ការទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធ

នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឲ្យមន្ត្រីគយបន្តទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធ ដើម្បីបង្កើនចំណូលពន្ធ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចំនួន៥ចំណុច សម្រាប់ឲ្យមន្ត្រីគយអនុវត្ត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធ ការសម្របសម្រួលពាណិជ្ជកម្ម និងអនុវត្តគោលនយោបាយផ្សេងៗ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។ ចំណុចមួយក្នុងចំណោមយុទ្ធសាស្ត្រទាំង៥ សម្តេច ជំរុញឲ្យមន្ត្រីគយទាំងអស់ខិតខំបន្ថែមទៀត ក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធ ដែលជាសកម្មភាពធ្វើឲ្យបាត់បង់ចំណូលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

ទន្ទឹមនឹងនេះ សម្តេច ស្នើឲ្យមន្ត្រីនគរបាល និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតចូលរួមសហការជាមួយមន្ត្រីគយ ដើម្បីលប់បំបាត់អំពើរត់ពន្ធ ដែលតែងតែកើនមានជារឿយៗនៅកម្ពុជា។ ជាមួយគ្នានេះដែរ ប្រមុខដឹកនាំរាជរដ្ឋាភិបាល បន្តក្រើនរំលឹកឲ្យម្ចាស់រថយន្តអត់ពន្ធ និងរថយន្តចង្កូតស្តាំចូលមកបង់ពន្ធ និងកែចង្កូតឲ្យបានមុនដំណាច់ខែធ្នូនេះ បើមិនចង់រងការផាកពិន័យ។

នាពិធីសម្ពោធអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករ អគារសាលាជាតិគយ និងអគារសារមន្ទីរគយនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តជំរុញមន្ត្រីគយឲ្យខិតខំបន្ថែមទៀតក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធ។ ការជំរុញបែបនេះរបស់ សម្តេច គឺធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនចំណូលពន្ធគយនិងឈានទៅលុបបំបាត់បទល្មើសរត់ពន្ធដែលតែងតែកើនមានជារឿយៗនៅកម្ពុជា។

ទន្ទឹមនឹងដាក់បទបញ្ជាឲ្យមន្ត្រីគយអនុវត្តវិធានការឲ្យបានម៉ឺងម៉ាត់ សម្តេច ស្នើឲ្យមន្ត្រីប្រដាប់អាវុធគ្រប់ប្រភេទសហការជាមួយមន្ត្រីគយ ដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបអំពើរត់ ព្រោះ សម្តេច ជឿជាក់ថា មន្ត្រីគយតែមួយមុខនឹងមិនអាចលុបបំបាត់បទល្មើសរត់ពន្ធនេះបានឡើយ។ 

ម្យ៉ាងវិញទៀតការដាក់ចេញបទបញ្ជានេះ វាស្របពេល សម្តេច ប្តេជ្ញាលុបបំបាត់យានយន្តគ្មានពន្ធ និងរថយន្តចង្កូដស្តាំមិនឲ្យមានធ្វើចរាចរណ៍លើទឹកដីកម្ពុជា នាអនាគតដ៏ខ្លីខាងមុខ។ ទន្ទឹមនឹងនេះ សម្តេច បន្តក្រើនរំលឹកឲ្យម្ចាស់រថយន្តគ្មានពន្ធ និងរថយន្តចង្កូតស្តាំចូលមកបង់ពន្ធ និងកែចង្កូតឲ្យបានមុនខែធ្នូ ឆ្នាំ២០២១ នេះ ដើម្បីទទួលបានការបញ្ចុះតម្លៃ១០%។ ប៉ុន្តែម្ចាស់រថយន្តទាំងនេះនឹងត្រូវបង់ពន្ធ១០០% និងអាចរងការពិន័យប្រសិនបើមកបង់ពន្ធក្រោយពេលវេលាកំណត់។ បើតាមការលើកឡើងរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គ្រាន់តែពន្ធលើយានយន្តមួយមុខ វាបានរួមចំណែកជាង៣០% នៃចំណូលពន្ធគយសរុប។

បន្ថែមលើយុទ្ធសាស្ត្រខាងលើសម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ៤ចំណុចទៀតផងដែរ ដើម្បីពង្រឹងការប្រមូលចំណូលពន្ធគយ ការសម្របសម្រួលពាណិជ្ជកម្ម និងការអនុវត្តគោលនយោបាយផ្សេងៗ ក្នុងន័យដើម្បីចូលរួមស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ 

យុទ្ធសាស្ត្រទាំងនោះរួមមាន ទី១, ត្រូវបន្តលើកកម្ពស់ការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ បទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានទាំងឡាយ ដើម្បីបង្កើនការយល់ដឹង និងការចូលរួមពីគ្រប់ភាគីទាំងអស់ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ទី២, ត្រូវបន្តអនុវត្តឲ្យមានប្រសិទ្ធភាពនូវយុទ្ធសាស្ត្រគៀងគរចំណូល និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ទី៣, ត្រូវបន្ត និងកែលម្អជាប្រចាំនូវការអនុវត្តយន្តការគាំទ្រកិច្ចសម្រួលពាណិជ្ជកម្ម ដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រព័ន្ធគ្រប់គ្រងហានិភ័យក្រោយពេលបញ្ចេញទំនិញពីគយ និងទី៤, ត្រូវចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព នូវវិធានការនានា ក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់ ដើម្បីស្ដាសេដ្ឋកិច្ចឡើងវិញ។ 

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកត់សម្គាល់ឃើញថា ក្រោយមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ តាំងពីដើមឆ្នាំ២០២០ វាបានជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចសកលរួមទាំងសេដ្ឋកិច្ចកម្ពុជានិងបានធ្វើឲ្យរង្គោះរង្គើយ៉ាងខ្លាំងដល់ខ្សែច្រវាក់ផ្តត់ផ្គង់ពាណិជ្ជអន្តរជាតិ។ កត្តានេះ បានធ្វើឲ្យការប្រមូលចំណូលពន្ធដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។

នៅឆ្នាំ២០២១ ចំណូលដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករត្រូវបានគេវាយតម្លៃថា អាចមានចំនួនប្រមាណជិត ២ពាន់៣រយលានដុល្លារ ឬស្មើនឹង ៩៧% នៃផែនការហិរញ្ញវត្ថុដែលកំណត់ដោយច្បាប់៕

None



អត្ថបទបន្ទាប់


ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ប្រកាសចូលរួមគិតជាសាច់ប្រាក់សរុបចំនួន១លានដុល្លារដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ស៊ីប៊ីស៊ីបានប្រកាសពីផែនការយុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំរបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តចូលរួម សរុបជាសាច់ប្រាក់ចំនួន១លានដុល្លារ ដើម្បីធ្វើ…

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យមានការសិក្សាលើការចាក់វ៉ាក់សាំងសាំងដូសទី៤ សម្រាប់ក្រុមមន្រ្តីជួរមុខ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យមានការត្រៀមការសិក្សាទៅលើការចាក់វ៉ាក់សាំងដូសទី៤ ប្រភេទ Pfizer ដែលជាជំនួយរបស់ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ