ថ្នាក់ដឹកនាំ CSX ចាត់ទុកការគ្រោងបោះផ្សាយលក់មូលបត្ររបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជេអេសលែន ភីអិលស៊ីនៅពេលឆាប់ៗនេះ គឺជាដំណឹងដ៏ល្អមួយសម្រាប់ផ្សារមូលបត្រកម្ពុជា ហើយវាក៏ជាឱកាសសម្រាប់អតិថិជនក្នុងការទទួលបានឱកាសវិនិយោគពីរក្នុងពេលតែមួយផងដែរ ពោលគឺបានទាំងការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យផង និងការវិនិយោគនៅក្នុងផ្សារភាគហ៊ុនផងដែរ។
អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ បានចាត់ទុកការត្រៀមចូលរួមចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិពីសំណាក់ក្រុមអភិវឌ្ឍន៍លំនៅឋានជេអេសលែនភីអិលស៊ី នៅពេលឆាប់ខាងមុខនេះ គឺជាដំណឹងដ៏ល្អមួយសម្រាប់ផ្សារមូលបត្រកម្ពុជា ក្នុងការផ្តល់ជម្រើសវិនិយោគកាន់តែសម្បូរបែបជូនអតិថិជន។ អតិថិជន នឹងទទួលបានឱកាសវិនិយោគពីរក្នុងពេលតែមួយ ទាំងលើវិស័យអចលនទ្រព្យ និងវិស័យមូលបត្រប្រសិនបើក្រុមហ៊ុននេះ ពិតបានចុះបញ្ជីលក់មូលបត្រក្នុងផ្សារមូលបត្រកម្ពុជាមែននោះ។ កត្តានេះវានឹងជួយស្រូបទាញអ្នកវិនិយោគលើវិស័យអចលនទ្រព្យ ឲ្យងាកមកវិនិយោគក្នុងវិស័យមូលបត្រកាន់តែច្រើន ក៏ដូចជាជួយទាក់ទាញក្រុមហ៊ុនផ្សេងៗឲ្យមកចុះបញ្ជីផងដែរ។
អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជារូបនេះ បានគូសបញ្ជាក់បន្ថែមថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បង្កជាការរាំងស្ទះដល់ការចុះបញ្ជីរបស់ក្រុមហ៊ុនមួយចំនួន ដែលធ្វើឲ្យការចុះបញ្ជីបោះផ្សាយលក់មូលបត្រក្នុងផ្សារមូលបត្រកម្ពុជាមានការយឺតយ៉ាវជាងការរំពឹងទុកនៅឆ្នាំ២០២១។ ឯកឧត្តមបន្តថា ក្នុងចំណោមក្រុមហ៊ុនថ្មីៗចំនួន៥ ដែលរំពឹងចុះបញ្ជីនៅឆ្នាំនេះ គឺមានតែក្រុមហ៊ុនពីរប៉ុណ្ណោះបានចុះបញ្ជី ខណៈក្រុមហ៊ុន៣ទៀតត្រូវអូសបន្លាយដល់ឆ្នាំ២០២២។ ជាមួយគ្នានេះ ឯកឧត្តម រំពឹងថា ផ្សារមូលបត្រកម្ពុជានឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីៗជាច្រើនបន្ថែមទៀតនៅឆ្នាំ២០២២ ខាងមុខ។
ជុំវិញដំណើរការចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ជេអេស លែន នេះដែរ និយ័តករមូលបត្រកម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននេះ ទទួលបានការអនុម័តលើសំណើរសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិពីនិយ័តករមូលបត្ររួចហើយ។ និយ័តករមូលបត្រកម្ពុជា នឹងចេញសេចក្តីសម្រេចជាផ្លូវការជូនក្រុមហ៊ុននេះក្នុងការបន្តនីតិវិធីនៃការធ្វើបរិវិសកម្ម និងការចុះបញ្ជីលើផ្សារមូលបត្រកម្ពុជា ក្រោយក្រុមហ៊ុននេះបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់។ ក្រុមហ៊ុននេះនឹងក្លាយជាក្រុមទីពីរដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅលើទីផ្សារកំណើននៃផ្សារមូលបត្រកម្ពុជា។
សូមបញ្ជាក់ថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន១៤ក្រុមហ៊ុន ក្នុងនោះ មាន៨ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន និង៦ក្រុមហ៊ុនទៀតចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ នៅត្រឹមឆមាសទី១ ឆ្នាំ២០២០១ បរិមាណជួញដូរជាមធ្យមបានកើនឡើងដល់១១ម៉ឺនភាគហ៊ុនក្នុងមួយថ្ងៃ កើនជាង១៣៥% ធៀបកាលពីឆ្នាំ២០២០។ ជាមួយគ្នានេះ ទំហំជួញដូរភាគហ៊ុនជាមធ្យមកើនឡើងប្រមាណ៧០%៕