ការស្ទង់មតិមួយបង្ហាញថា ក្រុមហ៊ុនសម្ព័ន្ធធំៗនៅអាមេរិកដូចជា JP Morgan ក្រុម Walmart និងក្រុមហ៊ុន United Airlines ជាដើម កំពុងមានផែនការកាត់បន្ថយការជួល និងទំហំវិនិយោគ ក្នុង៦ខែដំបូងឆ្នាំ២០២៣។ អត្រាការប្រាក់កាន់តែខ្ពស់ធ្វើឱ្យក្រុមហ៊ុនទាំងនេះ ប្រទះនឹងការចំណាយច្រើនជាងមុនលើការខ្ចីប្រាក់។
ការតតាំងរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិកជាមួយនឹងអតិផរណា ដែលមានឡើងដល់កំរិតខ្ពស់បំផុត ក្នុងរយៈពេលច្រើនទសវត្សរ៍ចុងក្រោយ តាមរយៈការដំឡើងអត្រាការប្រាក់យ៉ាងខ្លាំងក្លា កំពុងធ្វើឱ្យសេដ្ឋកិច្ចកាន់តែក្តៅគគុក និងបង្ខំឱ្យក្រុមហ៊ុនកាត់បន្ថយការព្យាករប្រាក់ចំណូលរបស់ពួកគេ ខណៈការចំណាយកើនឡើង។
នាយកប្រតិបត្តិក្រុមហ៊ុន JPMorgan លោក ចាមី ឌីមុន(Jamie Dimon) ធ្លាប់ព្រមានអំពីវិបត្តិសេដ្ឋកិច្ចកម្រិតស្រាលទៅបង្គួរនៅឆ្នាំក្រោយ ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ និងអតិផរណាកើនឡើង បានប៉ះពាល់ដល់ការចំណាយរបស់អ្នកប្រើប្រាស់ ខណៈដែលលោក ស្កុត ឃឺប៊ី(Scott Kirby) នៅក្រុមហ៊ុន United Airlines បានព្រមានពីការធ្លាក់ចុះសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសផងដែរ។
ដោយការស្ទង់មតិរបស់ Reuters ពីអ្នកសេដ្ឋកិច្ចដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងមានមកនៅត្រឹម ០,៣% ក្នុងឆ្នាំ២០២៣ បន្ទាប់ពីការកើនឡើង ១,៩% នៅឆ្នាំនេះ។ ការស្ទង់មតិដដែលក៏បង្ហាញដែរថា មានឱកាស៦០% ដែលសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអាចធ្លាក់ចូលក្នុងវិបត្តិនៅឆ្នាំក្រោយ។
ក្រៅពីនោះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនធំៗដូចជា លោក Elon Musk ម្ចាស់ក្រុមហ៊ុនTesla ជាដើម បានអះអាងថា សេដ្ឋកិច្ចអាមេរិកនឹងជួបវិបត្តិនៅឆ្នាំក្រោយ ហើយអូសបន្លាយដល់ពាក់កណ្តាលឆ្នាំ២០២៤៕