លោក យូថាសាក់ ផូមស៊ូរ៉ាគុល (Yuthasak Poomsurakul) ដែលជានាយកប្រតិបត្តិនៅក្រុមហ៊ុន CP All បាននិយាយថា ហាង 7-Eleven បានបង្កើតតម្លៃសេដ្ឋកិច្ចសម្រាប់សហគមន៍ និងសហគ្រាសសហគមន៍ មានតម្លៃប្រហែលជាង៥៥៣លានដុល្លារ។ លោក បានបន្តថា សហគ្រាសធុនតូច និងមធ្យមថ្មីចំនួន១៩៧កន្លែង ត្រូវបានជ្រើសរើសឱ្យលក់ផលិតផលរបស់ពួកគេនៅតាមហាង 7-Eleven កាលពីឆ្នាំ២០២៣ ខណៈដែលកាលពីឆ្នាំ២០២២ មានសហគ្រាសបែបនេះចំនួន១៦៣កន្លែង។
បើតាមថ្នាក់ដឹកនាំរូបនេះ សហគ្រាសធុនតូច និងមធ្យមជាង១ពាន់២រយត្រូវបានជ្រើសរើសធ្វើជាដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន CP All ដើម្បីលក់ផលិតផលជិត១ម៉ឺនមុខនៅតាមហាង 7-Eleven នៅទូទាំងប្រទេសថៃ។ មុខទំនិញទាំងនេះមានការកើនឡើង១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ខណៈដែលក្រុមហ៊ុន CP All បាន និងកំពុងគាំទ្រសហគ្រាសធុនតូច និងមធ្យមអស់រយៈពេល៣០ឆ្នាំមកហើយ។
ក្រៅពីបានជួយគាំទ្រសហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុន CP All ក៏បានចែកប្រាក់ចំណូលដល់សហគមន៍ និងកសិករតាមទីជនបទតាមរយៈការគាំទ្រកសិករ និងសហគ្រាសសហគមន៍ឱ្យកែច្នៃផលិតផលរបស់ពួកគេឱ្យក្លាយជាទំនិញ ដែលអាចយកទៅដាក់លក់នៅតាមហាង 7-Eleven ដោយបានបង្កើតប្រាក់ចំណូលបានប្រហែលជាង៥៥៣លានដុល្លារសម្រាប់សហគមន៍ជារៀងរាល់ឆ្នាំផងដែរ៕