ប្រទេសសិង្ហបុរីជាប្រទេសនាំមុខគេក្នុងតំបន់អាស៊ាន ដែលបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋច្រើនជាងគេ។ ក្រៅតែពីការសម្រេចបានជិត ១០០% ក្នុងការចាក់ជូនពលរដ្ឋដែលមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងហើយនោះ សឹង្ហបុរីក៏បានចាក់វ៉ាក់សាំងគ្រប់ ២ ដូស ជូនពលរដ្ឋចំនួនប្រហែល ៨៦% នៃចំនួនប្រជាជនសរុបផងដែរ ខណៈប្រទេសនេះ បានចាក់ដូសជំរុញដល់ទៅប្រមាណ ២៦%ហើយ នៃប្រជាជនសរុប។
បើទោះបីជា ប្រទេសសិង្ហបុរីបានចាក់វ៉ាក់សាំងជូនពលរដ្ឋច្រើនជាគេក្នុងតំបន់ក៏ពិតមែន ប៉ុន្ដែប្រទេសតំបន់អាស៊ានមួយនេះ នៅតែបន្តអនុវត្តវិធានការ ហាមឃាត់អ្នកដែលមិនបានចាក់វ៉ាក់សាំង មិនឱ្យចូលផ្សារទំនើបចាប់តាំងពីពាក់កណ្តាលខែតុលាមកម្ល៉េះ។ មិនតែប៉ុណ្ណោះ អាជ្ញាធរបាននិយាយថា ពួកគេនឹងរឹតបន្តឹងបន្ថែមទៀតចាប់ពីថ្ងៃទី ១ ខែមករាតទៅ ហើយនឹងអនុញ្ញាតឱ្យតែបុគ្គលដែលបានចាក់វ៉ាក់សាំងរួចប៉ុណ្ណោះ ដែលអាចចូលកន្លែងធ្វើការបាន។
សូមជម្រាបដែរថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលសិង្ហបុរីបានលើកឡើងថា ការដាក់ការរឹតត្បិតវិធានការកូវីដ១៩ជាថ្មីឡើងវិញនៅសិង្ហបុរី វាជាជម្រើសវិធីសាស្ត្រចុងក្រោយបង្អស់របស់រដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩។ ខណៈដែលក្រសួងសុខាភិបាលសិង្ហបុរីនៅថ្ងៃទី២៦វិច្ឆិកា ក៏បានប្រកាសរិតត្បិតជើងហោះហើរពីប្រទេសនៅតំបន់អាហ្វ្រិកសរុបចំនួន៧ប្រទេសរួចហើយ រួមមាន ប្រទេសប៊ូស្វាណា អេសស្វាទីនី ឡេសសូតូ ម៉ូហ្សំប៊ិច ណាមីប៊ី ហ្សេមបាវ៉េ និងអាហ្វ្រិចខាងត្បូងផ្ទាល់តែម្តង ក្រោយបានទទួលដំណឹងថា ប្រទេសអាហ្វ្រិកខាងត្បូង បានរកឃើញមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី អូមីក្រុង ដែលមានអត្រាគ្រោះថ្នាក់ខ្ពស់។
ទោះបីសិង្ហបុរី មានការចាក់វ៉ាក់សាំងបានច្រើនក៏ដោយចុះ ប៉ុន្ដែ ករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅប្រទេសនេះ នៅតែមានខ្ទង់ពាន់នាក់ក្នុងមួយថ្ងៃ ពោលគឺបច្ចុប្បន្នប្រទេសនេះ មានអ្នកឆ្លងប្រចាំថ្ងៃជាង១ពាន់នាក់ ខណៈដែលកាលពីអំឡុងខែតុលា មានដល់ទៅជាង ៣ ទៅ៤ពាន់នាក់។ សិង្ហបុរី មានករណីឆ្លងច្រើន ក៏ដោយសារតែរដ្ឋាភិបាលប្រទេសនេះ បានសម្រេចបើកឲ្យមានសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញជាបណ្ដើរៗ ដើម្បីសម្របខ្លួនរស់នៅជាមួយកូវីដ១៩៕
អត្ថបទ ស៊ើង និមល់