បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកដដែលនេះ បានអះអាងទៀតថា ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានសម្រេចយ៉ាងច្បាស់លាស់នូវអ្វីដែលអាមេរិកត្រូវការ ដើម្បីដើរតួនាទីសំខាន់នៅក្នុងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម ក៏ដូចជាការអនុវត្តដោះដូរពាណិជ្ជកម្មនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ស្របពេលដែលឥទ្ធិពលរបស់ចិនក៏កំពុងរីកសាយភាយកាន់តែខ្លាំងផងដែរនៅក្នុងតំបន់នេះ។
លោក កូត ខេមបែល (Kurt Campbell) មន្ត្រីសម្របសម្រួលតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់សេតវិមានអាមេរិក បានលើកឡើងថា នៅមានអ្វីផ្សេងទៀត ដែលអាមេរិកត្រូវតែបង្កើនសកម្មភាពរបស់ខ្លួននៅក្នុងទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោកបន្ថែមថា តួនាទីរបស់អាមេរិក ត្រូវតែបន្ដធ្វើអ្វី ក្រៅពីសកម្មភាពពាណិជ្ជកម្មតាមបែបប្រពៃណី ហើយនោះ គឺរួមមានបញ្ចូលនូវទំនាក់ទំនងឌីជីថល និងការកំណត់នូវស្ដង់ដារបច្ចេកវិទ្យាជាដើម។
តាមគំនិតរបស់មន្ត្រីសេតវិមានរូបនេះ អាមេរិកត្រូវតែបញ្ជាក់ឲ្យឃើញច្បាស់ថា អាមេរិកមិនត្រឹមតែមានទំនងទំនងស៊ីជម្រៅខាងផ្នែកការទូត យោធា គ្រប់ជ្រុងជ្រោយ និងជាយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្ដែ អាមេរិកត្រូវតែមានការបើកចំហ មានការចូលរួម និងសុទិដ្ឋិនិយមចំពោះសមាហរណកម្មពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។ លោក ខេមបែល ជឿជាក់ថា រដ្ឋបាលលោកចូបៃឌិន នៅឆ្នាំ២០២២នេះ នឹងបន្ដធ្វើកិច្ចការទាំងអស់នេះ សម្រាប់ទំនាក់ទំនងគ្រប់ជ្រុងជ្រោយនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ទំនាក់ទំនងអាមេរិក និងចិនបានធ្លាក់ដល់ចំណុចទាបបំផុតមិនធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ខណៈដែលលោកចូបៃឌិន បានព្យាយាមបង្កើនទំនាក់ទំនងជាមួយនឹងសម្ព័ន្ធមិត្ត និងដៃគូផ្សេងទៀត ពិសេសប្រទេសលោកខាងលិចតែម្ដង ដើម្បីប្រឆាំងនឹងទីក្រុងប៉េកាំង ដែលទីក្រុងវ៉ាស៊ិនតោនតែងតែមើលឃើញថា កំពុងមានការកើនឡើងនូវការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច និងយោធា។
តួយ៉ាងថ្មីៗនេះ អាមេរិកបានចូលរួមបង្កើតនូវសន្ធិសញ្ញា AUKUS ដែលមានការចូលរួមពីប្រទេស២ផ្សេងទៀតដែលជាសម្ព័ន្ធមិត្តអាមេរិករួមមានអង់គ្លេស និងអូស្ត្រាលី។ តាមរយៈកិច្ចព្រមព្រៀង AUKUS នេះ អាមេរិក និងអង់គ្លេស យល់ព្រមជួយអូស្ត្រាលីឲ្យទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដ៏ទំនើប ហើយវាក៏ជាកិច្ចព្រមព្រៀងមួយដែលធ្វើឲ្យចិនក្ដៅក្រហាយមិនតិចនោះដែរ។
យ៉ាងណាក៏ដោយចុះ បើនិយាយពីប្រទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកខ្លះ គឺពួកគេមានទំនាក់ទំនងពាណិជ្ជកម្មដ៏ធំសម្បើមជាមួយនឹងចិន ប៉ុន្ដែ អាមេរិកវិញ គឺមិនទាន់មានទំនាក់ទំនងពាណិជ្ជកម្មច្រើនជាមួយប្រទេសទាំងនោះនៅឡើយទេ។ តួយ៉ាង នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ដ៏ធំចំនួន២ គឺ RCEP និង CP TPP ក៏មិនមានវត្តមានអាមេរិកចូលរួមដែរ ប៉ុន្ដែ ក្នុងនោះ ចិនបានចូលរួមរួចហើយនៅក្នុងកិច្ចព្រមព្រៀង RCEP ដែលត្រូវបានចូលជាធរមាននៅដើមខែមករានេះ។ បន្ថែមពីនេះ ចិនក៏កំពុងស្នើសុំចូលរួមក្នុងកិច្ចព្រមព្រៀង CP TPP ដែរ។ កិច្ចព្រមព្រៀងទាំងនេះ គឺមានប្រទេសជាសមាជិកភាគច្រើន នៅក្នុងតំបន់តំបន់អាស៊ី។
ទោះយ៉ាងណា លោកចូបៃឌិន ធ្លាប់បានប្រាប់មេដឹកនាំអាស៊ានកាលពីខែតុលាកន្លងទៅនេះថា ទោះបីអាមេរិក មិនបានចូលរួមក្នុងកិច្ចព្រមព្រៀងទាំងនេះក៏ដោយ ប៉ុន្ដែ ទីក្រុងវ៉ាសិនតោន នឹងជំរុញឲ្យមានការចរចាបង្កើតក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកថ្មីមួយនាពេលខាងមុខនេះ៕