ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC) នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានប្រារព្ធកម្មវិធីអបអរសាទរខួប ១០ឆ្នាំ នៃការបង្កើតប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ដើម្បីអបអរសាទរដល់ក្រុមហ៊ុន CBC ក្នុងដំណើរការប្រតិបត្តិការ រយៈពេល ១០ ឆ្នាំរបស់ខ្លួន ដើម្បីលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ដែលមានវត្តមានលោកជំទាវ ជា សិរី ឧបការីទេសាភិបាលរបស់ធនាគារជាតិនៃកម្ពុជា។ ថ្លែងនាឱកាសនោះ លោកជំទាវ ជា សិរី ឧបការីទេសាភិបាលរបស់ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ក្នុងរយៈពេលមួយទស្សវត្សចុងក្រោយនេះ CBC បានដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់និងបង្កើនស្ថេរភាពវិស័យហិរញ្ញវត្ថុ។ របាយការណ៍ឥណទាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សារភ្ជាប់គម្លាតព័ត៌មានរវាងអ្នកផ្ដល់កម្ចី និងអ្នកប្រើប្រាស់កម្ចី ដើម្បីវាយតម្លៃហានិភ័យឥណទានយ៉ាងឆាប់រហ័ស និងធ្វើការសម្រេចចិត្តលើប្រាក់កម្ចីដែលជាការម្រួលដល់ការទទួលបានហិរញ្ញវត្ថុ។
លោកជំទាវ ជា សិរី ឧបការីទេសាភិបាលរបស់ធនាគារជាតិនៃកម្ពុជា បានចាត់ទុកក្រុមហ៊ុន CBC គឺជាចំណែកដ៏សំខាន់ ក្នុងការជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈប្រតិបត្តិការ រយៈពេល ១០ឆ្នាំ របស់ CBC ដែលបានបង្កើតឡើងនៅឆ្នាំ២០១២ ក្នុងគោលបំណងធ្វើឱ្យមានភាពប្រសើរឡើងនូវការវាយតម្លៃហានិភ័យឥណទាន និងធ្វើឱ្យទីផ្សារឥណទានមានតម្លាភាព និងការគ្រប់គ្រងបានយ៉ាងល្អប្រសើរ សម្រាប់ស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេស។ លោក ជំទាវ ជា សិរី បានកត់សម្គាល់ឃើញថា រយៈពេលមួយទស្សវត្សចុងក្រោយនេះ CBC បាននឹងកំពុងពង្រីកខ្លួន និងបន្ដរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។
បើតាមលោកជំទាវ ជា សេរី ការនាំយកព័ត៌មានឥណទានបុគ្គល និងអាជីវកម្មទាំងអស់ ដែលស្ថិតនៅក្រោមប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយ ការទទួលខុសត្រូវ និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព គឺជាការប្តេជ្ញាចិត្តដ៏សំខាន់មួយនៅក្រោមចក្ខុវិស័យ និងបេសកកម្មរបស់ ស៊ីប៊ីស៊ី។ លោកជំទាវបង្ហាញក្ដីរំពឹងថា នៅពេលអនាគត ស៊ីប៊ីស៊ី នឹងអនុញ្ញាតឱ្យមានក្របខណ្ឌរបាយការណ៍ ឥណទានឆ្លងព្រំដែន ដើម្បីបើកលទ្ធភាពទទួលបានហិរញ្ញវត្ថុដោយគ្មានព្រំដែនភូមិសាស្ត្រ។ ពិសេសនៅក្នុងប៉ុន្មានឆ្នាំខាងមុខ ស៊ីប៊ីស៊ី អាចទាញយក ប្រភពទិន្នន័យជំនួសជាច្រើន តាមរយៈការសហការជាមួយប្រព័ន្ធ សេវាទឹកភ្លើង ទូរគមនាគមន៍ និងក្រុមហ៊ុនទូទាត់ ប្រាក់ផ្សេងៗ ផងដែរ។
ដោយឡែក លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានលើកឡើងថា អំឡុងនៃការធ្វើដំណើរ រយៈពេល១០ឆ្នាំកន្លងមកនេះ CBC បានផ្តល់ជូននូវការរាយការណ៍ និងហេដ្ឋារចនាសម្ព័ន្ធវិភាគដ៏ទំនើប និងសុវត្ថិភាពដល់ស្ថាប័នហិរញ្ញវត្ថុ ជាសមាជិករបស់ខ្លួន ដើម្បីធ្វើឱ្យទីផ្សារឥណទានដំណើរការប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ លោកបន្ថែមថា អ្វីដែលជាគោលការណ៍របស់ CBC នៅថ្ងៃខាងមុខនោះ CBC នឹងបន្តអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរថែមទៀត ដើម្បីបន្តបេសកម្មលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។
សូមបញ្ជាក់ថា បច្ចុប្បន្ន CBC បានបើកដំណើរការឧបករណ៍វិភាគទិន្នន័យ ដែលជំរុញឱ្យមានប្រព័ន្ធអេកូឡូស៊ី ក្នុងការធ្វើការសម្រេចចិត្ត លើកកម្ពស់ ការគ្រប់គ្រងហានិភ័យឥណទានតាមរយៈបច្ចេកវិទ្យានៃអាជីវកម្មឆ្លាតវៃ ការវិភាគទិន្នន័យ និងដំណោះស្រាយការវិភាគព្យាករណ៍ សម្រាប់ ការវាយតម្លៃសំណើសុំប្រាក់កម្ចី ការត្រួតពិនិត្យផលប័ត្រ និងការវិភាគយុទ្ធសាស្រ្ត។ បន្ទាប់ពីបានបើកដំណើរការ សេវាវិភាគទិន្នន័យជំនាន់ថ្មី (DAR) និង ពិន្ទុ ខេ ស្ករ (K-Score) ក្នុងឆ្នាំ ២០២០ កន្លងទៅ CBC បានដាក់ឱ្យដំណើរការនូវដំណោះស្រាយ ផែនទីហានិភ័យឥណទាន ដំបូងបង្អស់នៅកម្ពុជា សម្រាប់សមាជិកទាំងអស់របស់ខ្លួន៕