ឥឡូវនេះ ប៉ូលិសវៀតណាមបានចាប់ខ្លួនមហាសេដ្ឋីធនាគារម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីឆបោក ដែលនាំឲ្យប្រាក់ប្រមាណ ៤០០លានដុល្លារបាត់ចេញពីប្រព័ន្ធធនាគារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
អតីតអនុប្រធានក្រុមប្រឹក្សាភិបាលធនាគារ Sacombank ឈ្មោះ ត្រាំ បេ ត្រូវបានចាប់ខ្លួនរួមជាមួយនឹងឈ្មោះ ហ៊ុយ ខាង អតីតអគ្គនាយកប្រតិបត្តិធនាគារ Sacombank និងអតីតបុគ្គលិកធនាគារនិងក្រុមហ៊ុនផ្សេងៗចំនួន ១៤នាក់ទៀត ផងដែរ។
យោងតាមប៉ូលិសវៀតណាម លោក ត្រាំ បេ បានជួយអតីតប្រធានក្រុមប្រឹក្សាភិបាលធនាគារ Vietnam Construction Bank (VNCB) ឈ្មោះ ផាម កុង ដាញ់ ក្នុងអំពើលួចប្រាក់រាប់សិបលានដុល្លារពីធនាគារ VNCB។
ហើយកាលពីខែតុលា ឆ្នាំទៅមិញ តុលាការបានកាត់ទោស ផា កុងដាញ់ និងបុគ្គលិកធនាគារ ៣៥នាក់ផ្សេងទៀត ពីបទលួចលុយជាង ៤០០លានដុល្លារ។
ប៉ូលិសឲ្យដឹងថា ករណីពុករលួយនេះជាករណីដែលពាក់ព័ន្ធនឹងទឹកប្រាក់ច្រើនជាងគេបំផុតមិនធ្លាប់មានពីមុនមកឡើយ នៅក្នុងវិស័យធនាគារវៀតណាម៕