
គម្រោងត្រូវបានដឹងថា នឹងចំណាយពេល២ឆ្នាំ កន្លះ ក្នុងការអភិវឌ្ឍបញ្ចប់ ពោលគឺនឹងបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០២២ ខាងមុខនេះ។
ស្ថិតនៅដងនៃទន្លេមេគង្គ One Central Tower ប្រែក្លាយតំបន់បឹងស្នោរឲ្យទៅជាទីក្រុងដ៏ទំនើបថ្មីមួយទៀត ដែលប្រមូលផ្តុំដោយមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបទាន់សម័យ ផ្សារទំនើបលំដាប់អន្តរជាតិ មន្ទីរពេទ្យទំនើប រួមជាមួយការរស់នៅលក្ខណៈធម្មជាតិ និងការកម្សាន្តដ៏សម្បូរបែបលំដាប់ពិភពលោក នៅក្នុងទំហំដីប្រមាណ ២៤ ពាន់ម៉ែត្រការ៉េ។
លោក យឹម លក្ខណ៍ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន B.I.C Group បានលើកឡើងថា «យើងចង់ជួយប្រែក្លាយទីក្រុងភ្នំពេញ ជាមួយតំបន់អភិវឌ្ឍន៍លំដាប់ពិភពលោក ដែលអាចទាក់ទាញក្រុមហ៊ុនវិនិយោគធំៗ រួមជាមួយលំនៅដ្ឋានប្រណីតៗ»។

លោកបន្ថែមទៀតថា ក្រៅពីគម្រោង អគារតម្លៃ ២០០ លានដុល្លារអាមេរិកនេះ ក្រុមហ៊ុន B.I.C Group ក៏មានគម្រោងគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត នោះគឺ គម្រោង "The Long Bay" ។ គម្រោងនេះ មានទីតាំងស្ថិតនៅចម្ងាយ ៤០ គីឡូម៉ែត្រ ប៉ែកខាងលិចនៃខេត្តព្រះសីហនុ ដែលស្ថិតនៅក្នុងផ្ទៃសមុទ្រតារាសាគរ និងស្ថិតនៅក្នុងទឹកដីខេត្តកោះកុង ក្នុងទំហំដីអភិវឌ្ឍន៍ ២០០ហិកតា។
គម្រោង The Long Bay មានការសាងសង់ឡើងដូចជា ឧទ្យានលក្ខណៈបច្ចេកវិទ្យាទំនើប តំបន់ទេសចរណ៍វប្បធម៌ រមណីយដ្ឋានឆ្នេរសមុទ្រ រមណីយដ្ឋានកម្សាន្តលក្ខណៈធម្មជាតិ លំនៅដ្ឋានលក្ខណៈសម្រាកលំហែប្រកបដោយផាសុកភាពជាដើម។

គួរបញ្ជាក់ដែរថា តាមរបាយការណ៍ក្រសួងរៀបចំដែនដី កម្ពុជាផ្តល់លិខិតអនុញ្ញាតសាងសង់សំណង់ខ្ពស់ៗចាប់ពី៥ ជាន់ ឡើងទៅសម្រាប់ការអភិវឌ្ឍក្នុងរយៈពេល ១៤ឆ្នាំមកនេះ មានចំនួនអគារខ្ពស់ៗសរុបបានកើនឡើងរហូតជាង ១ពាន់អគារ ដែលរាប់ចាប់ពីអគារលំនៅដ្ឋានស្នាក់នៅរូម សណ្ឋាគារ និងអគារពាណិជ្ជកម្ម៕