តម្លៃលក់រថយន្តនៅប្រទេសចិន

ក្រោយក្រុមហ៊ុន Tesla ប្រកាសបញ្ចុះតម្លៃលក់រថយន្តនៅប្រទេសចិន អ្នកទិញមុនៗនាំគ្នាតវ៉ាឲ្យក្រុមហ៊ុនបង្វិលប្រាក់សងវិញ


មួយថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនយក្ស Tesla បានប្រកាសបញ្ចុះតម្លៃរថយន្តរបស់ខ្លួនសម្រាប់ដើមឆ្នាំ២០២៣នេះ សម្រាប់ទីផ្សារប្រទេសចិន មានអ្នកជាវរថយន្ត Tesla រាប់រយនាក់ ដែលទើបបានកម្ម៉ង់ទិញរថយន្ដ នៅមុនការប្រកាសបញ្ចុះតម្លៃនេះ បានមកប្រមូលផ្តុំតាមបណ្តាហាងលក់របស់ Tesla នៅក្នុងទីក្រុងធំៗក្នុងចិនដើម្បីតវ៉ា និងទាមទារចង់បានការប្រូម៉ូសិនបញ្ចុះតម្លៃនេះដែរ។
ម្ចាស់រថយន្តTesla នៅចិន ផ្ទុះការតវ៉ា ក្រោយក្រុមហ៊ុននេះបញ្ចុះតម្លៃរថយន្ត
ដោយ

ការលក់បញ្ចុះតម្លៃរថយន្ត Tesla នេះ គឺដើម្បីស្រោចស្រង់ចំនួនលក់រថយន្តរបស់ខ្លួននៅប្រទេសចិនឡើងវិញ បន្ទាប់ពីក្រុមហ៊ុនយក្សអាមេរិកមួយនេះ បានជួបនូវការលក់ធ្លាក់ចុះដល់កំរិតទាបបំផុតកាលពីខែធ្នូឆ្នាំ២០២២កន្លងទៅ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ម្ចាស់រថយន្ត Tesla រាប់រយនាក់បានប្រមូលផ្តុំគ្នាតវ៉ានៅតាម Showroom និងតំណាងចែកចាយរបស់ក្រុមហ៊ុននៅតាមទីក្រុងមួយចំនួនដូចជា ឈឹងទូ សៀងហៃ និងស៊ិនជិនជាដើមកាលពីថ្ងៃទី៧ខែមករា បន្ទាប់ពីក្រុមហ៊ុនTesla បានប្រកាសបញ្ចុះតម្លៃរថយន្តកាលពីថ្ងៃទី៦ខែមករា។ នេះជាការបន្ទាបថ្លៃរថយន្តជាលើកទី២ហើយ ក្នុងរយៈពេល៣ខែចុងមកក្រោយនេះ។

ជាក់ស្តែង Tesla បានទម្លាក់តម្លៃរថយន្ត Model 3 និង Model Y ក្នុងប្រទេសចិនម្តងហើយម្តងទៀត។ ក្នុងនោះ Model 3 នឹងមានតម្លៃជាង៣ម៉ឺន៣ពាន់ដុល្លារ ដែលបានបញ្ចុះពីតម្លៃដើមជាង៣ម៉ឺន៨ពាន់ដុល្លារ។ ចំណែក Model Y គឺបញ្ចុះតម្លៃពីជាង ៤ម៉ឺន ២ពាន់ដុល្លារ មកត្រឹមជាង៣ម៉ឺន៧ពាន់ដុល្លារប៉ុណ្ណោះ។

ការកាត់បន្ថយតម្លៃរថយន្តនេះ គឺដើម្បីឆ្លើយតបនឹងការធ្លាក់ចុះចំនួនលក់ ដោយក្នុងខែធ្នូកន្លងទៅនៅក្នុងប្រទេសចិន ការលក់មានកម្រិតទាបមែនទែន ដោយសម្រេចបានចំនួនជាង៥ម៉ឺន៥ពាន់គ្រឿងប៉ុណ្ណោះ ពោលគឺតិចជាងកាលពីខែវិច្ឆិកាដល់ទៅ៤៤%។

ទោះយ៉ាងណាមិញ ការសម្រេចបញ្ចុះតម្លៃនេះ បានធ្វើឱ្យអតិថិជនក្នុងប្រទេសចិន ដែលបានទិញរថយន្តទាំងពីរម៉ូឌែលខាងលើប៉ុន្មានថ្ងៃមុនការប្រកាសបញ្ចុះតម្លៃ មានការមិនសប្បាយចិត្តយ៉ាងខ្លាំង ដោយបានខឹងសម្បារនាំគ្នាតវ៉ា ដោយសារខកខានមិនទទួលបានការបញ្ចុះតម្លៃនេះ។ ពួកគេបានទាមទារឱ្យក្រុមហ៊ុនបង្វិលប្រាក់នៃចំនួនដែលបញ្ចុះតម្លៃនោះ មកឱ្យពួកគេវិញ។

គួរជម្រាបថាក្រៅពីប្រទេសចិន ក្រុមហ៊ុនTesla ក៏បានបញ្ចុះតម្លៃរថយន្ត Model Y និង Model 3 នៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលីផងដែរ ប៉ុន្តែមិនបានបញ្ចុះថ្លៃនៅតំបន់អឺរ៉ុបនោះទេ។ ទោះយ៉ាងណា នៅប្រទេសដែលមានការលក់បញ្ចុះតម្លៃឯទៀតក៏មិនមានផ្ទុះបាតុកម្មតវ៉ាដូចនៅប្រទេសចិនដែរ។

គួររំឭកថា កាលពីខែមុនស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានលើកឡើងថា ការប្រែប្រួលអត្រាការប្រាក់គោល បានជះឥទ្ធិពលដល់លទ្ធភាពទិញរថយន្តររបស់អ្នកប្រើប្រាស់ ដូច្នេះហើយ Tesla ក៏នឹងកាត់បន្ថយតម្លៃរថយន្តខ្លួនផងដែរ ដើម្បីរក្សានិងស្តារចំនួននៃការលក់ឡើងវិញ។

សូមជម្រាបថា កាលពីឆ្នាំមុន Tesla លក់រថយន្តបាន១លាន៣សែនគ្រឿង ខណៈ២០២១លក់បានតែជាង៩សែនគ្រឿងប៉ុណ្ណោះ ប៉ុន្តែវានៅតែតិចជាង ផែនការដែល Tesla ធ្លាប់បានគ្រោងថានឹងលក់ឱ្យបានដល់ ១លាន៤សែនគ្រឿង បើទោះជាមានកម្មវិធីបញ្ចុះតម្លៃយ៉ាងណាក៏ដោយ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ពាំនាំយកក្ដីកង្វល់សន្តិសុខអ្វីខ្លះទៅប្រាប់អឺរ៉ុប និងអាមេរិក?

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា នៅថ្ងៃច័ន្ទទី៨មករា បានចាប់ផ្តើមបេសសម្ម ដំណើរទស្សនកិច្ចផ្លូវរដ្ឋពេញមួយសប្តាហ៍តែម្តងស្ទើរនៅជុំវិញព…

Samsung បន្តជះទុនវិនិយោគលើបន្ទះឈីប ទោះបីប្រាក់ចំណេញស្រុតចុះខ្លាំងក្ដី

ការវិនិយោគលើការផលិតបន្ទះឈីបរបស់ក្រុមហ៊ុន Samsung មិនបានបង្ហាញពីសញ្ញាថមថយឡើយបើទោះជាប្រាក់ចំណេញរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បានរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ