តាមរបាយការណ៍ការស្រាវជ្រាវមួយដែលបានចេញផ្សាយដោយសារព័ត៌មាន CNN បានបង្ហាញថា មានប្រទេស និងតំបន់ចំនួន៤ ដែលទទួលបានប្រយោជន៍ធំជាងគេពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិននេះ។
អ្នកឈ្នះធំធេងជាងគេចំនួន ៤ ក្នុងសង្គ្រាមពាណិជ្ជកម្មនោះ មានដូចជាប្រទេសវៀតណាម កោះតៃវ៉ាន់ ប្រទេសបង់ក្លាដេស និងប្រទេសកូរ៉េខាងត្បូង។
ក្នុងរយៈពេល ៥ខែ ដំបូងឆ្នាំនេះ សហរដ្ឋអាមេរិក បាននាំចូលផលិតផលពីប្រទេសចិនតិចជាងមុន ១២ភាគរយ ធៀបនឹង៥ខែកាលពីឆ្នាំមុន។ ប៉ុន្ដែ ក្នុងរយៈពេលដូចគ្នានេះ ការនាំចូលផលិតផលពីវៀតណាមវិញ បានកើនឡើងរហូតដល់៣៦% , តៃវ៉ាន់ កើនឡើង២៣%, បង់ក្លាដេសកើន ១៤% និងកូរ៉េខាងត្បូងកើនឡើង ១២%។
ការដាក់ដំឡើងពន្ធគយរបស់លោកត្រាំ បានធ្វើឲ្យអ្នកប្រើប្រាស់ទំនិញដែលផលិតចេញពីប្រទេសចិនដូចជា មួក វ៉ាលីដាក់ឥវ៉ាន់ កង់ និងកាបូបដៃជាដើម ត្រូវចំណាយថ្លៃខ្ពស់សម្រាប់ក្រុមហ៊ុននាំចូលរបស់អាមេរិក។ ពន្ធផ្សេងទៀត ក៏បានធ្វើឲ្យទំនិញផ្សេងៗ រងផលប៉ះពាល់ផងដែរ ដូចជាគ្រឿងម៉ាស៊ីន និងទំនិញឧស្សាហកម្ម រួមបញ្ចូលទាំង បំណែកនៃម៉ាស៊ីនលាងចាន ម៉ាស៊ីនបោកសម្លៀកបំពាក់ ម៉ាស៊ីនសម្ងួត និងចម្រោះទឹកជាដើម។
ប្រធានាធិបតីអាមេរិក នៅតែបន្ត គំរាមកំហែង ដំឡើងពន្ធគយបន្ថែមទៀត លើំទំនិញប្រមាណ ៣២៥ ពាន់លានដុល្លារអាមេរិករបស់ចិន ដែលអាចនឹងប៉ះពាល់ដល់ផលិតផលទូរស័ព្ទស្មាតហ្វូន ប្រដាប់ប្រដារក្មេងលេង ស្បែកជើង និងត្រីជាដើម។
តាមការស្រាវជ្រាវ មួយរបស់សារព័ត៌មានជប៉ុន Nikkei Asian Reviewនាពេលថ្មីៗនេះឲ្យដឹងថា មានក្រុមហ៊ុនអន្តរជាតិប្រមាណជាង ៥០ ដែលមានផលិតកម្មនៅប្រទេសចិន បាននិងកំពុងពិចារណាក្នុងការរុះរើចំណែកនៃផលិតកម្មរបស់ខ្លួនចេញពីចិន ទៅកាន់ប្រទេសតំបន់អាស៊ីអាគ្នេយ៍។
ទោះយ៉ាងណា គេកត់សម្គាល់ឃើញថា វាមិនមែនជារឿងងាយប៉ុន្មានទេ ក្នុងការស្វែងរកមូលដ្ឋានផ្គត់ផ្គង់ក្រៅពីប្រទេសចិន ដែលអាចផលិតទំនិញដែលមានគុណភាពដូចគ្នា និងតម្លៃថោក ដូចទំនិញចិននាពេលបច្ចុប្បន្ន ហើយវាជាដំណើរការមួយដែលអាចនឹងត្រូវ ចំណាយពេលរាប់ខែ ឬរាប់ឆ្នាំឯណោះ។ ផ្ទុយទៅវិញ អ្នកនាំចូលអាចនឹងសម្រេចចិត្តទទួលយកការចំណាយថ្លៃ ដើម្បីទប់ទល់នឹងការដំឡើងពន្ធរបស់លោកត្រាំ នៅពេលឆាប់ៗ ហើយពួកគេអាចនឹងបន្ថែមថ្លៃចំណាយនេះទៅលើអ្នកប្រើប្រាស់បច្ចុប្បន្ន។
ក្រុមហ៊ុន អាមេរិក Cap America ដែលមានមូលដ្ឋាននៅរដ្ឋមីសួរី មានការនាំចូលផលិតផលមួកជាច្រើនពីប្រទេសចិន។ ក្រុមហ៊ុននេះ កំពុងព្យាយាម រកដៃគូផ្គត់ផ្គង់ថ្មី ពីប្រទេសបង់ក្លាដេស ដើម្បីគេចវេះពីការបង់ពន្ធដ៏សន្ធឹករបស់អាមេរិក ប៉ុន្ដែ ការបញ្ជាទិញទាំងនោះ អាចប៉ះប៉ូវ បានតែប្រមាណ ២០% ប៉ុណ្ណោះ នៃការនាំចូលសរុបរបស់ក្រុមហ៊ុននេះ សម្រាប់ឆ្នាំ២០១៩នេះ បន្ទាប់ពីពួកគេបានត្រួតពិនិត្យគុណភាពរួច។
មាន៤០ភាគរយ នៃក្រុមហ៊ុន ដែលត្រូវបានស្ទង់មតិ កាលពីខែឧសភាកន្លងទៅ ដោយសភាពាណិជ្ជកម្មអាមេរិក និងដៃគូ នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន បាននិយាយថា ពួកគេកំពុងពិចារណា ឬក៏បានផ្លាស់ប្តូររោងចក្រចេញពីប្រទេសចិនដោយសារតែពន្ធគយ។ សម្រាប់ក្រុមហ៊ុនដែលបានរើការផលិតនៅក្នុងត្រីមាសទី១ គឺប្តូរទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ តិចជាង ៦% និយាយថា ពួកគេបានរើ ឬកំពុងពិចារណាប្ដូរទៅកាន់សហរដ្ឋអាមេរិកវិញ។
ខណៈដែលការនាំចូលពីប្រទេសក្រៅពីប្រទេសចិន មានកំណើននៅឆ្នាំនេះ ផលិតកម្មមួយចំនួន ក៏ត្រូវបានរើចេញពីប្រទេសចិនទៅកាន់ទីតាំងដែលបុគ្គលិកមានប្រាក់ចំណូលទាបជាង ទាងមុនលោកត្រាំ ដំឡើងពន្ធគយទៅទៀត។
ការនាំចូលរបស់អាមេរិកពីប្រទេសមួយចំនួនដូចជា ប្រទេសវៀតណាម និងកូរ៉េខាងត្បូង បានកើនឡើងជាលំដាប់ក្នុងទសវត្សរ៍កន្លងទៅនេះ ដោយសារប្រទេសទាំងនោះ បានបង្កើនការផលិតសម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិករៀងៗខ្លួន។
កោះតៃវ៉ាន់ និងប្រទេសកូរ៉េខាងត្បូង គឺត្រូវបានផ្ដោតលើផលិតផលបច្ចេកវិទ្យាខ្ពស់ ខណៈដែលវៀតណាម និងបង់ក្លាដេស គឺនៅតែផ្ដល់នូវភាពប្រកួតប្រជែងផ្នែកប្រាក់ខែកម្មករ ដែលធ្វើឲ្យប្រទេសទាំងពីរនេះ ជាកន្លែងទាក់ទាញសម្រាប់ការផលិតនូវទំនិញដូចជាសម្លៀកបំពាក់ និងស្បែកជើង៕