កញ្ចប់ជំនួយយោធាថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានទំហំប៉ុនកញ្ចប់លើកមុនដែរ ប៉ុន្តែព័ត៌មានលម្អិត និងជំនួយលំអិតផ្សេងទៀត នៅតែកំពុងដំណើរការរៀបចំនៅឡើយទេ។ ប្រសិនបើកញ្ចប់ជំនួយក្នុងសប្តាហ៍នេះមានទំហំធំដូចការរំពឹងទុក នោះវានឹងធ្វើឲ្យជំនួយយោធាសរុបរបស់សហរដ្ឋអាមេរិកទៅឲ្យអ៊ុយក្រែនចាប់តាំងពីរុស្ស៊ីបានឈ្លានពានកាលពីចុងខែកុម្ភៈ កើនដល់ទៅជាង ៣ពាន់លានដុល្លារហើយ។
រដ្ឋបាលលោកចូ បៃឌិន កាលពីសប្តាហ៍មុនបានប្រកាសផ្តល់ជំនួយយោធាទៅឲ្យអ៊ុយក្រែនក្នុងតម្លៃប្រមាណ ៨០០លានដុល្លារអាមេរិក ក្នុងនោះរួមបញ្ចូលទាំងខែលការពារកាំភ្លើងធំ រថពាសដែក និង កប៉ាល់ការពារដែនសមុទ្រគ្មានមនុស្សបើក។ ទាំងនេះជាការពង្រីកវិសាលភាព នៃសម្ភារៈយោធាសម្រាប់អ៊ុយក្រែនកាន់តែទំនើបបន្ថែមទៀត ហើយវាត្រូវបានបញ្ចូនទៅដល់ដៃរដ្ឋាភិបាលក្រុងកៀវរួចហើយ នៅដើមសប្តាហ៍នេះ។ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានបារាំង AFP។
បើផ្អែកតាមប្រភពព័ត៌មានពីក្រសួងការពារជាតិអាមេរិក យន្តហោះដឹកគ្រឿងសព្វាវុធ ចំនួន៤ជើង បាននាំយកជំនួយសព្វាវុធទៅដល់ក្បែរព្រំដែនអ៊ុយក្រែនហើយ ដើម្បីរៀបចំប្រគល់ឲ្យកងទ័ពអ៊ុយក្រែន។ លោក ចន ឃើបប៊ី(John Kirby) អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក បានអះអាងក្នុងសន្និសិទសារព័ត៌មានថា អ្នកជំនាញកងទ័ពអាមេរិក នឹងបង្វឹកកងទ័ពអ៊ុយក្រែនឲ្យចេះប្រើ ប្រព័ន្ធកាំភ្លើងធំ និងសព្វាវុធទំនើបៗផ្សេងទៀត ដែលការហ្វឹកហាត់ នឹងធ្វើឡើងនៅក្នុងប្រទេស ក្បែរខាងជាប់ព្រំដែនអ៊ុយក្រែន។
គួរកត់សម្គាល់ថា ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ធ្លាប់បានច្រានចោលក្តីបារម្ភរបស់ លោកខាងលិច ពាក់ព័ន្ធនឹងសមត្ថភាពរបស់ទាហានអ៊ុយក្រែន ក្នុងការប្រើប្រាស់សព្វាវុធទំនើបៗរបស់ពួកគេ។ លោកហ្សេលេនស្គី ប្រាប់សារព័ត៌មានអាមេរិក CNN ក្នុងបទសម្ភាសន៍មួយថា កងទ័ពអ៊ុយក្រែន មានសមត្ថភាពរៀនចេះប្រើអាវុធទំនើបៗបានលឿន ដូច្នេះគេមិនចាំបាច់ព្រួយបារម្ភឡើយ ដោយគ្រាន់តែបញ្ចូនអាវុធទាំងអស់នោះមកឲ្យបានទាន់ពេលវេលាដែលអ៊ុយក្រែនត្រូវការទៅបានហើយ មិនចាំបាច់ខ្វល់រឿងបង្រៀនឲ្យចេះបាញ់នោះទេ។
សូមជម្រាបថា ក្រៅតែពីសហរដ្ឋអាមេរិក មេដឹកនាំចក្រភពអង់គ្លេស និងកាណាដាកាលពីថ្ងៃទី១៩មេសា បានសន្យាបញ្ជូនកាំភ្លើងធំ និងជំនួយយោធាផ្សេងៗបន្ថែមទៀត ឲ្យអ៊ុយក្រែនដើម្បីតទល់នឹងរុស្ស៊ី ដែលកំពុងតែចាប់ផ្តើមសមរភូមិក្តៅនៅភាគខាងកើតអ៊ុយក្រែន នៃតំបន់ដុនបាស។ បស្ចឹមលោកក៏នឹងពិភាក្សាគ្នាពីការដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី និង ការជំរុញឱ្យសហគមន៍អន្តរជាតិចាត់ទុកសង្គ្រាមនៅអ៊ុយក្រែនជាបញ្ហាទាក់ទងនឹងសន្តិសុខ សណ្តាប់ធ្នាប់ពិភពលោកទាំងមូលផងដែរ៕