ការបើកការហោះហើរថ្មីៗមកកម្ពុជាពេលនេះ ស្របពេលដែលប្រទេសកម្ពុជាមានកំណើនភ្ញៀវទេសចរបរទេសមកកម្ពុជាកើនឡើងជារៀងរាល់ឆ្នាំ គួបផ្សំនឹងស្ថិរភាពសេដ្ឋកិច្ចប្រទេសផងដែរ។ ទាំងអស់នេះជាមូលហេតុជំរុញឲ្យមានកំណើនវិនិយោគហូរចូលមកបណ្តាក់ទុននៅកម្ពុជាជាច្រើន។ ហើយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដែលកំពុងដំណើរការអាជីវកម្មនៅកម្ពុជាទាំងអស់នោះ ភាគច្រើនគឺមកពីប្រទេសចិន។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយទៀតហើយ បានសម្ពោធដាក់ឲ្យដំណើរការជើងហោះហើរក្នុងស្រុក រាជធានីភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។
ក្រុមហ៊ុនអាកាសចរណ៍ចិនដែលវិនិយោគនៅកម្ពុជាមួយនេះ បានចាប់ផ្តើមជើងហោះហើររបស់ខ្លួនដំបូង ដោយយន្តហោះចំនួន៦គ្រឿង ហើយរំពឹងថានឹងបន្ថែមចំនួនយន្តហោះឲ្យបាន ២០គ្រឿងនៅឆ្នាំក្នុងរយៈពេលបីឆ្នាំបន្ទាប់ ជាមួយនឹងការពង្រីកផ្លូវហោះហើរបន្ថែមទៀតពីប្រទេសកម្ពុជាទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់ទន្លេមេគង្គមួយចំនួនទៀតនៅពេលអនាគតដ៏ខ្លី។
ក្រុមហ៊ុនអាកាសរចណ៍ Lanmei Airline ជាក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន បានដាក់ឲ្យដំណើរការជាផ្លូវការនៅជើងហោះហើររបស់ខ្លួនកាលពីម្សិលមិញ បន្ទាប់ពីដំណើរការសាកល្បង ហោះហើរពី ក្រុងព្រះសីហនុ ទៅកាន់ទីក្រុងម៉ាកាវ រដ្ឋបាលពិសេសប្រទេសចិន ទទួលបានជោគជ័យកាលពីពាក់កណ្តាល ខែកញ្ញាកន្លងទៅនេះ។
លោក លី គ័ង្គ (Li Koung) នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Lanmei Ailrine បានបា្រប់ឲ្យដឹងថា ការសម្រេចចិត្តបើកជើងហោះហើរនៅកម្ពុជាក្នុងគោលបំណងជំរុញនិងលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងដើម្បីបម្រើដល់យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគំនិតផ្តួចផ្តើម ផ្លូវ១ ខ្សែក្រវាត់១ របស់ចិនផងដែរ។
លោកបន្ថែមថា ក្រុមហ៊ុនលោកនឹងពង្រីកជើងហោះហើរបន្ថែមទៀតទៅកាន់ប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា ថៃ និងទីក្រុងមួយចំនួនទៀតរបស់ចិន។
ឯកឧត្តម ម៉ៅ ហាវ៉ាន់ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថា វត្តមានក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ បានបង្ហាញនូវបរិយាកាសវិនិយោគល្អក្នុងវិស័យអាកាសចរណ៍របស់កម្ពុជា និងធ្វើឲ្យវិស័យមួយនេះកាន់តែរឹងមាំ ជំរុញទាំងផ្នែកពាណិជ្ជកម្មនិងទេសចរណ៍ផងដែរ។
តាមរយៈការពង្រីកជើងហោះហើរនេះត្រូវបានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ម៉ៅ ហាវ៉ាន់ណាល់ បន្ថែមថា ការមកដល់របស់ក្រុមហ៊ុនហោះហើរថ្មីនេះ វានឹងក្លាយជាវិថីលើមេឃក្នុងការដឹកជញ្ជូនភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិនមកកាន់កម្ពុជាកាន់តែល្អប្រសើរ៕