បើទោះបី បច្ចុប្បន្ន ស្ថានភាពកូវីដ-១៩ នៅកម្ពុជា ចាប់ផ្ដើមមានភាពប្រសើរឡើងវិញ
ដែលបានធ្វើឲ្យប្រមុខរាជរដ្ឋាភិបាល សម្រេចឱ្យមានការបើកប្រទេសឡើងវិញលើគ្រប់វិស័យ
ក៏ដោយចុះ អគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តលើកលែងពន្ធចំនួន៦ខែទៀត
លើវិស័យដែលងាយរងគ្រោះទាំងនេះ។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តបន្ធូរបន្ថយ និងលើកលែងពន្ធ លើវិស័យមួយចំនួនដែលរងគ្រោះដោយសារវិបត្តិកូវីដ-១៩ ចំនួន ៦ខែទៀត ដោយគិតចាប់ពី ខែមករា ឆ្នាំ២០២២ តទៅ។ ថ្នាក់ដឹកនាំពន្ធដាររូបនេះ បានគូសបញ្ជាក់ថា ពិតណាស់ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ចាប់ផ្ដើមធូរស្បើយឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា ក៏សម្រេចបើកប្រទេសឡើងវិញដែរ ប៉ុន្តែសម្រាប់វិស័យមួយចំនួនដែលរងគ្រោះដោយសារកូវីដ-១៩ មិនទាន់អាចងើបឡើងវិញភ្លាមនោះទេ។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុនផលិតស្រាបៀរ HEINEKEN ឯកឧត្តម គង់ វិបុល បានបញ្ជាក់ទៀតថា វិបត្តិកូវីដ-១៩ ពិតជាបានប៉ះពាល់ធ្ងន់ធ្ងរ ដល់ការងារប្រមូលពន្ធដារ គួបផ្សំមានការលើកលែងនិងបន្ធូរបន្ថយពន្ធទៀតនោះ បានធ្វើឱ្យការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ នៅឆ្នាំនេះមានការធ្លាក់ចុះ។ យ៉ាងណាក៏ដោយ ឯកឧត្តម គង់ វិបុល នៅតែមានសុទិដ្ឋិនិយមលើការងារប្រមូលពន្ធដារ ថាមានប្រសិទ្ធិភាពខ្ពស់ អំឡុងវិបត្តិកូវីដ-១៩។ បើទោះបីការលើកលែងពន្ធលើវិស័យមួយចំនួនក៏ពិតមែន តែអគ្គនាយកដ្ឋានពន្ធដារ បានរៀបចំគោលការណ៍ត្រឹមត្រូវលើការងារប្រមូលពន្ធ អំឡុងវិបត្តិកូវីដ-១៩នេះ។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលថវិកាបានជាង ២ពាន់១រយលានដុល្លារ ដែលមានការថយចុះ ក្នុងរង្វង់៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ក៏ប៉ុន្តែ ជុំវិញការប្រមូលពន្ធដារនៅឆ្នាំ២០២១នេះ ត្រូវបាន ឯកឧត្តម គង់ វិបុល យល់ថា នៅតែមានសញ្ញាណវិជ្ជមាននៅឡើយ ដោយលោកបានអះអាងថា ការប្រមូលចំណូលពន្ធ រយៈពេល ១០ខែឆ្នាំ២០២១ បានលើសផែនការរហូត ៣ភាគរយទៅហើយ៕