កសិដ្ឋានចិញ្ចឹម និងកែច្នៃត្រីទីឡាព្យ៉ា

កសិដ្ឋានចិញ្ចឹម និងកែច្នៃត្រីធំមួយគ្រោងនាំចេញសាច់ត្រីទីឡាព្យ៉ា ២តោនក្នុង១ខែ ទៅកាន់ប្រទេសជប៉ុននៅឆ្នាំក្រោយ


ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី និងកែច្នៃត្រី Cambodia Fresh Farm បានអះអាងថា គ្រោងនឹងនាំចេញសាច់ត្រីទីឡាព្យ៉ាទៅកាន់ប្រទេសជប៉ុននៅឆ្នាំ២០២៣ខាងមុននេះ ក្នុងរង្វង់ប្រមាណ ២តោនក្នុង១ខែ ខណៈបច្ចុប្បន្ន មានដៃគូរទីផ្សារចំនួន២១កន្លែង ក្នុងប្រទេសជប៉ុនកំពុងរង់ចាំការនាំចូលសាច់ត្រីទីឡាព្យ៉ាពីកម្ពុជា។ ទន្ទឹមនេះការផ្គត់ផ្គង់សាច់ត្រីទីឡាព្យ៉ានៅតាមទីផ្សារក្នុងស្រុកបច្ចុប្បន្ន ក៏កំពុងមានសន្ទុះគាំទ្រច្រើនផងដែរ ពិសេសនៅតាមហាង ភោជនីយដ្ឋាន និងផ្សារទំនើបនានានៅរាជធានីភ្នំពេញ។
កសិដ្ឋានចិញ្ចឹម និងកែច្នៃត្រីធំមួយគ្រោងនាំចេញសាច់ត្រីទីឡាព្យ៉ា ២តោនក្នុង១ខែ ទៅកាន់ប្រទេសជប៉ុននៅឆ្នាំក្រោយ

លោក ចាវ សួស្តី នាយកប្រតិបត្តិក្រុមហ៊ុន រ៉េនបូ អ៊ីនធើប្រាយ និងកសិដ្ឋានចិញ្ចឹម និងកែច្នៃត្រី Cambodia Fresh Farm បានប្រាប់ឲ្យដឹងថា កសិដ្ឋានរបស់លោកបានរៀបចំត្រៀមនាំចេញសាច់ត្រីទីឡាព្យ៉ាដែលបានកែច្នៃរួចទៅកាន់ប្រទេសជប៉ុននៅឆ្នាំ២០២៣ខាងមុននេះ។ ដោយបច្ចុប្បន្នកសិដ្ឋានលោកបាននឹងកំពុងពិភាក្សាជាមួយដៃគូខាងប្រទេសជប៉ុន អំពីចំនួនជាក់លាក់ ដែលអាចនាំចេញទៅបាន និងកំពុងស្វែងរកទីផ្សារបន្ថែមទៀត ខណៈបច្ចុប្បន្នមានទីផ្សារចំនួន២១ កន្លែងហើយនៅក្នុងប្រទេសជប៉ុន ដែលកំពុងរង់ចាំការនាំចូលពីកម្ពុជា។ ក្នុងការនាំចេញលើកដំបូងទៅកាន់ប្រទេសជប៉ុននេះ លោករំពឹងថា នឹងអាចនាំចេញបានចំនួនប្រមាណ ២តោនក្នុងមួយខែៗ។

អ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹម និងកែច្នៃត្រីរូបនេះបញ្ជាក់ឲ្យដឹងដែរថា បន្ទាប់ពីនាំចេញទៅប្រទេសជប៉ុនហើយនោះ ក្រុមហ៊ុនក៏នឹងមានគម្រោនាំចេញទៅបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបផងដែរ។ អ្នកទទួលទានសាច់ត្រីទីឡាព្យ៉ាភាគច្រើន គឺជាជនជាតិជប៉ុន ដោយសារតែសាច់ត្រីទីឡាព្យ៉ានេះអាចបរិភោគឆៅបាន ដូចទៅនឹងប្រភេទត្រីនៅប្រទេសជប៉ុនដែរ។

ជាមួយគ្នានេះ លោក ចាវ សួស្តី បានបញ្ជាក់ថា ត្រីឡាព្យ៉ាក្នុងកសិដ្ឋានលោក ត្រូវបានចិញ្ចឹម និងកែច្នៃទៅតាមស្តង់ដារត្រឹមត្រូវរបស់រដ្ឋបាលជលផលកម្ពុជា ក៏ដូចជាបច្ចេកវិទ្យារបស់ប្រទេសជប៉ុនផងដែរ ដែលត្រូវឆ្លងកាត់ជាច្រើនដំណាក់កាលទើបអាចសម្រេចបាននូវសាច់ត្រីដែលអាចបរិភោគឆៅបានប្រកបដោយគុណភាពល្អ និងរសជាតិឆ្ងាញ់។ ដើម្បីទទួលបានត្រីដែលមានរសជាតិឆ្ងាញ់នោះ គឺមានកត្តាធំៗចំនួន២សំខាន់ គឺទាក់ទងនឹងចំណី និងប្រព័ន្ធអុកស៊ីសែនក្នុងទឹក ជាក់ស្តែងនៅក្នុងស្រះចញ្ចឹមត្រីរបស់កសិដ្ឋានលោកនីមួយៗគឺមានរហាត់ទឹកសម្រាប់ជួយបង្កើនអុកស៊ីសែននៅក្នុងទឹក ដើម្បីឲ្យត្រីមានអុកស៊ីសែនគ្រប់គ្រាន់ នាំឲ្យត្រីមានសុខភាពល្អ។

លើសពីនេះ ដើម្បីទទួលបានសាច់ត្រីដែលមានរសជាតិឆ្ងាញ់ សាច់ត្រីណែនល្អ មិនមានខ្លាញ់ច្រើននោះ គឺជាទូទៅត្រូវប្រមូលផលត្រីដែលមានទម្ងន់ចន្លោះពី ៥០០ក្រាម ទៅ ៦០០ក្រាម ហើយត្រីទាំងនោះត្រូវបានចិញ្ចឹមក្នុងរយៈពេល៦ខែ។ បន្ទាប់ពីចិញ្ចឹមត្រីនៅក្នុងស្រះអស់រយៈពេល៦ខែ អាចប្រមូលផលបានហើយនោះ ក៏ត្រូវលើកត្រីទាំងនោះមកប្រស់ក្នុងស្រះថ្មីដែលមានទឹកស្អាតរយៈពេល៣ថ្ងៃ ដើម្បីឲ្យត្រីទាំងនោះអស់នូវសារធាតុដី និងចំណីដែលនៅក្នុងខ្លួន ទើបអាចយកត្រីទាំងនោះទៅធ្វើការសំអាត និងកែច្នៃតាមស្តង់ដារបច្ចេកទេសតាមដំណាក់កាលនីមួយៗរហូតអាចបរិភោគឆៅបាន។

សូមជម្រាបថា កសិដ្ឋានចិញ្ចឹមត្រី Cambodia Fresh Farm បច្ចុប្បន្នមានស្រះចិញ្ចឹមត្រីចំនួន២០ ស្រះ ដែលអាចចិញ្ចឹមត្រីបានប្រមាណ ២០ម៉ឺនក្បាល។ ហើយបច្ចុប្បន្នជាមធ្យមកសិដ្ឋានអាចផ្គត់ផ្គង់ត្រីទីឡាព្យ៉ាទៅដល់ហាង និងផ្សារទំនើបនានាចំនួន២៥កន្លែង នៅរាជធានីភ្នំពេញ ដែលហាងទាំងនោះភាគច្រើនជា ភោជនីយដ្ឋានជប៉ុន បារាំង ខ្មែរ ក៏ដូចជាផ្សារទំនើបអ៊ីអនជាដើម ដោយកសិដ្ឋានអាចផ្គត់ផ្គង់សាច់ត្រីចំនួនប្រមាណ ២០គីឡូក្រាមក្នុងមួយថ្ងៃ ជាមួយនឹងតម្លៃ ១៣ដុល្លារ ក្នុងមួយគីឡូក្រាម៕




អត្ថបទបន្ទាប់


ឆានលយូធូប (YouTube) របស់មិត្តហ្វូនទទួលបានអ្នកគាំទ្រ១លាននាក់ហើយ

មិត្តហ្វូន (Metfone) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា បានសម្រេចបាននូវសមិទ្ធផលមួយទៀតនៅលើបណ្ដាញសង្គម ពោល…

លោកជំទាវ ហ៊ុន ម៉ាណា ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា

ថ្នាលទូរទស្សន៍ឌីជីថលដែលជាបោះទុនវិនិយោគរួមគ្នារវាងរាជរដ្ឋាភិបាលជាមួយក្រុមហ៊ុនឯកជនបានឈានដល់ការចុះហត្ថលេខាលើឯកសារលក្ខន្តិកៈក្រុមហ៊ុនហើយ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ