លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និង ជាទីប្រឹក្សារដ្ឋចិន បានជួបពិភាក្សាជាមួយនឹង រុស្សី ឥណ្ឌា នាពេលថ្មីៗនេះ ដោយក្នុងនោះ លោក វ៉ាង យី បានរិះគន់កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ ដែលអាមេរិកគ្រោងនឹងរៀបចំធ្វើឡើងនៅខែក្រោយតាមប្រព័ន្ធវីដេអូ ថាជាការបែងចែក និង ប្រកាន់បក្សពួក។
កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ នឹងត្រូវអាមេរិករៀបចំឡើងពីថ្ងៃទី ០៩ ដល់ទី១០ខែធ្នូ ដោយមានការចូលរួមពីប្រមាណ ១១០ប្រទេស ប៉ុន្តែមិនបានអញ្ជើញចិន និងរុស្សីចូលរួមនោះទេ។ ជាក់ស្តែង អ្វីដែលចិនប្រតិកម្មនោះ គឺមិនមែនដោយសារតែអាមេរិកមិនអញ្ជើញចិនតែមួយមុខនោះទេ ចិនប្រតិកម្មក៏ដោយសារតែ ទីក្រុងវ៉ាស៊ីនតោន មិនបានអញ្ជើញចិនឲ្យចូលរួមហើយ បែរជាអញ្ជើញកោះតៃវ៉ាន់ដែលចិនតែងចាត់ទុកដែនដីខេត្តមួយរបស់ចិនឲ្យមកចូលរួមទៅវិញ។ ទីក្រុងប៉េកាំងកំពុងព្រួយបារម្ភថា វត្តមានរបស់ក្រុងតៃប៉ិនៅក្នុងកិច្ចប្រជុំ នឹងផ្តល់ឱកាសឲ្យដែនកោះមួយនេះ ចូលរួមក្នុងកិច្ចប្រជុំ ឬអង្គការអន្តរជាតិនានា នៅពេលក្រោយ។
ដោយឡែក មិនខុសពីចិនប៉ុន្មានទេភាគី រុស្សីឯណោះវិញ បានរិះគន់កិច្ចប្រជុំរបស់អាមេរិកថា នឹងបង្កើតការប្រឈមមុខដាក់គ្នា ព្រមទាំងបង្កើតការបែងចែកមនោគមវិជ្ជាឡើងវិញទៀតផង។
គួរបញ្ជាក់ថា ការចូលរួមរបស់កោះតៃវ៉ាន់ ក្នុងកិច្ចប្រជុំ ឬអង្គការអន្តរជាតិនានា សុទ្ធសឹងជាការផ្ទុយស្រឡះ ទៅនឹងគោលការណ៍ចិនតែមួយ ដែលប៉េកាំងតែងតែប្រកាន់ខ្ជាប់ថា នៅលើលោកនេះមានប្រទេសចិនតែមួយប៉ុណ្ណោះ ហើយកោះតៃវ៉ាន់ជាផ្នែកមួយរបស់ចិន។
បន្ថែមពីលើជំនួបជាមួយប្រទេសរុស្សី លោក វ៉ាង យី ក៏បានជួបនិយាយជាមួយប្រទេសដទៃទៀតផងដែរ ហើយដែលសុទ្ធសឹងជាប្រទេសមិនត្រូវបានអាមេរិកអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំប្រជាធិបតេយ្យ ក្នុងនោះរួមមានប្រទេសអ៊ីរ៉ង់ជាដើម។
សូមជម្រាបថា នេះគឺជាការកោះអញ្ជើញដោយកម្រ និងលើកដំបូងសម្រាប់ដែនកោះតៃវ៉ាន់ ហើយវាក៏ជាការសាកល្បងថ្មីលើកដំបូងមួយដូចគ្នាដែរ សម្រាប់ជាយុទ្ធសាស្ត្រការបរទេសេ របស់ក្រុងវ៉ាស៊ីនតោន ចាប់តាំងពីលោកចូ បៃឌិនចូលកាន់តំណែង។
កន្លងមករដ្ឋបាលលោកចូ បៃឌិន បានព្យាយាមកៀរគរសម្លេងពីសហគមន៍អន្តរជាតិម្តងជាពីរដងរួចមកហើយ ដើម្បីឲ្យកោះតៃវ៉ាន់ មានលទ្ធភាពអាចចូលរួមក្នុងសកម្មភាព និងចូលរួមជាមួយអង្គការអន្តរជាតិនានា ដូចជាអង្គការសហប្រជាជាតិជាដើម ប៉ុន្តែមិនទទួលបានលទ្ធផលនោះទេ ហើយថែមទាំងបានរងការបរិហារយ៉ាងខ្លាំងពីសំណាកក្រុងប៉េកាំងទៀតផង៕