សារព័ត៌មាន The Guardian បានរាយការណ៍កាលពីថ្ងៃទី៩ ខែវិច្ឆិកា ថា ស្ត្រីឈ្មោះ អាលីស ហួង ធ្លាប់កាន់តំណែងជានាយិការប្រតិបត្តិមជ្ឈមណ្ឌលទិន្នន័យ Megaspeed ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុននេះធ្លាប់ជាប់សង្ស័យថា បានលួចបន្លំគេចវេះពីវិធានការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាម៉េរិក ដោយបានបញ្ជូនបន្ទះឈីបទំនើបៗរបស់ NVIDIA ទៅឱ្យប្រទេសចិន។ ទោះជាយ៉ាងណាប្រវត្តិការងារ និងប្រភពដើមរបស់នាង មុនពេលឡើងកាន់តំណែងកំពូលនេះ គឺស្ទើរតែរកតម្រុយផ្ទៀងផ្ទាត់មិនបានទាល់តែសោះ។
ប្រភពដែលដឹងព័ត៌មានស៊ើបការណ៍សម្ងាត់របស់អាម៉េរិក បានប្រាប់កាសែត The New York Times ថា នាង Alice Huang ជាបុគ្គលដែលនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ និងមានបណ្តាញទំនាក់ទំនងយ៉ាងទូលំទូលាយជាមួយឥស្សរជនជាន់ខ្ពស់ក្នុងឧស្សាហកម្មបន្ទះឈីប AI ពិភពលោក។ អាជ្ញាធរជឿជាក់ថា នាងត្រូវបានគេជ្រើសរើសឱ្យមកបំពេញបេសកកម្មសម្ងាត់នេះ ដើម្បីលួចស្ទង់បច្ចេកវិទ្យាឈីប AI របស់អាម៉េរិក និងបញ្ចុះបញ្ចូលក្រុមហ៊ុន NVIDIA ឱ្យបង្កើនការនាំចេញបន្ទះឈីបកម្រិតខ្ពស់ទៅកាន់ប្រទេសចិន។
រហូតមកទល់ពេលនេះគេនៅមិនទាន់ដឹងច្បាស់ទេថា បុគ្គលទាំងពីរដែលមានត្រកូល «Huang» ដូចគ្នា ប៉ុន្តែគ្មានទំនាក់ទំនងសាច់ញាតិនឹងគ្នានោះ បានជួបគ្នាតាំងពីពេលណានោះឡើយ។ បច្ចុប្បន្ននាង អាលីស ហួង បានបាត់ស្រមោល និងលាក់ខ្លួនយ៉ាងជិត ខណៈនាងមិនទាន់បានចេញមុខធ្វើសេចក្តីថ្លែងការណ៍ណាមួយ ដើម្បីបកស្រាយការចោទប្រកាន់ទាំងនេះនៅឡើយទេ។ ដោយឡែក ភាគីចិនបានចេញមុខបដិសេធភ្លាមៗ ដោយច្រានចោលការចោទប្រកាន់នេះថា ជារឿងប្រឌិតគ្មានមូលដ្ឋាន។
ពាក់ព័ន្ធនឹងរឿងអាស្រូវនេះ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងថា ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) កំពុងស៊ើបអង្កេតលើករណីលោក ជេនសេន ហួង និងទំនាក់ទំនងស្នេហាជាមួយស្ត្រីជនជាតិចិន ដែលត្រូវគេចោទថា ជាចារកម្មរបស់ចិនរូបនេះ។
លោក ត្រាំ បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការចោទប្រកាន់ប្រឆាំងនឹងលោក ជេនសេន ហួង ដែលជាសម្ព័ន្ធមិត្តធុរកិច្ចជិតស្និទ្ធបំផុតមួយរូបរបស់លោក។ លោក ត្រាំ បានបន្ថែមថា លោកបានទូរសព្ទជជែកផ្ទាល់ជាមួយលោក ជេនសេន ហើយលោកបានអះអាងថា លោកមិនបានដឹងទាល់តែសោះថា ស្ត្រីរូបនោះជាភ្នាក់ងារចារកម្ម។ លោក ត្រាំ បានសង្កត់ធ្ងន់ថា FBI កំពុងធ្វើការលើរឿងនេះ ហើយលោកជឿជាក់ថា លោក ជេនសេន នឹងអាចជម្រះមន្ទិល និងឆ្លងផុតរឿងអាស្រូវដ៏កក្រើកនេះ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស