ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយថា ចាប់ពីថ្ងៃទី ១ ខែកុម្ភៈឆ្នាំ២០២២តទៅ អ្នកដែលមានបំណងចង់ធ្វើការរយៈពេលវែង ឬរស់នៅជាអចិន្ត្រៃយ៍ក្នុងទីក្រុង ព្រមទាំងអ្នកដែលចង់បន្តទិដ្ឋាការ ការងារ ដែលមានស្រាប់ នឹងតម្រូវឲ្យទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩។ ខណៈការលើកលែងនឹងត្រូវបានផ្តល់ឱ្យសម្រាប់តែកុមារអាយុក្រោម ១២ ឆ្នាំ និងអ្នកដែលមិនមានសិទ្ធិក្នុងការចាក់វ៉ាក់សាំងតែប៉ុណ្ណោះ។
សូមជម្រាបថា វិធានការចុងក្រោយនេះ បន្ថែមលើវិធានការផ្សេងទៀតក្នុងប៉ុន្មានខែថ្មីៗនេះ ដើម្បីដាក់សម្ពាធលើអ្នកដែលបានជ្រើសរើសមិនទទួលការចាក់វ៉ាក់សាំង ខណៈពួកគេទាំងនេះ ក៏ត្រូវបានរារាំងរួចទៅហើយដែរ ពីការចូលទៅកាន់កន្លែងសាធារណៈភាគច្រើន រួមទាំងភោជនីយដ្ឋាន កន្លែងកម្សាន្ត និងផ្សារទំនើប ហើយត្រូវឱ្យបង់ព្យាបាលដោយខ្លួនឯងនៅពេលសម្រាកព្យាបាលកូវីដ១៩នៅមន្ទីរពេទ្យជាដើម។
ទន្ទឹមនេះ អាជ្ញាធរសិង្ហបុរី កំពុងរំពឹងថា នឹងមានការករណីឆ្លងមេរោគ អូមីក្រុង ច្រើនជាងករណីឌែលតា ហើយនឹងមានការកើនឡើងទ្វេដងនៃករណីឆ្លងក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខនេះ។ ទោះបីជាយ៉ាងណាក៏ដោយចុះ ក្រសួងសុខាភិបាលសិង្ហបុរី មើលឃើញថា ករណីធ្ងន់ធ្ងរ ឬការស្លាប់ដោយសារអូមីក្រុងនឹងមានតិចជាងមេរោគឌែលតា។
យ៉ាងណាមិញ ទិន្នន័យពីក្រសួងសុខាភិបាលសិង្ហបុរីបង្ហាញថា ករណីអូមីក្រុងថ្មីចំនួន ១០៤ករណី ត្រូវបានរកឃើញបន្ថែមទៀតកាលពីថ្ងៃទី២៦ធ្នូ ដែលក្នុងនោះ ៧៣ ករណីជាករណីបាននាំចូល និង ៣១ ករណីទៀត ជាករណីឆ្លងក្នុងស្រុក៕