ក្រុមហ៊ុនដៃគូយុទ្ធសាស្ត្រទាំង១២ក្រុមហ៊ុន រួមមាន ក្រុមហ៊ុនអភិវឌ្ឍន៍និងសំណង់ ក្រុមហ៊ុនវិនិយោគលើវិស័យកម្សាន្តនិងកាស៊ីណូ ក្រុមហ៊ុនស្ថាបត្យកម្ម ក្រុមហ៊ុនអភិវឌ្ឍន៍សួនទឹក និងក្រុមហ៊ុនផ្សេងៗទៀត ដែលនឹងរួមគ្នាធ្វើការអភិវឌ្ឍលើគម្រោងដំណាក់កាលទី១ ដែលផ្ទៃដី៥០ហិកតានៃគម្រោងទីក្រុងរណប Empire World City ដែលមានផ្ទៃដីសរុប ៨០០ហិកតា នៅក្រុងបាវិត ប្រទេសកម្ពុជា ជាប់នឹងព្រំដែនវៀតណាម។
ការអភិវឌ្ឍដំណាក់កាលទី១ នៅលើផ្ទៃដី៥០ហិកតានេះ អាចនឹងចំណាយទឹកប្រាក់ប្រមាណ ២០០លានដុល្លារ និងរយៈពេល ៦ឆ្នាំ សម្រាប់ការអភិវឌ្ឍ។ ក្រុមហ៊ុន Empire World ជាក្រុមហ៊ុនដឹកនាំការអភិវឌ្ឍទីក្រុងរណបមួយនេះ និងមានក្រុមហ៊ុន Virtue Resources Corporation ជាក្រុមហ៊ុនមេ។
ការចុះអនុស្សរណៈយោគយល់នេះ មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មន្ត្រីជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមហ៊ុន និងភ្ញៀវសំខាន់ៗផ្សេងទៀតប្រមាណជិត ១០០០ពាន់នាក់។
លោក Chew Teck Kong នាយកប្រតិបត្តិនៃក្រុមហ៊ុន Virtue Resources Corporation បាននិយាយថា គម្រោងនេះក៏អាចនឹងជួយដល់ការលូតលាស់របស់កម្ពុជា និងជាពិសេស លើវិស័យទេសចរណ៍។
ការអភិវឌ្ឍគម្រោងនេះ ត្រូវបានលោក Eric Loo នាយកប្រតិបត្តិក្រុមហ៊ុន Empire World ដែលជាក្រុមហ៊ុនដឹកនាំការអភិវឌ្ឍផ្ទាល់ មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចយ៉ាងលឿន នៅក្នុងតំបន់ និងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនជាច្រើន។ ចំណែកក្រុងបាវិត គឺជាមណ្ឌលកណ្តាលរវាងទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ។ ការកសាងផ្លូវនិងខ្សែក្រវាត់របស់ចិន និងការកសាងផ្លូវល្បឿនលឿន នឹងធ្វើឲ្យមានការតភ្ជាប់មកកាន់ទីក្រុងរណបកាន់តែងាយស្រួល និងចំណាយរយៈពេលខ្លី។
ក្រុមហ៊ុន Virtue Resources Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Empire World គ្រោងនឹងវិនិយោគសាងសង់ទីក្រុងរណប Empire World City នៅក្រុងបាវិត ដែលក្នុងនោះមានផ្ទៃដីប្រមាណ ៨០០ ហិកតា ដែលរួមមាន មជ្ឈមណ្ឌលកម្សាន្ត លំនៅដ្ឋាន សួនឧទ្យាន និងតំបន់ឧស្សាហកម្ម។ ទីក្រុងរណបថ្មីនេះ គ្រោងនឹងចំណាយពេលប្រមាណ ១៥ឆ្នាំ ដើម្បីបញ្ចប់៕