ជាមួយគ្នានោះ ឯកឧត្តម គង់ វិបុល ក៏បានប្រាប់ឱ្យសាធារណៈជនបង្ហាញឈ្មោះមន្ត្រីពន្ធដារណាដែលខិលខូច និងតែងដើរយកលុយខុសទៅនឹងគោលការណ៍ច្បាប់ ដើម្បីឲ្យអគ្គនាយកដ្ឋានពន្ធដារចាត់ការតាមនីតិវិធី។ ការប្រកាសឡើងរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារយ៉ាងដូច្នេះ គឺក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ក្នុងកិច្ចការប្រមូលពន្ធដារ និងការផ្ដល់សេវាធារណៈនានា ដល់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។
ថ្លែងក្នុងកម្មវិធីផ្សាយផ្ទាល់លើបណ្ដាញសង្គមហ្វេសប៊ុក ស្ដីអំពី ពន្ធលើប្រាក់ចំណូល និងព្រឹត្តិការណ៍ថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទូកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ដូច្នេះថា ដើម្បីពង្រឹងនូវអភិក្រម ក៏ដូចជា អភិបាលកិច្ចល្អ ការចូលរួមពីអ្នកប្រមូលពន្ធតែម្យ៉ាងមិនមានប្រសិទ្ធិភាពនោះទេ ដូច្នេះ ចាំបាច់ឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងពលរដ្ឋដែលជាអ្នកជាប់ពន្ធ និងមន្ត្រីពន្ធដារផងដែរ។ ឯកឧត្តម គង់ វិបុល បានគូសបញ្ជាក់បែបនេះ ដោយសារតែជារឿយៗ ឯកឧត្តម តែងតែមានការផ្ដល់ដំណឹងមកពីប្រជាពលរដ្ឋថា មានមន្ត្រីពន្ធដារខិលខូចមួយចំនួនបានប្រព្រឹត្តខុសនឹងគោលការណ៍របស់អគ្គនាយកដ្ឋានពន្ឌដារ ដែលធ្វើឱ្យប៉ះពាល់ក្រមសីលធម៌ និងវិជ្ជាជីវ ដូចជា ការដើរប្រមូលលុយពីសាធារណៈជនខុសគោលការណ៍ច្បាប់ជាដើម។ បើតាមថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដាររូបនេះ សកម្មភាពបែបនេះនឹងធ្វើឱ្យប៉ះពាល់កិច្ចការទាំងរបស់នាយកដ្ឋានពន្ធដារ ដូច្នេះ បើសិនសាធារណៈជនជួបបញ្ហានេះ សូមប្រាប់ដល់អគ្គនាយកដ្ឋានពន្ធដារ ធ្វើចាត់ការលើបញ្ហានេះ ពិសេសត្រូវប្រាប់ពីអត្តសញ្ញាណមន្ត្រីខិលខូចនោះផងដែរ។
បើតាមឯកឧត្តម គង់ វិបុល ការរឹតបន្តឹងលើមន្ត្រីពន្ធដារ បែបនេះ គឺដើម្បីពង្រឹងលើកិច្ចការប្រមូលចំណូលពន្ធជាចម្បង។ អគ្គនាយកនៃនាយកដ្ឋានពន្ធដារ មានក្ដីរំពឹងថា ក្រោយមានការរឹតបន្តឹងវិធានការមួយចំនួន និងមានការកែទម្រង់លើកិច្ចការប្រមូលចំណូលពន្ធ ពិសេសការអនុវត្តវិធានការកិច្ចការពន្ធ អំឡុងវិបត្តិកូវីដ១៩ នឹងធ្វើឱ្យការប្រមូលចំណូលពន្ធដារ បន្តមានកំណើន ដោយឯកឧត្តម បានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២១ កិច្ចការប្រមូលពន្ធ និងការផ្ដល់សេវាពិគ្រោះយោបល់នានា ពាក់ព័ន្ធនឹងពន្ធដារ សុទ្ធតែមានការកើនឡើងគួរឱ្យកត់សម្គាល់។
សូមបញ្ជាក់ថា នៅឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទបានប្រមាណជិត ២ពាន់៨រយលានដុល្លារ បានកើនលើសផែនការកំណត់ដោយច្បាប់រហូតដល់ទៅ ២៤% ឯណោះ ឬស្មើនឹងទឹកប្រាក់ចំនួនជាង ៥00លានដុល្លាអាមេរិក។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ៕