អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានរាយការណ៍ថា កាំជ្រួចមីស៊ីលមួយគ្រាប់ដែលគេជឿថា ជាមីស៊ីលបាលីស្ទិករយៈចំងាយមធ្យម ត្រូវបានបាញ់បង្ហោះនៅម៉ោងប្រហែល៧និង៥២នាទីព្រឹក ចេញពីខេត្តចាង៉ាង របស់កូរ៉េខាងជើងឆ្ពោះទៅកាន់សមុទ្រនៃឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។
ចំណែកក្រុមប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូងឯណោះវិញ បានរៀបចំកិច្ចប្រជុំបន្ទាន់ដ៏កម្រមួយ ក្រោមការចូលរួមដោយប្រធានាធិបតី ម៉ូន ចេអ៊ីនផងដែរនោះ បាននិយាយថា ការសាកល្បងនេះពាក់ព័ន្ធនឹងមីស៊ីលផ្លោងរយៈចម្ងាយមធ្យម IRBM ដែលកូរ៉េខាងជើងមិនបានសាកល្បងទៀតនោះទេ ចាប់តាំងពីការសាកល្បងលើកចុងក្រោយកាលពីឆ្នាំ២០១៧មក។
ប្រមុខដឹកនាំកូរ៉េខាត្បូង លោកម៉ូន បាននិយាយថា ជាមួយនឹងការបាញ់បង្ហោះលើកនេះ បញ្ជាក់ឲ្យឃើញថា កូរ៉េខាងជើងកំពុងបោះជំហានកាន់តែខិតជិត ទៅដល់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ឬគ្រាប់មីស៊ីលរំលងទ្វីបរយៈចម្ងាយឆ្ងាយបំផុត។ លោកបានកត់សម្គាល់ទៀតថា ការសាកល្បងមីស៊ីលជាច្រើនលើកច្រើនសារក្នុងខែមករានេះ គឺជាការចាប់ផ្តើមបង្កើនភាពតានតឹងកាន់តែខ្លាំងឡើងក្នុង ដូចកាលពីឆ្នាំ២០១៧ គ្រាដែលព្យុងយ៉ាងបានធ្វើតេស្តនុយក្លេអ៊ែរជាច្រើនដង និងបានបាញ់បង្ហោះកាំជ្រួចដ៏ធំបំផុតរបស់ខ្លួន រួមទាំងមួយចំនួនទៀតដែលបានហោះពីលើប្រទេសជប៉ុនផងដែរ។
សូមជម្រាបថា មីស៊ីលរយៈចំងាយមធ្យម ដែលរបបក្រុងព្យុងយ៉ាងបានសាកល្បងកាលពីថ្ងៃអាទិត្យ បានហោះឡើងទៅលើអាកាសដល់ជាង២ពាន់គីឡូម៉ែតឯណោះ ដោយប្រើពេលអស់៣០នាទី ទើបធ្លាក់ចុះមកវិញរួចធ្វើដំណើរប្រមាណ៨០០គីឡូម៉ែតទៀត មុនសំដៅធ្លាក់ចូលទៅក្នុងទឹកសមុទ្រ។ មីស៊ីលប្រភេទនេះ មានសមត្ថភាពបាញ់បានឆ្ងាយបំផុតដល់ ចំងាយ៥៥០០គីឡូម៉ែត ក្នុងល្បឿនខ្ពស់បំផុតដល់ ១ម៉ឺន៦ពាន់គីឡូម៉ែតក្នុងមួយម៉ោង៕