ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានបង្ហាញពីលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០២១ ដែលក្នុងនោះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានជិត ២,៣ពាន់លានដុល្លារអាមេរិក មានការថយចុះប្រមាណជាង ៥% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០។ លទ្ធផលនេះ គឺសម្រេចបានជាង ៩៧% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
ក្នុងនោះ អាករលើតម្លៃបន្ថែមមានចំនួនជាង ៣ពាន់៥រយ ប៊ីលានរៀល ត្រូវជាជិត ៣៨% នៃចំណូលសរុប អាករពិសេសមានចំនួនជាង ៣ពាន់៥រយ ប៊ីលានរៀល ត្រូវនឹងជាង៣៨%នៃចំណូលសរុប ពន្ធគយមានចំនួនជាង ១ពាន់៦រយ ប៊ីលានរៀល ត្រូវជា ១៨% នៃចំណូលសរុប អាករបន្ថែមលើផលិតផលប្រេងមានចំនួនជាង ៣រយ ប៊ីលានរៀល ត្រូវនឹងជាង ៤% នៃចំណូលសរុបនិងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួនជិត ២រយ ប៊ីលានរៀល ត្រូវជា ២% នៃចំណូលសរុប។
ចំពោះចំណូលតាមក្រុមទំនិញវិញឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួនជិត ៤ពាន់ ប៊ីលានរៀល ត្រូវជា ៤៣% នៃចំណូលសរុប ទំនិញចម្រុះមានចំនួនជាង ២ពាន់៥រយ ប៊ីលានរៀល ត្រូវជាជាង ២៧% នៃចំណូលសរុប ផលិតផលតេលសិលាមានចំនួនជាង ២ពាន់២រយ ប៊ីលានរៀល ត្រួវជាជាង ២៣% នៃចំណូលសរុប និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួនជាង ៥រយ ប៊ីលានរៀល ត្រូវជា ៦% នៃចំណូលសរុប។
ដោយឡែកចំពោះទំហំពាណិជ្ជកម្មអន្តរជាតិក្នុង ឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០ ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ ក្នុងនោះការនាំចេញផលិតផលកាត់ដេរមានចំនួនជាង១០ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ១ពាន់ លានដុល្លារអាមេរិក ស្មើនឹងជាង ១៥%។ និងការនាំចេញកសិផលមានចំនួនជិត ៣ពាន់ លានដុល្លារអាមេរិក កើនឡើងប្រមាណជិត ៨រយ លានដុល្លារអាមេរិក ស្មើនឹងជិត៤០% ៕
អត្ថបទ សោម ស្រីពេជ្រ