យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិចិន បានឲ្យដឹងថា វិស័យលក់រាយរបស់ប្រទេសចិនបានកើនឡើងត្រឹមតែ ៤,៤% កាលពីខែកញ្ញា ដល់ ៤,៩% ប៉ុណ្ណោះក្នុងខែតុលា ខណៈទីផ្សារនៃការប្រើប្រាស់កំពុងមាននិន្នការថយចុះ។ ការធ្លាក់ចុះនៃទីផ្សារប្រើប្រាស់ ដោយសារតែការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ជាក់ស្ដែងតម្លៃប្រេងឥន្ធនៈបានកើនឡើងជិត ៣០% កាលពីខែតុលា បើធៀបនឹងការកើនឡើង ១៧% នៅក្នុងខែកញ្ញា ។
វិស័យការលក់រាយរបស់ចិនកើនឡើងយឺតនៅក្នុងខែតុលាកន្លងទៅនេះ ដោយសារការស្ទុះងើបឡើងវិញយឺតនៃប្រាក់ចំណូលរបស់ពលរដ្ឋ និងវិធានការដ៏តឹងរឹង នៃមេរោគឆ្លងបានធ្វើឱ្យមានការរំខានដល់សេដ្ឋកិច្ចរបស់ប្រទេសចិន។
សន្ទស្សន៍ផលិតកម្មសេវាកម្មបានកើនឡើង ៣,៨% ក្នុងខែតុលា ប៉ុន្តែកំណើននេះនៅតែយឺត បើធៀបនឹងអត្រាមុនមានការរាតត្បាតកូវីដ១៩ ដែលមានប្រហែល ៧% ។ ដោយឡែក តម្រូវការដឹកជញ្ជូនបានធ្លាក់ចុះយ៉ាងគំហុក ព្រោះថាមនុស្សជាច្រើនបានបញ្ឈប់ការធ្វើដំណើរឆ្លងកាត់ទៅតាមខេត្តផ្សេង។ ក្រៅពីនេះ ភោជនីយដ្ឋានក្នុងទីក្រុង និងកន្លែងកម្សាន្តក៏បានរងគ្រោះធ្ងន់ធ្ងរផងដែរ ដោយកំណើននៃប្រាក់ចំណូលពីឧស្សាហកម្មម្ហូបអាហារបានធ្លាក់ចុះ ២% ប៉ុណ្ណោះកាលពីខែ តុលា។
ទន្ទឹមនេះ ទិន្នផលឧស្សាហកម្មរបស់ប្រទេសចិនបានកើន ៣,៥% នៅក្នុងខែតុលា ដែលកើនឡើងបន្តិចប៉ុណ្ណោះពី ៣,១% នៅក្នុងខែកញ្ញា។ យ៉ាងណាមិញ ការរឹតបន្តឹងរបស់រដ្ឋាភិបាលលើវិស័យអចលនទ្រព្យក៏ជាក្តីកង្វល់មួយផងដែរ ដោយការវិនិយោគលើអចលនទ្រព្យបានកើនឡើង ៧,២% ក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ ប៉ុន្តែវាបានធ្លាក់ចុះ ៥,៤% សម្រាប់ខែតុលា ខណៈដែលខែកញ្ញាធ្លាក់ចុះជាង៣%។
សូមបញ្ជាក់ថា ជំងឺរាតត្បាតសកលមិនមែនជាការគំរាមកំហែងតែមួយគត់ក្នុងការស្ដារសេដ្ឋកិច្ចរបស់ប្រទេសចិននោះទេ ប៉ុន្តែឧស្សាហកម្មផ្សេងទៀត ដូចជា ថាមពល, ដែកថែប និងស៊ីម៉ងត៍ក៏មានកំណើនភាពយឺតយ៉ាវដែរ ដោយសាររដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕