លំនៅដ្ឋាន​ប្រណីត

ឧកញ៉ា សៀ ឫទ្ធី បោះ​ទុន​ជាង​១០០​លាន​ដុល្លារ​លើ​គម្រោង​បុរី​លំនៅដ្ឋាន​ប្រណីត


បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​និង​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សាធារណជន​ដែល​ជា​អថិតិជន​នៅ​ក្នុង​គម្រោង​អគារ​លំនៅដ្ឋាន ខុនដូរ​ខ្ពស់ៗ​ទំនើបៗ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កន្លង​មក នៅ​ពេល​នេះ​ដែរ លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប កំពុង​ចាប់​ផ្តើម​គម្រោង​អភិវឌ្ឍន៍​​បុរី​លំនៅដ្ឋាន​ដ៏​ប្រណីត​មួយ​ទៀតនៅ​តាម​មាត់​ទន្លេ។
គម្រោង​បុរី​លំនៅដ្ឋាន​ប្រណីត The Palm តាម​បែប​នៅ​សិង្ហ​បុរី និង​កាតា នឹង​បង្ហាញ​ខ្លួន​នៅ​កម្ពុជា​ឆាប់ៗ​នេះ។
ដោយ

គម្រោង​នោះ​មាន​ឈ្មោះ​ថា The Palm គឺ​ជា​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដ៏​ប្រណីត​ប្លែក​ពី​គេ​ មិន​ធ្លាប់​មាន​នៅ​កម្ពុជា ដោយ​មាន​ការ​សហការ​ជាមួយ​ដៃគូ​វិនិយោគ​មក​ពី​ប្រទេស​សិង្ហបុរី។ គម្រោង​នេះ នឹង​ចាប់​ផ្តើម​ដំណើរ​សាងសង់​ជា​ផ្លូវ​ការ​នៅ​ក្នុង​ត្រីមាស​ទី៣ ឆ្នាំ​នេះ​ហើយ ដែល​នឹង​ចំណាយ​ទុន​វិនិយោគ​សាងសង់​ប្រមាណ ១១០​លាន​ដុល្លារ​អាមេរិក។

លោក​ឧកញ៉ា​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «ខ្ញុំ​សុំ​ធ្វើ​ការ​កែ​តម្រូវ​តួលេខ​ទឹក​ប្រាក់​វិនិយោគ​បន្តិច ដែល​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ខុស​ដោយ​មិន​បាន​សាកសួរ ថា ខ្ញុំ​ចំណាយ​ទុន​វិនិយោគ ៣០​លាន​ដុល្លារ​អាមេរិក គ្រាន់​តែ​ដី​វា​គ្រប់​បាត់​ទៅ​ហើយ។ ការ​ពិត​គម្រោង​នេះ យើង​ចំណាយ​ទុន​វិនិយោគ​សរុប ប្រមាណ ១១០​លាន​ដុល្លារ​អាមេរិក​ឯណោះ»

លោក​ឧកញ៉ា​បន្ត​ថា គម្រោង​នេះ​នឹង​ចាប់​ផ្តើម​បើក​លក់​ក្នុង​រយៈពេល ១​ខែ ២​ខែ​ឲ្យ​អតិថិជន​ខាង​មុខ​នេះ។ បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត នៅ​ថ្ងៃ​ទី​១៨ ក្នុង​ខែ​នេះ យើង​នឹង​មាន​ការ​រៀបចំ​កម្មវិធី​មួយ​ជួប​ជុំ មិត្ត​ភក្តិ​យើង​អតិថិជន​យើង ដែល​តែងតែ​តាម​ទិញ​គម្រោង​របស់​យើង ដូចជា The Bridge The Peak កន្លង​មក គឺ​យើង​ផ្តល់​អាទិភាព​ជូន​ពួកគាត់​មុន​គេ​តែ​ម្តង។

ផ្ទះ​គំរូ​នៃ​គម្រោង​បុរី​ប្រណីត ឌឹ ផាម។

លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​វើលប្រ៊ីដ គ្រុប បាន​មាន​ប្រសាសន៍ថា គម្រោង​នេះ​មាន​លក្ខណៈ​ពិសេស​ដូច​គ្នា​ទៅ​នឹង​គម្រោង ឌឹ ផាម (The Palm) នៅ​ប្រទេស​កាតា និង​សិង្ហ​បុរី អ៊ីចឹងដែរ ដែល​សាងសង់​មាន​សណ្ឋាន​រូបរាង​ដូចជា​ដើម​ត្នោត។ 

លោក​ឧកញ៉ា​បន្តថា គម្រោង The Palm នេះ សាងសង់​នៅ​លើ​ផ្ទៃ​ដី​ចំនួន ៣,៧​ហិកតា​ ដែល​បាន​បោះទុន​វិនិយោគ​រាប់​រយ​លាន​ដុល្លារ​អាមេរិក។ គម្រោង​នេះ​ខុស​ប្លែក​ពី​គម្រោង​ទី១ និង​គម្រោង​ទី២ ដែល​ក្រុមហ៊ុន​ វើល ប្រ៊ីដ បាន​អភិវឌ្ឍ​សាងសង់​រួច​មក​ហើយ ដូចជា​គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​កម្ពស់ ៤៥​ជាន់ The Bridge និង​អគារ​ពាណិជ្ជកម្ម​លំនៅដ្ឋាន សណ្ឋាគារ ដែល​មាន​ឈ្មោះ​ថា The Peak។ ហើយ​គម្រោង​ទាំង​ពីរ​នេះ​ទទួល​បាន​ការ​គាំទ្រ​និង​មាន​ភាព​ជោគ​ជ័យ​យ៉ាង​ខ្លាំង។ 

គម្រោង​អភិវឌ្ឍន៍ បុរី ឌឹ ផាម នឹង​មាន​ការ​សាងសង់​វីឡា​កូន​កាត់​​ចំនួន ២០៤​​វីឡា​ជា​​លក្ខណៈ​បឹងកាឡូ ១៦​វីឡា និង​​មាន​​កន្លែង​​ចត​​អូប័រ ជា​ពិសេស សម្រាប់​អ្នក​ដែល​ទិញ​វីឡា​បឹង​កាឡូ។ ហើយ​វីឡា​ទាំង​អស់​សុទ្ធ​តែ​អាច​មើល​ឃើញ​ផ្ទៃ​ទន្លេ​ទាំង​អស់ ហើយ​ផ្ទះ​មាន​ជណ្តើរ​យន្ត​សម្រាប់​មនុស្ស​ចាស់​ផង​ដែរ។

ផ្ទះគំរូ នៃ​គម្រោង​បុរី​លំនៅដ្ឋាន​ប្រណីត ឌឹ ផាម

គម្រោង​បុរី​លំនៅដ្ឋាន​លក្ខណៈ​ជា រីស៊ត  The Palm ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ចម្ងាយ​ប្រមាណ ៤​គីឡូម៉ែត្រ ពី​គល់​ស្ពាន​ព្រះមុនីវង្ស ដែល​តភ្ជាប់​រហូត​ដល់​មាត់​ទន្លេ ក្នុង​ភូមិ​ក្តី​តាកុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ។

មូលហេតុ​ដែល​ឧកញ៉ា សៀ ឫទ្ធី សម្រេច​ចិត្ត​អភិវឌ្ឍន៍​បុរី​លំនៅដ្ឋាន The Palm  នៅ​តំបន់​នោះ ដោយសារ​តែ​មើល​ឃើញ​ថា តំបន់​នោះ​មាន​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម័្ពន្ធ​ល្អ ផ្លូវ​ជាតិ​ធំ​ទូលាយ មាន​ស្ពាន​ពីរ​តភា្ជប់​ និង​​ទីតាំង​អភិវឌ្ឍន៍​នៅ​ជិត​មាត់​ទន្លេ ដែល​បង្ក​លក្ខណៈ​ពិសេស​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន ឌឹ ផាម នេះ ឲ្យ​ក្លាយ​ជា​ រីស៊ត ដ៏​ប្រណីត។

ផ្ទះគំរូ នៃ​គម្រោង​បុរី​លំនៅដ្ឋាន​ប្រណីត ឌឹ ផាម

យ៉ាង​ណា​ក៏​ដោយ​ឧកញ៉ា សៀ ឫទ្ធី មិន​ទាន់​អាច​ប្រាប់​ពី​តម្លៃ​ផ្ទះ​លក់​ចេញ​នៅ​ឡើយ​ទេ ប៉ុន្តែ លោក​អះអាង​ថា តម្លៃ​នឹង​លក់​ទៅ​តាម​ទីផ្សារ​បច្ចុប្បន្ន មិន​ខ្ពស់​ជាង​គេ​ពេក​នោះ​ទេ។ ហើយ​អថិតិជន​របស់​យើង​គឺ​ជា​ប្រភេទ​អតិថិជន​ថ្នាក់​ខ្ពស់ និង​ថ្នាក់​មធ្យម។

ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​សាងសង់​ក្នុង​អាណត្តិ​បោះឆ្នោត​ជាតិ លោក​ឧកញ៉ា សៀ ឫទ្ធី មិន​មាន​ការ​ព្រួយ​បារម្ភ​អ្វី​នោះ​ទេ។ សម្រាប់​លោក​ជា​អ្នក​វិនិយោគ​ត្រូវ​តែ​ឆ្លៀត​ឱកាស ឆក់​យក​ឱកាស​ដែល​ល្អ​ដើម្បី​ធ្វើការ​អភិវឌ្ឍ និង​វិនិយោគ បើ​សិន​អ្នក​ទាំង​អស់​ខ្លាច យើង​ក៏​ខ្លាច នោះ​យើង​នឹង​បាត់​បង់​ឱកាស​ហើយ។ ប៉ុន្តែ យើង​ដឹង​ច្បាស់ យើង​មិន​ខ្លាច នោះ​ហើយ​ជា​ភាព​ជោគជ័យ​របស់​យើង។ 

លោក​ឧកញ៉ា​ថា ការ​រក​​ស៊ី​​សំខាន់ គឺ​ត្រូវ​មាន​ភាព​មុត​ស្រួច និង​មាន​ការ​សម្រេច​ចិត្ត​ឲ្យ​ទាន់​ពេល​វេលា។ លោក​ឧកញ៉ា សៀ ឫទ្ធី បាន​បញ្ជាក់​អះអាង​លោក​នៅ​មាន​គម្រោង​អភិវឌ្ឍ​សាងសង់​អគារ​ពាណិជ្ជ​កម្ម និង​លំនៅ​ដ្ឋាន​ពីរ បី​ទៀត ដែល​នឹង​ប្រកាស​សាងសង់​ជា​ផ្លូវការ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

None



អត្ថបទបន្ទាប់


កម្ពុជា​នឹង​ស្នើ​ឲ្យ​ជប៉ុន​ជួយ​លើ​គម្រោង​សាងសង់​ផ្លូវ​រថ​ភ្លើង​លើ​អាកាស ៨០០​លាន​ដុល្លារ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​៣​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន នា​សប្ដាហ៍​នេះ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​នឹង​…

កម្ពុជា​ស្នើ​មហាមិត្ត​ជប៉ុន​ឲ្យ​ជួយ​លើ​ការ​បង្កើត​រោងចក្រ​កែ​ច្នៃ​សំរាម

ឆ្លៀត​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​រោងចក្រ​កែច្នៃ​សំរាម SHIN-KOTO INCINERATION PLANT ដែល​គ្រប់គ្រង​ដោយ​«អាជ្ញាធរ​សម្អាត​ទីក្រុង​តូក្យូ» …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ