ផលបោះឆ្នោត

តើនឹងមានអ្វីកើតឡើងក្រោយលោក ត្រាំ ឡាំប៉ាមិនទទួលយកលទ្ធផលបោះឆ្នោតក្រោមលេសមានការលួចបន្លំ?


លោក ដូណាល់ ត្រាំ បានប្តូរជំហរ១៨០ដឺក្រេពីការព្រមទទួលស្គាល់លទ្ធផលបោះឆ្នោតពាក់កណ្តាល​អាណត្តិ​មកជាការបើកការវាយប្រហារសាជាថ្មី ដោយចោទថា ម៉ាស៊ីនបោះឆ្នោត និងការរាប់សន្លឹកឆ្នោតមុនកាលកំណត់មានការបន្លំ និងជះឥទ្ធិពលអាក្រក់លើលទ្ធផលចុងក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA។ តើសហរដ្ឋអាម៉េរិកអាចជួបព្យុះភ្លៀងនយោបាយអ្វីខ្លះ ក្រោយលោក ត្រាំ បដិសេធមិនទទួលស្គាល់លទ្ធផលបោះឆ្នោត?
ផលបោះឆ្នោត
ដោយ

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ កំពុងឡាំប៉ាមិនព្រមទទួលយកលទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិ ដោយចោទទាំងគ្មានភស្តុតាងច្បាស់លាស់ថា មានការលួចបន្លំសន្លឹកឆ្នោត។ ការប្រែប្រួលជំហរដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រជាធិបតេយ្យបានវាយបក និងដណ្តើមយកជ័យជម្នះភ្លូកទឹកភ្លូកដីទាំងនៅក្នុងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាដែលជាការបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតសម្រាប់គណបក្សសាធារណរដ្ឋ។
ការផ្លាស់ប្តូរជំហរត្រឡប់ត្រឡិនរបស់លោក ត្រាំ បានកើតឡើងតែ៦ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពលរដ្ឋអាម៉េរិកភាគច្រើនបានបដិសេធមិនបោះឆ្នោតឱ្យគណបក្សរបស់លោក ដោយបានប្រគល់សំឡេងភាគច្រើនដាច់ខាតនៅក្នុងសភាទាំងពីរទៅឱ្យគណបក្សប្រជាធិបតេយ្យ ដែលជាកំណត់ត្រាសំឡេងភាគច្រើនខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេលជិត២ទសវត្សរ៍ចុងក្រោយនេះ។
ឆ្លើយតបនឹងការចោទប្រកាន់ខាងលើ លោក ឆាក់ ស្គាំម័រ (Chuck Schumer) មេដឹកនាំសំឡេងភាគច្រើនរបស់គណបក្សប្រជាធិបតេយ្យក្នុងព្រឹទ្ធសភាបានចំអកឱ្យថា ការដែលលោក ត្រាំ ផ្លាស់ប្តូរជំហរបែបនេះ គឺជារឿងដែលគេទាយដឹងមុនទៅហើយ។ លោកបានសង្កត់ធ្ងន់ថា លោក ត្រាំ អាចរអ៊ូរទាំ ឬត្អូញត្អែរតាមចិត្តចង់ ប៉ុន្តែមិនអាចកែប្រែការពិត ដែលបានកើតឡើងនោះឡើយ។ លោកបានគូសបញ្ជាក់ថា នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយ នៃអាណត្តិប្រធានាធិបតីរបស់លោក ត្រាំ ត្រូវតែប្រឈមមុខជាមួយសភា ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យដ៏រឹងមាំបំផុតក្នុងប្រវត្តិសាស្ត្រ។
ក្រុមអ្នកវិភាគនយោបាយជឿជាក់ថា សំឡេងភាគច្រើនដាច់ខាតរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងសភា នឹងផ្តល់អំណាចយ៉ាងទូលំទូលាយដល់ពួកគេក្នុងការបើកការស៊ើបអង្កេតលើរដ្ឋបាលរបស់លោក ត្រាំ ព្រមទាំងមានសមត្ថភាពរារាំង និងកាត់បន្ថយឥទ្ធិពល នៃរបៀបវារៈនយោបាយរបស់លោក នៅពេលសមាជិកសភាថ្មីចូលកាន់តំណែងនាខែមករា ខាងមុខ។ ទោះបីជាលោក ត្រាំ នៅតែមានសិទ្ធិវេតូ ឬសិទ្ធិបដិសេធ និងអំណាចប្រតិបត្តិនៅក្នុងដៃក៏ដោយ ក៏ផ្លូវនយោបាយរបស់លោកក្នុងរយៈពេល២ឆ្នាំខាងមុខ នឹងត្រូវជួបប្រទះឧបសគ្គដ៏រឹងមាំពីសភាជាក់ជាមិនខាន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ADB ថា តំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជា ត្រូវការថវិកាជាង ៧ពាន់ពាន់ លានដុល្លារសម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរហូតដល់ឆ្នាំ ២០៤០

តំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផង ត្រូវការទឹកប្រាក់ប្រមាណ ៧,១ ពាន់លានដុល្លារ ដើម្បីវិនិយោគលើហេដ្ឋរចនាសម្ព័ន្ធចាប់ពីពេលឥឡូវនេះ រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ