កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣

សម្តេច ហ៊ុន សែន ដាក់ចេញចក្ខុវិស័យ៥ចំណុច ដើម្បីបើកយុទ្ធនាការណ៍ជាតិផ្សព្វផ្សាយកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣


ថ្លែងនាឱកាសអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ«វិមានកីឡដ្ឋាន» ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី១៨ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅសល់តែប្រមាណ ៥០០ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងឈានមកដល់ ខណៈប្រទេសកម្ពុជា គឺជាម្ចាស់ផ្ទះនៃការព្រឹត្តិការណ៍ដ៏ធំមួយនេះ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ សម្ពោធដាក់ឱ្យប្រើប្រាស់ «វិមានកីឡដ្ឋាន»នៃពហុកីឡដ្ឋានជាតិមរតកតេជោ

ដូច្នេះ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ សម្ដេច ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​តម្រង់​ទិស ៥​ចំណុច ដើម្បី​បើក​យុទ្ធនាការ​ជាតិ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣​។​តើ​ចក្ខុវិស័យ​តម្រង់​ទិស ៥​ចំណុច​សំខាន់​ៗ​មាន​អ្វីខ្លះ?

បើ​តាម​ការ​លើក​ឡើង​របស់ សម្តេច​តេ​ជោ ហ៊ុន​សែន ចក្ខុវិស័យ​តម្រង់​ទិស ៥​ចំណុច ដើម្បី​បើក​យុទ្ធនាការ​ជាតិ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣​រួម​មាន​៖

ទី​១៖ ក្រសួង​ស្ថាប័ន រាជធានី​-​ខេត្ត មន្ទីរ​អង្គភាព កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ប្រកបដោយ​ប្រសិទ្ធភាព នៅ​ពេល​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ តាម​គ្រប់​រូបភាព និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ៗ​របស់​ខ្លួន ឱ្យ​បាន​ផុលផុស​នូវ​គ្រប់​ទីកន្លែង​។

ទី​២៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថានទូត ស្ថាន​តំណាង នៅ​ក្រៅប្រទេស និង​ក្រសួង​ស្ថាប័ន​នានា ត្រូវ​ចូលរួម​យុទ្ធនាការ ការទូត និង​កិច្ចការបរទេស​កីឡា ដោយ​ដាក់​របៀបវារៈ​នៃ​ការ​ផ្សព្វផ្សាយ «​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹ​តិ្ត​ការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ជា​លើក​ដំបូង​» ដោយ​ប្រើប្រាស់​គ្រប់​វេទិកា សវន​ការ ជំនួប​ទ្វេភាគី ពហុភាគី ដែល​ជា​ឱកាស​ក្នុង​ការ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់ ដើម្បី​ស្វែងរក​ការ​ឧបត្ថម្ភ​គាំទ្រ​ជា​លក្ខណៈ​អន្តរជាតិ​។

ទី​៣៖ ត្រូវ​រួម​គ្នា​លើ​កម្ពស់​កិត្តិយស និង​មុខមាត់​កម្ពុជា តាម​រយៈ​ឥទ្ធិពល​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣​។ ក្នុង​យុទ្ធនាការ​អប់រំ សង្គម និង​ផ្សព្វផ្សាយ កីឡា​រស់​ក្នុង​សន្តិភាព ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ​, កម្ពុជា​ស្អាត កម្ពុជា​កាត់​បន្ថយ​គ្រោះថ្នាក់​ចរ​ចរណ៍ និង​កាត់​បន្ថយឥទ្ធិពល​គ្រឿងញៀន​។ 

ទី​៤៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ត្រូវ​មាន​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ដោយ​គោរព​តាម​គោលការណ៍​កីឡា​បៃតង និង​កីឡា​ស្អាតស្អំ ដើម្បី​រក្សា​សេចក្តី​ថ្លៃថ្នូ កិត្តិយស ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម ជា​លើក​ដំបូង​។ សហព័ន្ធ​កីឡា​ជាតិ កីឡាករ កីឡាការិនី សូម​ប្រឹងប្រែង​ហ្វឹកហាត់​អភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ កីឡា និង​បំពេញបេសកកម្ម​រៀង​ៗ​ខ្លួន ជាមួយនឹង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ប្រកបដោយ​ភាព​ជោគជ័យ​។

និង​ទី​៥៖ សម្ដេច​ស្នើ​ឱ្យ​បណ្ដា​ក្រុមហ៊ុន សហគ្រាស​ឯកជន​ទាំងអស់ ចូលរួម​ឧបត្ថម្ភ​គាំទ្រ ដល់​មូលនិធិ​កីឡា​អាស៊ី​អាគ្នេយ៍ ឆ្នាំ​២០២៣ ដើម្បី​រួមចំណែក​ទ្រទ្រង់​ចំណាយ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ឱ្យ​ទទួល​បាន​ជោគជ័យ ផង​ដែរ​។

«​វិមាន​កីឡដ្ឋាន​» ជា​សំណង់​ធំ​ជាងគេ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​។

គួរ​បញ្ជាក់​ដែរ​ថា វិមាន​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​បើក​ការដ្ឋាន​សាងសង់​ផ្លូវការ កាលពី​ឆ្នាំ​២០១៧ ដោយ​សាងសង់​លើ​ផ្ទៃដី​ជាង ១៦​ហិ​កតា ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​រហូត​ដល់ ៦​ម៉ឺន​នាក់ និង​មាន​សមត្ថភាព​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ថ្នាក់​ជាតិ និង​អន្តរជាតិ​ធំ​ៗ រហូត​ដល់​កម្រិត ពិភពលោក ពិសេស​នឹង​ក្លាយជា​ពហុ​កីឡដ្ឋាន​ដ៏​សំខាន់ សម្រាប់​ស្វាគមន៍​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។ ខណៈ រាជរដ្ឋាភិបាល​បាន​រៀបចំ​កញ្ចប់​ថវិកា​ប្រមាណ ៤​ឆ្នាំ​មក​ហើយ សម្រាប់​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុងប៉េកាំងជំរុញក្រុមហ៊ុនសូឡា ដែលរងការរឹតត្បិតពាណិជ្ជកម្ម ងើបប្រឆាំងនឹងគំនាបរបស់អាមេរិក និងឥណ្ឌា

ព័ត៌មាន
ប្រទេសចិនកំពុងជំរុញឱ្យក្រុមហ៊ុនផលិតបន្ទះសូឡាទាំងអស់របស់ខ្លួន ក្រោកឡើងប្រយុទ្ធប្រឆាំងនឹងគោលនយោបាយរឹតត្បិតពាណិជ្ជកម្ម ពីសហរដ្ឋអាមេរិក និងប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ