លោក ផាម មីញជីញ នាយករដ្ឋមន្ត្រីវៀតណាម ក្នុងដំណើរទស្សនកិច្ចរបស់លោក នៅប្រទេសជប៉ុន នាល្ងាចថ្ងៃពុធទី២៤វិច្ឆិកា បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកហ្វូមីអូ គីស្សីដា ដើម្បីពិភាក្សាការងារមួយចំនួន។ ក្នុងនោះភាគីទាំងពីរបានពិភាក្សា លើវិស័យនានា ដែលឈានទៅផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ហើយជប៉ុនបានឯកភាពថា នឹងនាំចេញគ្រឿងសព្វាវុធសម្រាប់ការពារជាតិបន្ថែមទៀត ដូចជានាវាសម្រាប់កងទ័ពជើងទឹក ទៅឲ្យប្រទេសវៀតណាម។ ទន្ទឹមនឹងនេះ បញ្ហាប្រទេសចិនក៏ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរនេះ លើកយកមកដាក់លើតុពិភាក្សាផងដែរ។
សម្រាប់ជប៉ុន ជម្លោះជាមួយចិនក្នុងតំបន់សមុទ្រចិនខាងកើតនៃវិវាទប្រជុំកោះសេនកាគុ នៅតែជាក្តីបារម្ភរបស់រដ្ឋាភិបាលក្រុងតូក្យូ។
ដោយឡែកថ្នាក់ដឹកនាំវៀតណាម លោក ផាមមីញ ជីញ បានបង្ហាញក្តីបារម្ភចំពោះវត្តមានចិន ដែលកំពុងសាងសង់ កោះសិប្បនិម្មិតធំៗ យកធ្វើជាមូលដ្ឋានយោធារបស់ខ្លួន ក្នុងដែនសមុទ្រចិនខាងត្បូង។
យ៉ាងណាមិញ ការពង្រីកកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងវៀតណាម ពិសេសក្នុងវិស័យយោធា នៅមួយរយៈចុងក្រោយនេះបានបង្ហាញពីការរួមកម្លាំងគ្នាបន្ថែម ដើម្បីទប់ទល់ជាមួយប្រទេសចិន។ ជាក់ស្តែង កាលពីខែកញ្ញាកន្លងទៅ ក្រុងតូក្យូ និងក្រុងហានូយ ទើបបានចុះហត្ថលេខា លើកកិច្ចព្រមព្រៀងទិញសព្វាវុធជាមួយគ្នា ដែលនឹងអនុញ្ញាតឲ្យជប៉ុន បង្កើនការនាំចេញ អាវុធមកឲ្យវៀតណាម ពិសេសគឹសព្វាវុធ ផ្នែកកងទ័ពជើងទឹកតែម្តង។ បន្ថែមពីលើនេះ នៅថ្ងៃពុធដដែល ថ្នាក់ដឹកនាំជប៉ុន បានសន្យាថានឹងពង្រីកការនាំចេញអាវុធទៅវៀតណាមបន្ថែមទៀតនៅថ្ងៃខាងមុខ។
សូមជម្រាបថា នាយករដ្ឋមន្ត្រីវៀតណាម បានបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនចំនួន៤ថ្ងៃរួចមកហើយ ចាប់តាំងពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ៕