វិស័យថាមពល

លោក ត្រាំ រិះគន់ក្រុមហ៊ុន Chevron និង Exxon ជុំវិញការកេងចំណេញហួសហេតុពីវិបត្តិប្រេងឡើងថ្លៃ


បន្ទាប់ពីតម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិក បានស្ទុះឡើងពីជិត៣ដុល្លារដល់ជាង៤ដុល្លារក្នុងមួយហ្គាឡុង (ដោយក្នុង១ហ្គាឡុងមានជិត៤លីត្រ) ក្រោយការផ្ទុះសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់អាម៉េរិកយ៉ាងហោចណាស់ពីរកំពុងរងការរិះគន់យ៉ាងខ្លាំងជុំវិញការប្រមូលផលចំណេញដ៏ច្រើនលើសលុប។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្តែងការមិនពេញចិត្ត និងបានរិះគន់ចំៗទៅលើក្រុមហ៊ុនប្រេងធំៗទាំងពីរនោះរួមមានក្រុមហ៊ុន Exxon និង Chevron។
Trump criticizes Chevron and Exxon for profiting from oil price crisis
ដោយ

សារព័ត៌មាន CNBC បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានរិះគន់ និងបង្ហាញក្តីកង្វល់យ៉ាងខ្លាំងចំពោះក្រុមហ៊ុនប្រេងខ្នាតយក្សទាំងពីររបស់អាម៉េរិករួមមានក្រុមហ៊ុន Exxon និង Chevron ថា កំពុងកើបប្រាក់ចំណេញយ៉ាងសន្ធឹកសន្ធាប់ពីវិបត្តិតម្លៃប្រេងក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធនៅអ៊ីរ៉ង់ ដោយលោកអះអាងថា ក្រុមហ៊ុនប្រេងទាំងពីរនេះកំពុងប្រមូលផលចំណេញហួសហេតុចេញពីវិបត្តិសង្គ្រាម។ លោក ត្រាំ បានសង្កត់ធ្ងន់ថា លោកមិនចូលចិត្តទង្វើចង់បានប្រាក់ចំណូលហួសហេតុរបស់ក្រុមហ៊ុនទាំងពីរនេះទាំងដែលប្រទេសជាតិ កំពុងប្រឈមមុខនឹងកង្វះខាត និងផលប៉ះពាល់សេដ្ឋកិច្ចនោះទេ។
កាលពីថ្ងៃសុក្រ សប្តាហ៍មុន ក្រុមហ៊ុន Exxon និង Chevron បានចេញរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទីពីរ ដោយបង្ហាញពីប្រាក់ចំណេញកើនឡើងយ៉ាងគំហុក។ តាមទិន្នន័យផ្លូវការ ប្រាក់ចំណេញរបស់ក្រុមហ៊ុន Chevron បានកើនឡើងជិត៤០០% រហូតដល់១២ពាន់លានដុល្លារ បើធៀបនឹង២,៥ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រីឯប្រាក់ចំណេញរបស់ក្រុមហ៊ុន Exxon វិញបានកើនឡើងទ្វេដងរហូតដល់ជាង១៤ពាន់លានដុល្លារ បើធៀបនឹងប្រាក់ចំណេញជាង៧ពាន់លានដុល្លារកាលពីឆ្នាំមុន។ ស្ថិតក្នុងស្ថានភាពនេះលោក ដូណាល់ ត្រាំ បានលើកឡើងថា ក្រុមហ៊ុនទាំងពីរគួរតែបង្វែរប្រាក់ចំណេញមួយផ្នែក ដើម្បីចូលរួមចំណែកទប់ស្កាត់ និងសម្រួលដល់តម្លៃប្រេងសាំងលក់រាយនៅក្នុងស្រុក។
គួររំលឹកថា មុនពេលសង្គ្រាមនៅអ៊ីរ៉ង់ ផ្ទុះឡើង តម្លៃប្រេងសាំងលក់រាយនៅសហរដ្ឋអាម៉េរិកមានតម្លៃត្រឹមតែជិត៣ដុល្លារប៉ុណ្ណោះក្នុងមួយហ្គាឡុងប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នបានហក់ឡើងដល់ជាង៤ដុល្លារមានការកើនឡើងប្រមាណ៤០%៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសអាម៉េរិក បង្ហាញផែនការបង្កើតច្រកដឹកជញ្ជូនថ្មី​ជំនួសច្រកសមុទ្រហ័រម៉ូស តើអាចទៅរួចទេ

ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) អំពីផែនការចៀសវាង និងកាត់បន្ថយការពឹងផ្អែកលើច្រកសមុទ្រហ័រម៉…

បាតុភូត អែលនីណូ​នឹងដុតតំបន់អាស៊ីអាគ្នេយ៍ឱ្យក្តៅហួតហែង និងស្ងួតខ្លាំងចាប់ពីខែសីហា នេះតទៅ

ថ្វីបើនៅពេលនេះ ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា ផងដែរ កំពុងតែទទួលរងជំនន់ទឹកភ្លៀងនៅឡើយក្តី ប៉ុន្តែរបាយការណ៍ព្យាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ