់ជាបន្តបន្ទាប់ ខណៈដែលវិស័យសំណង់នេះកំពុងត្រូវការការអភិវឌ្ឍជាចាំបាច់។
លោក សីហា បន្តឲ្យដឹងថា គម្រោងដែលក្រសួងសំណង់ បានផ្តល់លិខិតអនុញ្ញាតឲ្យមានការសាងសង់ ក្នុងឆ្នាំ២០១៦ មានគម្រោងសាងសង់លំនៅដ្ឋាន ដូចជា អគារស្នាក់នៅរួម ផ្ទះល្វែង វិឡា អគាររោងចក្រឧស្សាហកម្ម អគារការិយាល័យ ផ្ទះសំណាក់ និងសណ្ឋាគារ ជាដើម។
ការអភិវឌ្ឍសំណង់អគារផ្សេងៗនៅកម្ពុជា បាននិងកំពុងបោះជំហានទៅមុខយ៉ាងឆាប់រហ័សនៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ តួលេខពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានឲ្យដឹងទៀតថា គិតចាប់តាំងពីឆ្នាំ២០០៥ រហូតមកដល់រយៈពេល១១ខែឆ្នាំ២០១៦ មានសំណង់អគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ នៅក្នុងរាជធានីភ្នំពេញ កើនដល់ ៦៤៤អគារ។
កំណើនអគារខ្ពស់ៗទាំងអស់នេះគឺជាការឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យសំណង់និងសេដ្ឋកិច្ចកម្ពុជា ដែលមានការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកើនជុំវិញ ៧ភាគរយ។
ក្នុងឆ្នាំ២០១៦ មានគម្រោងអភិវឌ្ឍន៍សំណង់អគារខ្ពស់ៗ ចំនួនប្រមាណ ៨១អគារ ត្រូវបានសុំច្បាប់សាងសង់ដោយវិនិយោគិនជាម្ចាស់ស្រុក និង បានផ្តល់លិខិតអនុញ្ញាតសាងសង់សំណង់ផ្សេងៗ ដល់វិនិយោគបរទេសមានចំនួន ៤៣គម្រោង។
ចិនវិនិយោគក្នុងវិស័យសំណង់ជាប់លំដាប់ថ្នាក់លេខ១ និងកូរ៉េលេខ២
ទិន្នន័យពីក្រសួងរៀបចំដែនដី បង្ហាញឲ្យដឹងទៀតថា ក្នុងរយៈពេល១១ខែឆ្នាំ២០១៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់សំណង់ដល់អ្នកវិនិយោគបរទេស ចំនួន៤៣ គម្រោង ដែលមានទុនវិនិយោគសរុប ៩៩៥លានដុល្លារអាមេរិក ក្នុងនោះគម្រោងអភិវឌ្ឍន៍សំណង់មកពីប្រទេសចិនស្ថិតនៅលំដាប់ថ្នាក់លេខ១ មានចំនួន ១៩គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ៨៣៩លានដុល្លារអាមេរិក។
ដោយឡែក ប្រទេសកូរ៉េខាងត្បូងឈរនៅលំដាប់ថ្នាក់លេខ២ ដែលបានបោះទុនវិនិយោគនៅក្នុងវិស័យសំណង់កម្ពុជា មានចំនួន ៣គម្រោង ដែលទឹកប្រាក់វិនិយោគ ៦២លានដុល្លារអាមេរិក ប្រទេសជប៉ុនមាន ១០គម្រោង ដែលមានទុនវិនិយោគ ៤២លានដុល្លារ និងប្រទេសសិង្ហបុរី ២គម្រោង មានទុនវិនិយោគ ២៣លានដុល្លារអាមេរិក៕