ផលិតផលស្វាយចន្ទី ស្ថិតក្នុងចំណោមផលិតផលកសិកម្មសក្ដានុពលសម្រាប់ការនាំចេញរបស់កម្ពុជា ហើយបើទោះបីជា សេដ្ឋកិច្ចកម្ពុជារួមទាំងប្រទេសនានាកំពុងមានការរំខានដោយសារតែមេរោគរាតត្បាតនៃជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្ដែ វាមិនបានផលប៉ះពាល់ ឬជះឥទ្ធិលអាក្រក់ខ្លាំងទៅដល់ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជានោះឡើយ។
ជាក់ស្ដែង តាមរបាយការណ៍ក្រសួងកសិកម្មបង្ហាញថា ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសនៅរយៈពេល១០ខែឆ្នាំ២០២១នេះ មានការកើឡើងដល់ទៅជាង៩០ម៉ឺនតោន កើនឡើងដល់ទៅជាង៣០០% ឯណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះទីផ្សារប្រទេសវៀតណាមបានស្រូបទាញការនាំចេញច្រើនជាងគេបំផុតដល់ទៅជាង ៩០%ឯណោះ។
របាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា ទីផ្សារដែលកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនោះ គឺប្រទេសវៀតណាម បន្ទាប់មកប្រទេសចិន ជប៉ុន ថៃ ឥណ្ឌា កូរ៉េ បង់ក្លាដេស ឡាវ និងរួមទាំងប្រទេសអារ៉ាប់រួមផងដែរ។
លោក ស៊ុយ កុកធាន ដែលជាអនុប្រធានសមាគម និងជាអ្នកនាំពាក្យ សមគមស្វាយចន្ទីក៏បានប្រាប់ក្រុមការងារខេមបូណូមីសថា យោងតាមទ័ន្នន័យរបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជា បច្ចុប្បន្នកម្ពុជាអាចនាំចេញគ្រាប់ស្វាយចន្ទីបានក្នុងតម្លៃជាង ១ពាន់៥រយដុល្លារ នៅក្នុងមួយតោន។ អនុប្រធានសមគមរូបនេះបានរំពឹងថា កម្ពុជានឹងអាចទាក់ទាញវិនិយោគ គិនឲ្យចូលមកបង្កើតរោងចក្រកែច្នៃបន្ថែមទៀត ខណៈនៅពេលនេះលោកក៏បានសង្កេតឃើញថាក្រៅពីផ្សារវៀតណាមនោះ ប្រទេសចិនក៏កំពុងតែមានតម្រូវការស្វាយចន្ទីខ្លាំងផងដែរ។
ទន្ទឹមនឹងតម្រូវការខ្លាំងនេះ បានធ្វើឲ្យសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី នៅកម្ពុជា ហាក់មានការរីកដុះដាលជាងមុនផងដែរ ដើម្បីបំពេញតម្រូវការទៅកាន់ទីផ្សារឲ្យបានគ្រប់គ្រាន់។
លោកស្រី អ៊ិន ឡៃហួត ដែលជាម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ បានបញ្ជាក់ថា សិប្បកម្មរបស់លោកស្រីនៅមួយរយៈចុងក្រោយនេះ កំពុងទទួលបានការតម្រូវការខ្លាំងពីទីផ្សារក្រៅប្រទេស បើទោះបីជាស្តិតនៅក្នុងបរិបទកូវីដ-១៩ក៏ដោយ។ លោកស្រីបានបន្តទៀតថានៅក្នុងមួយឆ្នាំការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់សិប្បកម្មលោកស្រីមានចន្លោះពី១០ទៅ៣០តោន។ ក្នុងនោះ មានជាង៧០% គឺផ្គត់ផ្គង់ទីផ្សារក្រៅប្រទេស ហើយ៣០%ទៀតគឺការផ្គត់ផ្គង់នៅក្នុងស្រុកតែម្ដង។
ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីរូបនេះ បានបន្ថែមទៀតថា សម្រាប់ការលក់គ្រាប់ស្វាយចន្ទីកែច្នៃរួច គឺមានចាប់ពី៦ដុល្លាអាមេរិកឡើងទៅនៅក្នុងមួយគីឡូក្រាម ដែលវាអាស្រ័យទៅលើប្រភេទរបស់វា។
ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី បានអះអាងទៀតថា ការកែច្នៃស្វាយចន្ទី ដែលគឺមិនមានជួបបញ្ហាអ្វីច្រើននោះទេ នៅអំឡុងពេលកូវីដ១៩ដោយសារតែសព្វថ្ងៃនេះ កម្ពុជាមានទីផ្សារច្បាស់លាស់នៅក្នុងនាំចេញ ប៉ុន្ដែ អ្វីដែលជាបញ្ហាចោទនោះ គឺទាក់ទងនឹងទុនវិនិយោគតែប៉ុណ្ណោះ ដោយសារតែនៅពេលនេះការដាំដុះស្វាយចន្ទីមានច្រើនពីសំណាក់កសិករកម្ពុជា ដែលទាមទារឲ្យមានការពង្រីកការវិនិយោគទៅលើសិប្បកម្ម ឬរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែមទៀត៕
អត្ថបទ ហួន ស្រីនីត