សមាជិកសភាវៀតណាមចំនួន៤៤០នាក់ដែលបានចូលរួមក្នុងសម័យប្រជុំសភាកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានបោះឆ្នោតជ្រើសតាំងឧត្តមសេនីយ៍យោធា លឿន កឿង ឱ្យធ្វើជាប្រធានាធិបតីថ្មីរបស់វៀតណាម ជំនួសលោក តូ ឡឹម ដែលឡើងទៅកាន់តួនាទីជាប្រធានបក្សកុម្មុយនិស្តវៀតណាម ក្រោយពីអគ្គលេខាបក្សនេះគឺលោក ង្វៀន ភូ ទ្រុង បានទទួលមរណភាព កាលពីខែកក្កដា កន្លងទៅ។
ក្នុងសុន្ទរកថាបើកសម្ពោធតំណែងជាប្រធានាធិបតី លោក លឿង កឿង ដែលមានវ័យ៦៧ឆ្នាំបានប្តេជ្ញាបង្កើនសមត្ថភាពការពារជាតិ និងបន្តគោលនយោបាយការបរទេសឯករាជ្យ និងពហុភាគី ក៏ដូចជាពង្រឹងការការពារជាតិ និងសន្តិសុខ និងកសាងកម្លាំងទ័ពមួយ ដែលមានការហ្វឹកហ្វឺនល្អ រហ័សរហួន និងការធ្វើទំនើបកម្ម។
ប្រទេសវៀតណាម បានខិតខំជាយូរមកហើយ ដើម្បីធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ខ្លួន ដែលភាគច្រើនជាសព្វាវុធផលិតនៅប្រទេសរុស្ស៊ីសម័យសូវៀត ប៉ុន្តែប្រទេសនេះនៅមិនទាន់បានរាយការណ៍ពីកិច្ចព្រមព្រៀងសំខាន់ៗណាមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ។
មុនក្លាយជាប្រធានាធិបតី លោក លឿង កឿង បានកាន់តំណែងសំខាន់មួយនៅក្នុងជួរបក្សកុម្មុយនីស្តវៀតណាម ដោយមានឋានៈជាមន្ត្រីជាន់ខ្ពស់បំផុតទី៥នៅក្នុងប្រទេសនេះ បន្ទាប់ពីប្រធានបក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានសភា។ លោក កឿង ក៏ជាសមាជិកមួយរូបនៃការិយាល័យនយោបាយដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តដ៏កំពូលរបស់បក្សនេះផងដែរ៕
អត្ថបទ៖ សុខ មង្គល