ប្រទេសវៀតណាមរកឃើញអ្នកវិជ្ជមានកូវីដ-១៩ដែលផ្ទុកមេរោគបំប្លែងខ្លួនថ្មីមកពីឥណ្ឌា ខណៈដែលប្រទេសនេះ មានការស្ងប់ស្ងាត់ការឆ្លងកូវីដ-១៩អស់មួយរយៈពេលខ្លី។
ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងកាលពីចុងខែមេសាថា អ្នកជំនាញជនជាតិឥណ្ឌា ៤នាក់និង ជនជាតិវៀតណាមម្នាក់បានធ្វើតេស្តរកឃើញថា មានកូវីដ-១៩បំប្លែងខ្លួនថ្មីមកពីប្រទេសឥណ្ឌា ខណៈពេលដែលពួកគេកំពុងធ្វើចត្តាឡីស័ក្តក្នុងសណ្ឋាគារមួយកន្លែងពេលចូលមកដល់ទឹកដីវៀតណាម។ ដោយឡែក បុរសជនជាតិវៀតណាមខាងលើជាបុគ្គលិករបស់សណ្ឋាគារ។
លទ្ធផលសំណាកពីវិទ្យាស្ថានជាតិអនាម័យនិងជំងឺឆ្លងវៀតណាម បានបង្ហាញថា អ្នកទាំង៥ នាក់ មានផ្ទុកមេរោគកូវីដ-១៩បំប្លែងខ្លួនថប្រភេទ B.1.167 ដែលជាប្រភេទមានលទ្ធភាពអាចបំប្លែងខ្លួនបានទ្វេដង។ នេះបើតាមព័ត៌មាន VN Express។
ប្រភពព័ត៌មានដដែលនេះ បានឲ្យដឹងទៀតថា មេរោគប្រភេទនេះ កាចសាហាវ វាធុននឹងប្រព័ន្ធការពារសារពាង្គកាយរបស់មនុស្ស និងអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់លឿនរហ័សខ្លាំងជាងមេរោគធម្មតា។
អង្គការសុខភាពពិភពលោកក៏ធ្លាប់បានឲ្យដឹងពីមេរោគប្រភេទថ្មីនេះដែរថា វាអាចបណ្តាលឲ្យអ្នកជំងឺឆាប់ធ្លាក់ខ្លួនក្នុងសភាពធ្ងន់ធ្ងរ ហើយវាក៏អាចយកឈ្នះលើប្រសិទ្ធភាពរបស់វ៉ាក់សាំងបានផងដែរ។
ប្រទេសវៀតណាម បានស្ងប់ស្ងាត់មិនមានករណីឆ្លងចូលសហគមន៍ជាង១ខែមកហើយ ប៉ុន្តែបានចាប់ផ្ដើមកក្រើកឡើងវិញ ដោយបានរកឃើញករណីឆ្លងថ្មីឡើងវិញតាំងពីថ្ងៃទី ២៩ខែមេសានេះ មកទល់ថ្ងៃទី ០៣ ខែឧសភា មានជាង២០ករណីហើយ។
ដោយឡែក ប្រទេសម៉ាឡេស៊ីឯណោះវិញ ក៏បានរកឃើញករណីដំបូង នៃមេរោគបំប្លែងខ្លួនថ្មីពីឥណ្ឌាក្រោយបិទជើងហោះហើរពីឥណ្ឌាបានប៉ុន្មានថ្ងៃ។
ក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានប្រកាស រកឃើញករណីដំបូងនៃអ្នកដែលមានផ្ទុកកូវីដ-១៩បំប្លែងខ្លួនថ្មីមានប្រភពចេញពីប្រទេសឥណ្ឌា កាលពីថ្ងៃទី២ឧសភាព ពោលគឺនៅបន្ទាប់ពីប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលម៉ាឡេស៊ីប្រកាសផ្អាកជើងហោះហើរជាមួយប្រទេសឥណ្ឌា។ នេះបើតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters។
មេរោគបំប្លែងខ្លួនថ្មីនេះត្រូវបានអាជ្ញាធរម៉ាឡេស៊ីរកឃើញ លើខ្លួនបុរសជនជាតិឥណ្ឌាម្នាក់ក្នុងអាកាសយាន្តដ្ឋានអន្តរជាតិ នៃទីក្រុងកូឡាឡាំពួរ ប៉ុន្តែគេមិនបានបញ្ជាក់ថា បានរកឃើញតាំងពីពេលណានោះទេ។
គួររំឭកថា ម៉ាឡេស៊ីក៏ដូចជាប្រទេសផ្សេងៗជាច្រើនទៀតផងដែរ បានផ្តើមបិទជើងហោះហើរទៅមកជាមួយប្រទេសឥណ្ឌាកាលពីចុងខែមេសា និង បានហាមឃាត់អ្នកដំណើរណាដែលមានគោលដៅត្រូវហោះហើរឆ្លងកាត់ប្រទេសឥណ្ឌា មិនឲ្យចូលប្រទេសខ្លួនដូចគ្នាដែរ ដើម្បីការពារពីការរីករាលដាលឆ្លងនៃមេរោគកូវីដ១៩ បំប្លែងថ្មីនេះ។
ម៉ាឡេស៊ី ជាប្រទេសមួយក្នុងតំបន់ ដែលកំពុងរងការឆ្លងរីករាលដាលកូវីដ-១៩ខ្លាំងក្លាណាស់ដែរ ពោលគឺមានអ្នកឆ្លងថ្មីដល់ទៅរាប់ពាន់នាក់ក្នុងមួយថ្ងៃ ចំណែកឯ ចំនួនអ្នកឆ្លងសរុបគិតមកដល់ពេលនេះមាន ជាង ៤១ម៉ឺននាក់ ខណៈអ្នកស្លាប់មានជាង ១.៥០០នាក់។
ក្រៅពីម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ីឯណោះវិញ កាលពីថ្ងៃចន្ទ ម្សិលមិញនេះ ក៏បានប្រកាសរកឃើញកូវីដ-១៩បំប្លែងថ្មីពីឥណ្ឌានេះផងដែរ ដែលបានកើតឡើងនៅក្នុងរដ្ឋធានីហ្សាកាតា។
ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានប្រកាសកាលពីថ្ងៃទី៣ឧសភានេះថា ខ្លួនបានរកឃើញកូវីដ-១៩បំប្លែងខ្លួនថ្មីចំនួន២ករណី ក្នុង២ប្រភេទផ្សេងៗគ្នា ដោយមួយករណីរកឃើញនៅរដ្ឋធានីហ្សាកាតា ជាប្រភេទមកពីប្រទេសឥណ្ឌា និងមួយករណីទៀត នៅលើកោះបាលី ដែលជាប្រភេទមកពីតំបន់អាហ្វ្រិក។
មិនខុសគ្នានឹងប្រទេសក្នុងតំបន់ និង ជុំវិញពិភពលោកនោះទេ ឥណ្ឌូនេស៊ីកាលពីសប្តាហ៍មុនបានផ្អាកការផ្តល់ទិដ្ឋការដល់ជនបរទេសណា ដែលធ្លាប់បានឆ្លងកាត់ ឬចេញមកពីប្រទេសឥណ្ឌា ដើម្បីការពារការឆ្លងរាលដាលនៅក្នុងប្រទេសរបស់ខ្លួន។
សូមបញ្ជាក់ថា ស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌានៅមិនទាន់មានភាពធូរស្បើយនៅឡើយទេ ពោលគឺមានស្ថានភាពធ្ងន់ធ្ងរឡើងកាន់តែខ្លាំង ដោយចំនួនអ្នកឆ្លងកាលពីថ្ងៃទី ៣ ឧសភា មានជាង៣៦ម៉ឺនាក់ និង អ្នកស្លាប់មានជាង៣ពាន់នាក់ក្នុង១ថ្ងៃ។ សរុបអ្នកឆ្លងកូវីដ-១៩នៅឥណ្ឌាមកទល់ពេលនេះមានជិត២០លាននាក់ហើយ និង អ្នកស្លាប់សរុបមានជិត២២ម៉ឺននាក់៕